សម្ដេច ហ៊ុន ម៉ាណែត ពន្យល់ពីមូលហេតុផ្អាកមជ្ឈមណ្ឌលសិក្សាទំនើប
- ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៦:៣១ នាទី ល្ងាច

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
ភ្នំពេញ៖ ក្រោយប្រកាសលុបមជ្ឈមណ្ឌលសិក្សាទំនើបកាលពីម្សិលមិញ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានពន្យល់ពីមូលហេតុទៅកាន់ប្រជាពលរដ្ឋ និងអាណាព្យាបាលសិស្ស។ សម្ដេច ក៏បានអះអាងបន្ថែមថា មិនមានបិទសាលារៀនជំនាន់ថ្មីនោះទេ ប៉ុន្តែផ្អាកមជ្ឈមណ្ឌលសិក្សាទំនើប។

ពីពិធីបិទសន្និបាតបូកសរុបការងារក្រសួងទេសចរណ៍ សម្ដេច ហ៊ុន ម៉ាណែត បានពន្យល់បន្ថែមពីការយល់ច្រឡំរបស់សាធារណជន និងប្រជាពលរដ្ឋជុំវិញសាលារៀនជំនាន់ថ្មី និងមជ្ឈមណ្ឌលសិក្សាទំនើប។ សម្ដេចនាយករដ្ឋមន្រ្តី អះអាងថា មិនបានបិទសាលារៀនជំនាន់ថ្មីនោះទេ ពោលគឺផ្អាកមជ្ឈមណ្ឌលសិក្សាទំនើប ដែលមាននៅសាលាបឋម និងអនុវិទ្យាល័យ ចំនួន ១៨។
«ខ្ញុំសូមបញ្ជាក់ថា សាលា២នេះ ខុសគ្នា សាលាជំនាន់ថ្មី និងមជ្ឈមណ្ឌលសិក្សាទំនើប។ ចំពោះសាលាជំនាន់ថ្មី គឺកំពុងមានដំណើរការចំនួន១៣ និងគ្រោងពង្រីកមួយទៀត នៅឆ្នាំ២០២៦ គឺយើងអត់មានគម្រោងបិទសាលាជំនាន់ថ្មីទេ»។ នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្តី ដោយបន្តថា សាលាជំនាន់ថ្មី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
បើតាមសម្ដេច សាលាជំនាន់ថ្មី រដ្ឋជាអ្នកគ្រប់គ្រង ដែលមានស្ដង់ដាតែមួយ ដែលនាយក និងគ្រូ រួមទាំងកម្មវិធីសិក្សា គឺជារបស់រដ្ឋ។ សាលារៀនជំនាន់ថ្មី បានអនុវត្តស្ដង់ដាតែមួយសម្រាប់សិស្សទាំងអស់។ សម្ដេច សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល មិនបញ្ឈប់សកម្មភាពរបស់សាលារៀននេះទេ ប៉ុន្តែបញ្ឈប់ការបង់លុយរបស់អាណាព្យាបាល។
ហេតុអ្វីបានជាសម្ដេច ហ៊ុន ម៉ាណែត ឈានទៅបញ្ឈប់មជ្ឈមណ្ឌលសិក្សាទំនើប? សម្ដេច បកស្រាយដូច្នេះ៖«មជ្ឈមណ្ឌលសិក្សាទំនើបនេះ ស្រដៀងនឹងសាលាជំនាន់ថ្មី ដែលជារូបមន្ត BOT [ការសហការរវាងឯកជន និងរដ្ឋ] របស់ក្រុមហ៊ុនឯកជន ដែលវិនិយោគរយៈពេល ១៥ឆ្នាំ នៅក្នុងសាលារដ្ឋ»។
សូមអញ្ជើញស្ដាប់ការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត៖
តាមរយៈគម្រោងនេះ សាលារដ្ឋបានផ្ដល់អាគារមួយចំនួន ដល់ក្រុមហ៊ុនឯកជន ដើម្បីអនុវត្តគម្រោងការអប់រំដូចសាលាឯកជន ពោលយកកម្មវិធីជាតិ បូកនឹងកម្មវិធីបន្ថែម។ សម្ដេច បន្តថា សាលារៀនទាំងមូលគ្រប់គ្រងដោយរដ្ឋ ប៉ុន្តែអាគារមួយចំនួនជាការគ្រប់គ្រងរបស់ឯកជន។
សម្ដេច ពន្យល់បន្ថែមថា៖«សាលានេះ [មជ្ឈមណ្ឌលសិក្សាទំនើប] បង្រៀនពេញម៉ោង ដោយប្រើទីតាំងរដ្ឋ ប្រើអាគាររដ្ឋ ប្រើគ្រូរដ្ឋ ប្រើម៉ោងរដ្ឋ ដើម្បីបង្រៀនឯកជន។ សាលា មានកម្មវិធី២ មួយរបស់ថ្នាក់ជាតិ និងមួយទៀតបន្ថែមកុំព្យូទ័រដូចសាលាឯកជន»។
បើតាមសម្ដេចនាយករដ្ឋមន្រ្តី ភាពខុសគ្នារវាងសាលាជំនាន់ថ្មី គឺសិស្សបែងចែកជា២ ដោយសិស្សបង់លុយរៀនផ្សេង និងមិនបង់រៀនផ្សេង។ ពាក់ព័ន្ធនឹងបញ្ហានេះ ទើបសម្ដេច ចាត់ទុកថាអនុវត្តស្ដង់ដាពីរ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាទំនើប បានចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ២០២០ ដែលបច្ចុប្បន្នមានក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន១៨ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន។ មជ្ឈមណ្ឌលសិក្សាទំនើប ជាកម្មវិធីដែលផ្តល់ការសិក្សាពេញមួយថ្ងៃ ចាប់ពីកម្រិតមត្តេយ្យ៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com