សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អង្គាសថវិកាសាងសង់«បុស្បុកកម្កល់ប្រតិមាព្រះពិស្ណុការ»
- ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

រូបភាព៖ សាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី ស្ថិតនៅខណ្ឌជ្រោយចង្វារ គ្រោងសាងសង់ បុស្បុកកម្កល់ ប្រតិមាព្រះពិស្ណុការធ្វើអំពីស្ពាន់ ក្នុងបរិវេណសាលាដើម្បីគោពបូជា។ ការសាង សង់នេះគ្រោងចំណាយថវិកាប្រមាណជិត ៨ម៉ឺនដុល្លារ សម្រាប់សំណង់ និងជាង ១ម៉ឺនដុល្លារ សម្រាប់ប្រតិមាព្រះវិស្ណុការសាងអំពីស្ពាន់។ នេះបើតាមការផ្សាយរបស់សាលាភូមិន្ទវិចិត្រសិល្បៈ ដែលកំពុងរកជំនួយពីសប្បុរសជន ព្រោះខ្វះថវិកាសាងសង់។

ព្រះពិស្ណុការ ជាទេព នៃព្រហ្មញ្ញសាសនា តំណាងឱ្យស្ថាបត្យកម្ម និងគ្រូធំនៃសិល្បករ។ បើតាមសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ការសាងសង់នេះ ក្រៅពីគោរពបូជា ក៏ជួយឱ្យបរិវេណសាលាកាន់តែស្រស់ត្រកាល និងសមរម្យជាគ្រឹះស្ថានបណ្តុះបណ្តាលសិល្បៈ វប្បធម៌ជាតិ ទៀតផង។ សាលាចាត់ទុកជំនួយពីសប្បុរសជន គឺជាការចូលរួមចំណែក រក្សាអត្តសញ្ញាណ និងដួងព្រលឹងជាតិដល់កូនចៅជំនាន់ក្រោយ។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានអំពាវនាវដូច្នេះ៖« ដោយសារតែជួបប្រទះការខ្វះខាតថវិកា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សូមអំពាវនាវដល់សម្តេច ទ្រង់ ឯកត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា សាស្ត្រាចារ្យ មន្ត្រីរាជការ អតីតនិស្សិត និស្សិតនិងលោកអ្នកសប្បុរសជនក្នុងស្រុក និងក្រៅស្រុកទាំងអស់ មេត្តាចូលរួមជួយជាថវិកាក្នុងការកសាងសំណង់សក្ការៈនេះ តាមកម្លាំងសទ្ធា។»។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានសម្ពោធកាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣ ដែលមាន មហាវិទ្យាល័យ ចំនួន ៥ និងមជ្ឈមណ្ឌលមួយ រួមមានមហាវិទ្យាល័យ បុរាណវិទ្យា មហាវិទ្យាល័យ ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មហាវិទ្យាល័យសិល្បៈសូរូប មហាវិទ្យាល័យតូរ្យតន្ត្រី និងមហាវិទ្យាល័យសិល្បៈ នាដសាស្ត្រ។ ការសាងសង់សាលាថ្មីនេះ ក្រោមហេតុផលទីតាំងសាលាចាស់ ដែលនៅជាប់សារមន្ទីរជាតិ មានទីធ្លាតូចចង្អៀត និងក្រសួងវប្បធម៌ មានបំណងពង្រីកទីធ្លាសារមន្ទីជាតិ៕
អ្នកសរសេរអត្ថបទ
លោក តុប វណ្ណារ៉ា (Top Vannara) ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែមករា ឆ្នាំ២០២៤ លោក តុប វណ្ណារ៉ា ចូលបម្រើការងារជាអ្នកហាត់ការនៅសារព័ត៌មានថ្មីៗ។ លោក តុប វណ្ណារ៉ា ជាអ្នកសារព័ត៌មានថ្មីៗ ដែលផ្តោតលើព័ត៌មានអប់រំ វប្បធម៌ និងផលិតវីដេអូតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ