លោក វង្សី វិស្សុត ឱ្យវះកាត់អ្នកបានអាជ្ញាបណ្ណធ្វើអាជីវកម្មទឹកស្អាតហើយទុកចោល
- ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំ២០២៤របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ រូបថត៖ ក្រសួងឧស្សាហកម្ម។.jpg
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ឱ្យវះកាត់អ្នកដែលបានអាជ្ញាបណ្ណធ្វើអាជីវកម្មទឹកស្អាតហើយទុកចោល ធ្វើឱ្យប្រជាជនក្នុងតំបន់នៅតែគ្មានទឹកស្អាតប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដដែល។ លោកបានបញ្ជាក់ទៅកាន់រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថា ល្មមដល់ពេលវះកាត់ក្រុមអ្នកទាំងនោះចោលហើយ។

លោក វង្សី វិស្សុត ហ៊ាននិយាយបែបនេះក៏ព្រោះតែសង្កេតឃើញប្រតិបត្តិករទឹកស្អាតមួយចំនួនដែលបានអាជ្ញាបណ្ណពីក្រសួងឧស្សាហកម្មធ្វើអាជីវកម្មទឹកស្អាតហើយតែមិនព្រមអនុវត្ត ដោយទុកឱ្យប្រជាជននៅដងទឹកអណ្តូងប្រើប្រាស់ដដែល។ « តើឧត្តមរដ្ឋមន្ត្រីជ្រាបទេកន្លែងនេះ? សូមឱ្យម៉ឺងម៉ាត់ទៅ! កុំអាងខ្នងអីច្រើនពេក វះកាត់ទៅ!។ អ្នកណាយកទៅមិនធ្វើ ទុកធ្វើអីទៀត ល្មមដល់ពេលហើយចឹងៗអីនោះ»។ ឧបនាយករដ្ឋមន្ត្រីប្រចាំការទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២៦ ខែកុម្ភៈ។
បើតាមលោក វង្សី វិស្សុត ការបណ្តោយឱ្យប្រតិបត្តិករទឹកស្អាតមួយចំនួនទុកចោលបែបនេះ គឺមិនចំណេញឡើយសម្រាប់រដ្ឋាភិបាល។ « បញ្ហានេះ ខ្ញុំឭច្រើនកន្លែងណាស់ គុណភាពសេវា គុណភាពទឹក ហើយនឹងបញ្ហាអាជ្ញាបណ្ណនេះ។ ដូច្នេះ សុំដោះស្រាយ ច្បាប់មានហើយ គោលការណ៍មានហើយ ធ្វើទៅៗ»។ ជានេះការលើកឡើងរបស់លោក វង្សី វិស្សុត ដោយបន្តនិយាយដោយសង្កត់ធ្ងន់ថា អ្នកដែលបានអាជ្ញាបណ្ណធ្វើអាជីវកម្មទឹកស្អាតពីក្រសួងឧស្សាហកម្មហើយ គឺត្រូវតែធ្វើ ហើយធ្វើឱ្យបានល្អទៀត។
បច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនទូទាំងប្រទេសមានប្រតិបត្តិករផ្តល់សេវាទឹកស្អាតដែលទទួលបានប្រកាសអនុញ្ញាតពីក្រសួងឧស្សាហកម្មចំនួន ៤៥៤ប្រកាស។ ក្នុងនោះមាន រដ្ឋាករទឹកសាធារណៈ១១ ស្មើនឹង១៤ប្រកាស រួមមាន៖ រដ្ឋាករស្វយ័តក្រុងភ្នំពេញ រដ្ឋាករទឹកស្វយ័តសៀមរាប រដ្ឋាករស្ទឹងត្រែង រដ្ឋាករទឹកបាត់ដំបង រដ្ឋាករទឹកកំពង់ចាម រដ្ឋាករទឹកក្រុងស្ទឹងសែន រដ្ឋាករកំពត រដ្ឋាករទឹកមណ្ឌលគិរី រដ្ឋាករទឹកពោធិ៍សាត់ រដ្ឋាករទឹកស្វាយវៀង រដ្ឋាករទឹកស្ទោង-តាំងក្រសាំង និងប្រត្តិបត្តិកតផ្គត់ផ្គង់ទឹកស្អាតឯកជនមានចំនួន៤៤០ប្រកាស ដែលផលិតបរិមាណទឹកស្អាតបានចំនួន ៥៣០លានម៉ែត្រគូប។
របាយការណ៍ប្រចាំឆ្នាំ២០២៤របស់ក្រសួងឧស្សាហកម្មបានបង្ហាញថា មកដល់បច្ចុប្បន្ននេះ ការភ្ជាប់តំណទឹកស្អាតជូនអតិថិជនមានចំនួន ១,៤៣៤,០៣៨តំណ។ ចំនួននេះ ស្មើនឹង ៤០,៤ភាគរយ ធៀបនឹងចំនួនគ្រួសារសរុបទូទាំងប្រទេស (ដោយសន្មត់ថាតំណ ទាំងអស់ ជាតំណភ្ជាប់ជូនផ្ទះប្រជាពលរដ្ឋ(Residential Connections) និង ១តំណ ស្មើនឹង ១គ្រួសារ)។
ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម បានផ្តល់អាជ្ញាបណ្ណជូនប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតបានចំនួន ៥០៦ ភូមិ សម្រាប់ឆ្នាំ២០២៤។ មកដល់សព្វថ្ងៃ ការផ្តល់អាជ្ញាបណ្ណជូនប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតមានចំនួនសរុប១០,៦៥៩ភូមិ ដែលស្មើនឹង ៤៩,៩ភាគរយ ធៀបនឹងចំនួនភូមិសរុប ទូទាំងប្រទេស។ ក្នុងនោះ ភូមិបានបណ្តាញទឹកស្អាតមានចំនួន ៧,២៦៩ភូមិ ស្មើនឹង ៦៨,១ភាគរយ ធៀបនឹងចំនួនភូមិសរុបក្នុងតំបន់សេវាកម្ម។
ដើម្បីសម្រេចបាននូវគោលដៅទឹកស្អាតឆ្នាំ ២០៣០ ក៏ដូចជា SDG6, លោក ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម បានលើកឡើងថា បច្ចុប្បន្នក្រសួងកំពុងផ្តោតលើការពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋក្នុងការគ្រប់គ្រងវិស័យទឹកស្អាត និងប្រមែប្រមូលធនធានបន្ថែមគ្រប់ទម្រង់នៃការវិនិយោគទាំងសាធារណៈនិងឯកជន។ លោកបានបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាត ដែលមិនត្រឹមតែសម្រាប់ការប្រើប្រាស់ប្រចាំជីវភាពប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករជំរុញបរិវត្តកម្មសេដ្ឋកិច្ចនៅគ្រប់មូលដ្ឋាន៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: