ក្រសួង​អប់រំ កំពុងស្វែងរកថវិកាដើម្បីទទួលយក«កម្មវិធីសិក្សាទំនើប»ឱ្យ​សិស្សបានសិក្សាគ្រប់គ្នា
  • ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ២:២៩ នាទី រសៀល
ក្រសួង​អប់រំ កំពុងស្វែងរកថវិកាដើម្បីទទួលយក«កម្មវិធីសិក្សាទំនើប»ឱ្យ​សិស្សបានសិក្សាគ្រប់គ្នា
លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ​ ដើម្បី​បន្ត​ផ្ដល់ការអប់រំ​ប្រកបដោយគុណភាពនៅតាមសាលារៀនចំនួន១៨ ដែលបាន​អនុវត្ត​កម្មវិធីសិក្សាទំនើប ក្រសួងអប់រំ កំពុងស្វែងរកថវិកា ដើម្បីទទួលយក«កម្មវិធីសិក្សាទំនើប» និងផ្តល់ឱកាសដល់សិស្ស១០០ភាគរយ ក្នុងសាលាអាចសិក្សារៀនសូត្រតែម្តង។ នេះបើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំស្ដីពី​ការបន្តដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី និងការលុបចោលកម្មវិធីសិក្សាទំនើប។
TTN-Free-Banner-In-Article-PC


ក្នុង​ពិធី​បិទ​សន្និ​បាត​ការងារអប់រំ​ឆ្នាំ​២០២៥ សម្ដេច​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​សម្រេច​លុប​ចោល​មជ្ឈមណ្ឌល​សិក្សា​ទំនើប​ ដែល​មាន​នៅសាលារៀន​ចំនួន ១៨។ ក្រោយ​ការ​សម្រេចចិត្ត​របស់​សម្ដេច​ ហ៊ុន ម៉ាណែត មាន​ប្រជា​ពលរដ្ឋ​យល់ច្រឡំថា ក្រសួងអប់រំ នឹងលុបចោលកម្មវិធីសាលារៀនជំនាន់ថ្មី។ ក្រសួង​អប់រំ បញ្ជាក់ច្បាស់ថា ដោយមានការគាំទ្រពីរដ្ឋាភិបាល ក្រសួងនឹងនៅតែបន្តអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី និងបន្តវិនិយោគបន្ថែមទៀត។​

ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កម្មវិធីសិក្សាទំនើប ដែលបានអនុវត្តដោយក្រុមហ៊ុនឯកជនវិញ ក្រសួងអប់រំ យុវជន និង​កីឡា អះអាងថា កម្មវិធីនោះ ជាកិច្ចសហការរវាងផ្នែកឯកជនជាមួយនឹងសាលារៀនផ្ទាល់ និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងឡើយ។ បច្ចុប្បន្ន កម្មវិធី​សិក្សាទំនើប កំពុង​អនុវត្ត​នៅតាមសាលាបឋមសិក្សា ចំនួន ១៨ ដែល​មានសិស្ស ៤ ៣០០ នាក់ កំពុង សិក្សារៀនសូត្រ។​

ក្រសួងអប់រំ លើកឡើងដូច្នេះ៖«កម្មវិធីនេះ អនុវត្តខុសពីនីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងបង្កើតឱ្យមានការរើសអើងរវាងសិស្ស ដែលកំពុងសិក្សាក្នុងថ្នាក់តែមួយ ដែលមានលទ្ធភាពបង់ប្រាក់ និងសិស្សដែលគ្មានលទ្ធភាពបង់ប្រាក់ ព្រមទាំងបង្កើតឱ្យមានស្តង់ដាពីរក្នុងសាលារៀនតែមួយ»។ 

ជាមួយ​គ្នានេះ ដើម្បីបន្តផ្តល់ការអប់រំប្រកបដោយគុណភាពនៅតាមសាលាបឋមសិក្សាខាងលើ ក្រសួងអប់រំ កំពុងស្វែងរក ថវិកា ដើម្បីទទួលយក «កម្មវិធីសិក្សាទំនើប» និងផ្តល់ឱកាសដល់សិស្ស ១០០ ភាគរយ ក្នុងសាលាសិក្សារៀនសូត្រតែម្តង។ 

ដោយ​ឡែក​សាលារៀនជំនាន់ថ្មី ក្រសួងអប់រំ​បញ្ជាក់ថា សាលានេះ គឺជាគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួងអប់រំ ដែលផ្តល់ជាគំរូអភិបាលកិច្ចល្អ ស្តង់ដាវិជ្ជាជីវៈខ្ពស់ និងផ្តល់ការអប់រំមានគុណភាពខ្ពស់។ បើតាម​ក្រសួងអប់រំ សាលារៀនជំនាន់ថ្មី ផ្តោតលើការអនុវត្តកម្មវិធីសិក្សាពេញលេញ ផ្តល់ឱកាសសិក្សាពេញមួយថ្ងៃ អនុវត្តវិធីសាស្ត្របង្រៀនទំនើបតាមបែបរិះរក ការដោះស្រាយបញ្ហា។

លើសពីនេះ ការ​សិក្សា​នៅសាលា​រៀនជំនាន់ថ្មី គឺជា​ការសិក្សាតាមបែបគម្រោង កម្មវិធីបច្ចេកវិទ្យា ដែលបណ្តុះទាំងវិជ្ជាសម្បទា បំណិនសតវត្សទី២១ ជាពិសេសបំណិនសហការត្រិះរិះពិចារណា ទំនាក់ទំនង លើកកម្ពស់ស្វ័យសិក្សា ការស្រាវជ្រាវរបស់សិស្ស និងការរៀបចំពិព័រណ៌ស្នាដៃសិស្សជាដើម។ សាលារៀនជំនាន់ថ្មី បានបំពាក់សម្ភារៈ និងបរិក្ខាររៀន និងបង្រៀនទំនើប និងរៀបចំបណ្ណាល័យសតវត្សទី២១ បន្ទប់ពិសោធន៍ ដែលអាចឱ្យគ្រូបង្រៀន និងសិស្សប្រើប្រាស់បច្ចេកវិទ្យា និងភាសាបរទេសផងដែរ៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ