តើអ៊ុយក្រែន និងអាម៉េរិក កំណត់លក្ខខណ្ឌអ្វីខ្លះក្នុងកិច្ចព្រមព្រៀងទាញយករ៉ែ?
  • ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ១១:២៩ នាទី ព្រឹក
តើអ៊ុយក្រែន និងអាម៉េរិក កំណត់លក្ខខណ្ឌអ្វីខ្លះក្នុងកិច្ចព្រមព្រៀងទាញយករ៉ែ?
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី (ឆ្វេង) និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក

តាមការប្រកាសរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងធ្វើទស្សនកិច្ចនៅអាម៉េរិក ក្នុងថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាញយកធនធានរ៉ែ និងពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី ស្របពេលសង្រ្គាមនៅតែបន្ត។ តាមរយៈកិច្ចព្រមព្រៀងរ៉ែនេះ អ៊ុយក្រែន នឹងទទួលជំនួយពីអាម៉េរិកជាច្រើនពាន់លានដុល្លារ។ តើកិច្ចព្រមព្រៀងនេះ នឹងមានកំណត់ពីលក្ខខណ្ឌអ្វីខ្លះ?
TTN-Free-Banner-In-Article-PC


តាមការចុះផ្សាយរបស់សារព័ត៌មានលោកខាងលិច អ៊ុយក្រែន និងអាម៉េរិក បានបើកភ្លើងបៃតងសម្រាប់កិច្ចព្រមព្រៀងទាញយកធនធានធម្មជាតិដ៏ច្រើន។ យ៉ាងណាមិញ កិច្ចព្រមព្រៀងពេញលេញមិនទាន់ត្រូវបានបញ្ចេញឡើយ ស្របពេល លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នឹងបំពេញទស្សនកិច្ចនៅអាម៉េរិក ដើម្បីចុះហត្ថលេខា។ លោក ដូណាល់ ត្រាំ ធ្លាប់អះអាងថា​ កិច្ចព្រមព្រៀងនេះ អាចមានតម្លៃរហូតដល់ ១ទ្រីលានដុល្លារ។ 

ក្នុងកិច្ចសម្ភាសមួយ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បានបញ្ជាក់ថា កិច្ចព្រមព្រៀងបឋមលើការទាញយករ៉ែ បានអនុញ្ញាតឱ្យបង្កើមមូលនិធិវិនិយោគរួម ដើម្បីជួយកសាងប្រទេសឡើងវិញ។ ការគ្រប់គ្រងមូលនិធិនេះ នឹងត្រូវបែងចែកភាគលាភដោយស្មើគ្នា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ 

តាមការចុះផ្សាយរបស់កាសែតNew York Times អាម៉េរិកអាចទទួលបានការប្រាក់ពីមូលនិធិក្នុងចំនួនអតិបរិមា ដោយផ្អែកតាមច្បាប់អាម៉េរិកអនុញ្ញាត។ ប៉ុន្តែវាមិនច្បាស់ឡើយ ថាតើអាម៉េរិកបកស្រាយចំណុចនេះបែបណា។ 

ទន្ទឹមនេះ អ៊ុយក្រែននឹងរួមចំណែកហិរញ្ញវត្ថុ ៥០ភាគរយដែលរកចំណូលបានពីក្រុមហ៊ុនរដ្ឋហ្គាស ប្រេង និងរ៉ែ សម្រាប់ដាក់ចូលទៅក្នុងមូលនិធិរួមនោះ។ 

កន្លងមក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងកៀវ បានខ្វែងគំនិតគ្នាលើជំនួយអាម៉េរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន ទៅអ៊ុយក្រែន។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានស្វះស្វែងរកការសងសំណង ៥០០ពាន់លានដុល្លារពីអ៊ុយក្រែន ដោយលើសពីចំនួនពិតប្រាកដ ដែលអាម៉េរិកផ្តល់ឱ្យអ៊ុយក្រែនរហូតដល់ ៥ដង។ តាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ Kiel រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយដល់ក្រុងកៀវប្រមាណ ១២០ពាន់លានដុល្លារ។ 

ប៉ុន្តែលក្ខខណ្ឌមួយនេះ ត្រូវទម្លាក់ចោលហើយ ព្រោះអ៊ុយក្រែនបដិសេធមិនចុះហត្ថលេខា ក្រោមហេតុផលមិនចង់ឱ្យមនុស្ស ៤ជំនាន់សងបំណុល។ ផ្អែកតាមកិច្ចព្រមព្រៀងខាងលើ ធនធានរ៉ែលើសពី៥០ភាគរយ នឹងអាចទាញយកចេញពីក្នុងដី។ 

បើទោះភាគីទាំងពីរ បានឯកភាពគ្នាលើកិច្ចព្រមព្រៀង ប៉ុន្តែអាម៉េរិក មិនបានផ្តល់ការធានាសន្តិសុខជាផ្លូវការសម្រាប់អ៊ុយក្រែនឡើយ។ រដ្ឋាភិបាលក្រុងកៀវ ចង់បានការធានាពីក្រុងវ៉ាស៊ីនតោន ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបង្ការការឈ្លានពានរបស់ក្រុងមូស្គូជាថ្មី។ ផ្ទុយទៅវិញ អាម៉េរិក មិនចង់បញ្ជូនទ័ពជាកម្លាំងការពារសន្តិភាពទីនោះឡើយ ដ្បិតវាត្រូវការចំណាយខ្ពស់ ខណៈរដ្ឋបាលលោក ត្រាំ ក្នុងពេលបច្ចុប្បន្នចង់កាត់បន្ថយចំណាយ ហើយឱ្យអឺរ៉ុបទទួលខុសត្រូវ ព្រោះជាប់របងផ្ទះរបស់ខ្លួន។ 

តាមប្រភពមន្រ្តីអ៊ុយក្រែនប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កិច្ចពិភាក្សានៅតែបន្តលើចំណុចការធានាសន្តិភាពរវាងក្រុងកៀវ និងក្រុងវ៉ាស៊ីនតោន។ 

អ៊ុយក្រែនជាប្រទេសមួយនៅតំបន់អឺរ៉ុបខាងកើត ដែលសម្បូរធនធានធម្មជាតិ និងរ៉ែជាច្រើន ដោយមានប្រមាណ ៥ភាគរយនៃធនធានរ៉ែលើពិភពលោក។ ប៉ុន្តែវាមិនមែនបានន័យថា ធនធានទាំងអស់នោះអាចយកបានដោយងាយស្រួលឡើយ ស្របពេលដែនដីដែលមានរ៉ែខ្លះ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ លើសពីនេះ ដែនដីអ៊ុយក្រែនមួយភាគធំនៅភាគខាងកើត សម្បូរដោយមីន។ 

រុស្ស៊ី ដែលជាភាគីសង្រ្គាម ក៏ធ្លាប់ឯកភាពលើការរួមគ្នាជាមួយអាម៉េរិក ដើម្បីវិនិយោគរួមគ្នាលើធនធានរ៉ែ នៅក្នុងដែនដីអ៊ុយក្រែនផងដែរ។ 

អ៊ុយក្រែន ជាប្រទេសផលិតសារធាតុម៉ង់កាណែស ស្ថិតនៅលំដាប់ទី៨ ក្នុងពិភពលោក, ទីតានៀម (Titanium) នៅលំដាប់ទី១១, សារធាតុ Graphite នៅលំដាប់ទី១៤។ សារធាតុទាំងអស់នេះ សុទ្ធតែជាចំណែកក្នុងការផលិតអាគុយ សម្រាប់រថយន្តអគ្គិសនី, អាវុធ និងតួកង្ហារខ្យល់សម្រាប់ផលិតអគ្គិសនី៕

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ