ក្រសួងបរិស្ថាន ត្រៀមបង្កើតគោលដៅលំហែបៃតងនៅភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ
- ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែកុម្ភៈ បានធ្វើដំណើរឡើងភ្នំខ្នងផ្សារខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យការរៀបចំគោលដៅលំហែបៃតង។ រូបភាព៖ ក្រសួងបរិស្ថាន
ក្រសួងបរិស្ថាន នឹងបង្កើត «គោលដៅលំហែបៃតង» នៅភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ ដើម្បីគាំទ្រជីវភាពសហគមន៍ តាមរយៈការបង្កើតឱ្យមានសេវាកម្មទេសចរណ៍ ការដាំដំណាំ និងចិញ្ចឹមសត្វជាដើម។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែកុម្ភៈ បានធ្វើដំណើរឡើងភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យការរៀបចំគោលដៅលំហែបៃតង។
នាដំណើរនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ការអភិវឌ្ឍគោលដៅលំហែបៃតង នេះ គឺដើម្បីតភ្ជាប់កន្លែងនីមួយៗ ដែលមានសម្បតិ្តធម្មជាតិ ឬបេតិកភណ្ឌ ឱ្យមានសកម្មភាពទេសចរណ៍ ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។
ជុំវិញការងារនេះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗបន្ថែម នាថ្ងៃទី២៧ ខែកុម្ភៈថា ការបង្កើតគោលដៅ លំហែនេះ នឹងត្រូវរៀបចំឡើង ជារបៀង ដោយផ្សារភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយ និងពីសហគមន៍មួយ ទៅសហគមន៍ ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ដូចជា ខ្នងព្រះ ខ្នងក្រពើ និងខ្នងសំពៅ ជាដើម។

បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងបរិស្ថាន នឹងរៀបចំផ្លូវតភ្ជាប់, បង្កើតកន្លែងសម្រាកតាមសហគមន៍នីមួយៗ ព្រមទាំងបង្កើតមុខរបរ ដូចជា ការដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីទាញប្រយោជន៍ផ្នែកទេសចរណ៍ គាំទ្រដល់ជីវភាពសហគមន៍ស្មើៗគ្នា។
លោក ខ្វៃ អាទិត្យា ពន្យល់បែបនេះថា៖ «ក្រសួងបរិស្ថាន នឹងរៀបចំជារបៀង។ បានន័យថា បើមានសហគមន៍ច្រើន ក្រសួង នឹងភ្ជាប់សហគមន៍ពីមួយ ទៅសហគមន៍មួយទៀត ដែលអាចឱ្យទេសចរ ចូលទស្សនាសហគមន៍ពីមួយ ទៅមួយដូចគ្នា។ ហេតុនេះ ផលិតផលទេសចរណ៍ហ្នឹង ក៏ត្រូវប្រទាក់ក្រឡាគ្នាដែរ។ បានន័យថា សហគមន៍មួយដាំបន្លែ។ ឯសហគមន៍មួយទៀត ចិញ្ចឹម(សត្វ) ហើយធ្វើការរួមគ្នា និងទទួលបានប្រយោជន៍ស្មើគ្នា។ មួយទៀតសម្រាប់តំបន់ទេសភាពដូចជា ខ្នងផ្សារ ខ្នងព្រះ ខ្នងក្រពើ និងខ្នងសំពៅ ក្រសួង នឹងរៀបចំឱ្យជម្រាលតភ្ជាប់គ្នា ដើម្បីបង្កការងាយស្រួលដល់ ទេសចរទៅតំបន់ទាំងអស់។ ជាមួយគ្នានេះ យើងក៏បង្កើតកន្លែងសម្រាកឱ្យសមរម្យសម្រាប់អ្នកទេសចរផងដែរ។»។
បច្ចុប្បន្ន ក្រសួងបរិស្ថាន រៀបចំគោលដៅលំហែបៃតង បាន២កន្លែងហើយ គឺនៅឧទ្យាន ជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ខេត្តកំពង់ស្ពឺ និងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន ខេត្តសៀមរាប។ តាមផែនការ ក្រសួងបរិស្ថាន គ្រោងបង្កើតរបៀងលំហែបៃតង នៅ តាមតំបន់ការពារធម្មជាតិ ក្នុងខេត្តចំនួន១៤ រួមមាន ខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត កែប ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី កំពង់ធំ សៀមរាប ប៉ៃលិន ព្រះវិហារ និងឧត្តរមានជ័យ៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: