ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ៖ មន្ត្រីអនុវត្តគោលនយោបាយត្រូវចុះជួយ កុំចុះរំខាន!
- ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំ២០២៤របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ រូបថត៖ ទីស្តីការគណៈរដ្ឋមន្ត្រី។
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី ផ្តាំទៅមន្រ្តីអនុវត្តគោលនយោបាយទាំងអស់ ត្រូវចុះជួយប្រជាពលរដ្ឋ ដោយកុំចុះទៅរំខាន។ លោកបានលើកឡើងបែបនេះ ក៏ព្រោះមើលឃើញការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញឱ្យរកស៊ីក្រៅប្រព័ន្ធ មកឱ្យចុះបញ្ជីផ្លូវការតាមក្រសួង-ស្ថាប័នជំនាញ គឺមានប្រសិទ្ធភាពទាប ដោយសារតែមានមន្ត្រីមួយចំនួនយកឱកាសនេះទារប្រាក់ពីអ្នករកស៊ីទាំងនោះ។

វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ត្រូវបានរដ្ឋាភិបាលកំណត់ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ក៏ប៉ុន្តែមកទល់បច្ចុប្បន្ន ភាគច្រើនលើសលុបប្រមាណ៩៧ភាគរយនៃសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាគឺស្ថិតនៅក្រៅប្រព័ន្ធ។ ជាមួយគ្នានេះ ចំនួនអង្គភាពសេដ្ឋកិច្ចបម្រើឱ្យសកម្មភាពកម្មន្តសាលដែលបានចុះបញ្ជីផ្លូវការ មានត្រឹម១៦ភាគរយប៉ុណ្ណោះ នៃអង្គភាពសេដ្ឋកិច្ចបម្រើឱ្យសកម្មភាពកម្មន្តសាលទូទៅ។
ដោយឡែក ការចុះបញ្ជីផលិតផល និងការចុះបញ្ជីសុវត្ថិភាពផលិតផល សញ្ញាបញ្ជាក់ផលិតផល និងស្តង់ដារផលិតផល គឺនៅតែមានចំនួនតិច។ លោក វង្សី វិស្សុត បានលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២៦ ខែកុម្ភៈ។ លោក បានបញ្ជាក់ថា នេះជាបញ្ហាក្រៅប្រព័ន្ធនៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ដែលត្រូវដោះស្រាយ ដើម្បីបង្កើនសមត្ថភាពផលិតកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា។
ដូច្នេះហើយ បានជារដ្ឋាភិបាលចេះតែទាញអ្នករកស៊ីក្រៅប្រព័ន្ធឱ្យចុះបញ្ជីផ្លូវការ ដើម្បីដោះស្រាយគោលនយោបាយរបស់រដ្ឋាភិបាល និងជួយទ្រទ្រង់សហគ្រាសផលិត និងសហគ្រាសសេវាករផ្សេងទៀតឱ្យនោះឱ្យទទួលបានសេវាគាំទ្ររបស់រដ្ឋ។ « អ្នកខ្លះ ចេះតែគិតថាចូលក្នុងប្រព័ន្ធផ្លូវការ គឺជាប់ពន្ធដារ។ ហ្នឹងហើយ! ម្ខាងចូលជាប់ពន្ធដារ»។ លោក វង្សី វិស្សុត ទទួលបាននូវចំណុច ក៏ប៉ុន្តែលោកបានអះអាងថា ៖ « គោលដៅធំរបស់រដ្ឋាភិបាល គឺមិនមែនរឿងពន្ធដារទេ។ ពោល គឺរដ្ឋចង់ឱ្យសហគ្រាសទាំងអស់ជ្រកក្រោមគោលនយោបាយដែលទទួលបានការគាំទ្ររដ្ឋាភិបាល ទាំងជំនួយខាងផ្នែកសេដ្ឋកិច្ច ធុរកិច្ច និងទាំងជំនួយសេវាសង្គមផ្សេងៗ។ ការគ្រប់គ្រងសម្រាប់រដ្ឋាភិបាល ដែលជាធ្វើគោលនយោបាយ ធ្វើយុទ្ធសាស្ត្រ ធ្វើផែនការ គឺត្រូវចាំបាច់នូវតួលេខ ទិន្នន័យ និងភាពច្បាស់លាស់អំពីប្រតិបត្តិការសេដ្ឋកិច្ច។
« នេះ ជាគោលនយោបាយ។ ប៉ុន្តែដល់ភាពជាក់ស្តែងនោះ វាមិនអ៊ីចឹង។ យើងដាក់គោលការណ៍ទៅ! មានត្រីងៀតឆ្លៀតពង[អ្នកអនុវត្ត]។ យើងដាក់សម្រាប់ជួយ ប៉ុន្តែមិនជួយ បែរជាចុះរំខានគេទៅវិញ»។ នេះជាចំណុចត្រូវចៀសវាង ព្រោះគោលនយោបាយរដ្ឋដាក់ឱ្យអនុវត្តនេះ គឺដើម្បីជួយ»។ នេះជាលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី។
ក្នុងរយៈពេលមធ្យម និងវែង កម្ពុជាត្រូវពង្រឹងបរិកាសវិនិយោគ និងលើកកម្ពស់ភាពប្រកួតប្រជែងបន្ថែមដើម្បីទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងទាំងពីបរទេស។ ជាពិសេស ទាក់ទាញឧស្សាហកម្មដែលកំពុងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ដើម្បីត្រៀមខ្លួនជាធ្វើមជ្ឈមណ្ឌលផលិតកម្មជំនួសដោយចាប់យកឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ និងឧស្សាហកម្មតភ្ជាប់បណ្តាញផ្គត់ផ្គង់វត្ថុធាតុដើម។ លោក វង្សី វិស្សុត បន្តនិយាយយ៉ាងដូច្នេះ៖ « ជាមួយគ្នានេះ យើងចាំបាច់ត្រូវជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម ឱ្យបានលឿនសមស្របទៅនឹងការវិវត្តនៃបរិការណ៍តំបន់ និងសកល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងនវានុវត្តន៍។»។
ដើម្បីឆ្លើយតបនឹងការលើកឡើងខាងលើរបស់លោក វង្សី វិស្សុត បច្ចុប្បន្នក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងអនុវត្តនូវ « អភិក្រម ចុះជួយ ជាជាងចុះចាប់ និងចុះពិន័យ» នៅក្នុងវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម។ លោក ហែម វណ្ណឌី បានថ្លែងនៅចំពោះមុខឧបនាយករដ្ឋមន្ត្រីប្រចាំការយ៉ាងដូច្នេះ៖ « យើងខ្ញុំ ក៏បានបន្តដុះខាត់ផ្នត់គំនិតថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់រូប ឱ្យបំពេញតួនាទីជាអាណាព្យាបាល ជាកាតាលីករ ជាអ្នកជួយសម្របសម្រួល និងជាទីពំនឹងរបស់វិស័យឯកជន ជាពិសេសគឺសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលកំពុងត្រូវការជំនួយទំនុកបម្រុង និងបំពាក់បំប៉នដើម្បីឱ្យមូលដ្ឋានសេដ្ឋកិច្ចជាតិយើងបានរីកលូតលាស់ធំធាត់»។
ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេវាកម្ម, ក្រសួងឧស្សាហកម្ម កំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ឧស្សាហកម្ម ៤.០ ស្របតាមនិន្នាការថ្មីនៃពិភពលោក ក្នុងការត្រៀមរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល។ បើតាមលោករដ្ឋមន្ត្រីឧស្សាហកម្ម ការអភិវឌ្ឍខ្លួននេះ គឺដើម្បីចាប់យកឱកាសជំរុញការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា ជំរុញ និងលើកកម្ពស់ ការស្រាវជ្រាវ និងនវានុវត្តន៍ ក៏ដូចជាការគ្រប់គ្រងនិងកាត់បន្ថយនូវហានិភ័យ ដែលអាចកើតឡើងជាយថាហេតុដោយបច្ចេកវិទ្យា។
លោក ហែម វណ្ណឌី បានអះអាងថា ៖ « បច្ចុប្បន្ន ក្រសួងកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យថ្មី និងតម្រង់ទិសថ្មី រួមជាមួយការបង្កើត និងកែសម្រួល ក្របខ័ណ្ឌគតិយុត្ត និងបទប្បញ្ញត្តិគាំទ្រពាក់ព័ន្ធនានា ដើម្បីរួមចំណែកត្រៀមកម្ពុជា ក្នុងដំណើរចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដោយជោគជ័យ»។
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យដំណើរការ«ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។ នេះជាកម្មវិធីគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ក្នុងការគាំទ្រ និងជួយសម្រួលដល់ ប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្ម ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យពលរដ្ឋអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ។ ជាពិសេស គឺធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
កន្លងមក ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ « ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ នឹងសម្រួលឱ្យរដ្ឋាភិបាលទទួលបានទិន្នន័យច្បាស់លាស់ សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា។ ពិសេស ក្នុងអំឡុងពេលមានវិបត្តិ ហើយក៏បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដូចជា ការអភិវឌ្ឍជំនាញ ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការនិងសេវាគាំពារសង្គម...ជាដើម»។
បើតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងឧស្សាហកម្ម ក្នុងឆ្នាំ២០២៤ ការចុះបញ្ជីរបស់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាលបានចំនួន ១ ២៩២មូលដ្ឋាន។ ក្នុងនោះការចុះបញ្ជីថ្នាក់កណ្តាលបាន១៧មូលដ្ឋាន, ការចុះបញ្ជីអាជីវកម្មតាមផ្ទាលបច្ចេកវិទ្យាព័ត៌មាន៣៣៨មូលដ្ឋាន, ការចុះបញ្ជីតាមបណ្តាមន្ទីរ រាជធានី-ខេត្ត មានចំនួន៨៣១មូលដ្ឋាន និងចុះបញ្ជីនៅតាមរាជធានី-ខេត្ត/ក្រុង ស្រុក/ខណ្ឌ បានចំនួន ១០៦មូលដ្ឋាន។ ក្រសួងចេញវិញ្ញាបនបត្រដំណើរការអាជីវកម្មបានចំនួន១ ០៥២មូលដ្ឋាន និង វិញ្ញាបនបត្របន្តចំនួន ១ ៣៣៨មូលដ្ឋាន ដែលបង្កើតបានការងារថ្មីបាន ២៥ ៨៣៣នាក់។ នៅក្នុងឆ្នាំ២០២៤នោះ ក៏មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មចំនួន ១.៩៥០ មូលដ្ឋាន បានបិទទ្វាតផងដែរ។ ការណ៍នេះ បានធ្វើឱ្យពលកម្មថយចុះចំនួន ១៣ ៥៧៦នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: