បញ្ហាតម្លៃ ចំណត និងរឿងតូចៗ! នាយករដ្ឋមន្ត្រី ​ឱ្យរាជធានី-ខេត្ត រៀបចំ​ជាស្តង់ដា កុំចាំ​​ទេស​ចរ ថតបង្ហោះ
  • ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៥:៣៩ នាទី ល្ងាច
បញ្ហាតម្លៃ ចំណត និងរឿងតូចៗ! នាយករដ្ឋមន្ត្រី ​ឱ្យរាជធានី-ខេត្ត រៀបចំ​ជាស្តង់ដា កុំចាំ​​ទេស​ចរ ថតបង្ហោះ

ភ្នំពេញ៖ ពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ឱ្យ​អភិបាល​រាជធានី-ខេត្ត បន្ត​ជំរុញ​ការ​រៀបចំ​គោលដៅ​​ទេសចរណ៍​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួនឱ្យ​មាន​ស្ដង់ដា និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ។ លើសពីនេះ សម្ដេច ក៏​ឱ្យ​អភិបាលរាជធានី-ខេត្ត ចាត់វិធានការ និង​ដោះស្រាយ​បញ្ហាឱ្យបាន​លឿន​ កុំចាំទាល់តែ​មាន​លើកឡើងពីមហា​ជន​បង្ហោះ​លើ​បណ្ដាញសង្គម។
TTN-Free-Banner-In-Article-PC


ក្នុង​បរិការណ៍ឌីជីថល និងបច្ចេកវិទ្យាសិប្បនិម្មិតជឿនលឿន​ សម្ដេច ហ៊ុន ម៉ាណែត ​ឱ្យ​អភិបាលរាជធានី-ខេត្ត មាន​ស្មារតីបុរេសកម្ម ម្ចាស់ការដោះស្រាយបញ្ហាទេសចរណ៍​ក្នុងមូលដ្ឋានរបស់​ខ្លួន​។ «ត្រូវ​ធានាគុណភាពសេវាកម្ម ​តម្លៃ ​ចំណត និង​បញ្ហា​​តូច​តាចនានា កុំចាំទាល់តែមានលើកឡើងពីមហាជនបង្ហោះលើបណ្ដាញសង្គម»។ សម្ដេច ហ៊ុន ម៉ាណែត មាន​ប្រសាសន៍បែបនេះ។ 

នាឱកាស​នោះសម្ដេចនាយករដ្ឋមន្រ្តី ក៏​រំឭក​ពីករណី​បាយឆា តម្លៃ៦​ម៉ឺនរៀល​ នៅខេត្ត​កែបនាពេល​កន្លងមកផងដែរ។ សម្ដេច លើកឡើងដូច្នេះ៖«រឿង​វា​តូច​មួយ​ តែត្រូវចាត់វិធានការឱ្យ​លឿន ដើម្បី​ដោះស្រាយ​ភ្លាមៗ កុំឱ្យ​នៅរ៉ាំរ៉ៃ»។ 

សម្ដេច ហ៊ុន ម៉ាណែត ពន្យល់ថា តាំងពីដើម រឿងល្អ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍នោះទេ តែរឿងមិនល្អមួយ គឺ​និយាយត​គ្នា ជាពិសេស​សម័យ AIនេះ ផ្សព្វផ្សាយ​លឿន ដែល​ចាំបាច់​ត្រូវ​ឆ្លើយតបឱ្យបាន​លឿន។ ត្រង់ចំណុចសម្ដេច បាន​សង្កត់ធ្ងន់លើគោលដៅទេសចរណ៍ និងភាពអវិជ្ជមាន​នៃ​វិស័យ​ទេសចរណ៍​។ 

បញ្ហាអសកម្មនេះ សម្ដេច ហ៊ុន ម៉ាណែត អះអាងថា អាចធ្វើឱ្យទេសចរណ៍ងាក​ទៅលេង​គោលដៅទេសចរណ៍ផ្សេង។ ចំពោះបញ្ហានេះ សម្ដេច ថា ជារឿងដែលត្រូវ​យក​ចិត្ត​ទុក​ដាក់៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ