អ្នកភូមិច្រេសតែងខ្លួនប្លែកៗក្នុងពិធីបុណ្យឡើងមាឃ
  • ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
អ្នកភូមិច្រេសតែងខ្លួនប្លែកៗក្នុងពិធីបុណ្យឡើងមាឃ
ការតុបតែងខ្លួនក្នុងពិធីប្រទក្សិណ

សៀមរាប៖ អ្នកភូមិច្រេស ស្រុកប្រាសាទបាគង នៅរក្សាទំនៀមពិធីបុណ្យឡើងមាឃបានខ្ជាប់ខ្ជួន មិនចាញ់អ្នកភូមិនៅក្បែរតំបន់ប្រាសាទប៉ុន្មានទេ។ គ្រាន់តែបុណ្យភូមិមួយនេះ ក្មេងៗគេនិយមតែងខ្លួន លាបមុខលាបមាត់ប្លែកៗ បង្កើតភាពអ៊ូអរ និងរីករាយពេញភូមិ។
TTN-Free-Banner-In-Article-PC


កាលពីអត្ថបទមុន ខ្ញុំបានលើកឡើងពីពិធីបុណ្យឡើងមាឃនៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទ ដែលអ្នកភូមិនេះ ប្រកាន់ខ្ជាប់កិច្ចពិធីចំថ្ងៃ៣កើត ខែមាឃ តែម្ដង។ ជាភូមិទី១ដែលខ្ញុំបានឃើញ​គេរៀបចំកម្មវិធីកម្សាន្តច្រើន ដូចជាមានរោងល្ខោន កម្មវិធីប្រដាល់ ល្បែងកម្សាន្ត និងមានការលក់ដូរ ២យប់២ថ្ងៃ។ ក្នុងនោះក៏មានការលេងលាបមុខលាបមាត់ តែងខ្លួនប្លែកៗ ខ្លះតែងជារូបបិសាច រូបសត្វ និងត្លុកជាដើម។

អ្នកភូមិច្រេស ដែលស្ថិតនៅឃុំកណ្ដែកដែរនោះ ក៏មានពិធីសប្បាយដូចគ្នានេះដែរ។ ពិធីបុណ្យ​​​ឡើងមាឃ​របស់អ្នកភូមិច្រេសធ្វើឡើងរយៈពេល២ថ្ងៃ ដែលឆ្នាំនេះចំថ្ងៃទី២២ និង២៣ ខែកុម្ភៈ។​ មែនទែនទៅ ប្រហែលជាភូមិចុងក្រោយគេ ដែលប្រារព្ធពិធីនេះនៅក្នុងខែមាឃ បើគិតទៅ គឺចូលថ្ងៃ១០ និង១១ រោច ខែមាឃទៅហើយ ខណៈដែលអ្នកភូមិភាគច្រើនដែលបន្តធ្វើបុណ្យនេះ តែងធ្វើនៅដើមខែមាឃ។ អ្នកភូមិភាគច្រើននិយមធ្វើនៅរាល់ថ្ងៃ ៣កើត ខែមាឃ។
ចាស់ទុំជួបគ្នារៀបចំគ្រឿងរណ្ដាប់ពិធីបុណ្យឡើងមាឃ។

នៅពេលព្រឹកថ្ងៃទី១ ដែលជាថ្ងៃចូលរោង ខ្ញុំបានទៅឃើញចាស់ទុំមានស្រីប្រុសជិត១០នាក់ កំពុងអង្គុយលើកន្ទេលមុខសាលាឆទាន និងរៀបចំបាយសី ស្លាធម៌ និងគ្រឿងរណ្ដាប់ខ្លះៗ សម្រាប់ត្រៀមក្នុងពិធីសូត្រមន្តនៅពេលរសៀល។ ទីនោះខ្ញុំបានជួបនិយាយជាមួយលោក អ៊ីវ វ៉ែន ជាចាស់ទុំមួយរូប ដែលលោកកំពុងដឹកនាំរៀបចំគ្រឿងរណ្ដាប់។ តាមពិតទៅលោកជាអ្នកភូមិ ឃុនមោឃ ប៉ុន្តែដោយសារលោកចេះរៀបចំកិច្ចពិធីនេះ ទើបអ្នកភូមិច្រេសពឹងលោកមកជួយរៀបចំ។

មានវ័យ ៧៣ឆ្នាំ លោកតា អ៊ីវ វ៉េន ពន្យល់ថា គ្រឿងរណ្ដាប់សំខាន់ៗក្នុងកិច្ចពិធីឡើងមាឃ មានដូចជា បាយសី៥ថ្នាក់២គូ បាយសី៣ថ្នាក់៤គូ ស្លាធម៌២៥គូ បាយសីប៉ាកឆាម២០គូ គ្រែព្រះធម៌១៣ និងគ្រឿងសំណែនមួយចំនួនទៀតដូចជា ក្បាលជ្រូក មាន់ស្ងោ ផ្លែឈើ ភេសជ្ជៈ បារី ម្លូ ស្លា ទៀន ធូប។ល។

មេភូមិច្រេស លោក អ៊ុង សារី ប្រាប់ថា បុណ្យឡើងមាឃ មានអត្ថន័យដូចបុណ្យដារលាន បុណ្យភូមិ ឬបុណ្យឡើងអ្នកតាដូច្នោះដែរ។ លោកក៏មិនដឹងច្បាស់ថា ចាស់ទុំក្នុងភូមិ​ចាប់ធ្វើពិធីបុណ្យនេះ​តាំងពី​ពេលមកដែរ គឺតាំងពីលោកដឹងក្តីមក ក៏ឃើញតែចាស់ទុំជុំគ្នា​ប្រារព្ធពិធីបុណ្យនេះជាប់រហូត​មកដល់​ សព្វថ្ងៃ។ ជាចាស់ទុំ និងថ្នាក់ដឹកនាំភូមិ លោក អ៊ុង សារី តែងរៀបចំគណៈកម្មការធ្វើបុណ្យនេះ និងកំណត់យក​ថ្ងៃ​មួយដែលពលរដ្ឋ ពិសេសសិស្សានុសិស្សទំនេរពីការងារ។ លោក សារី បញ្ជាក់ថា មិនកំណត់ថ្ងៃជាក់លាក់ទេ គឺធ្វើនៅថ្ងៃមួយក្នុងខែមាឃ និងជាថ្ងៃចុងសប្ដាហ៍។ លោកពន្យល់ដូច្នេះថា៖« ធ្វើនៅតែធ្វើរៀងរាល់ឆ្នាំ សំខាន់ពេលវេលា មិនកំណត់ថ្ងៃណាៗទេ ភូមិច្រេសកំណត់យកថ្ងៃសៅរ៍ អាទិត្យ ថ្ងៃពលរដ្ឋក្នុងភូមិ ពិសេសសិស្សសម្រាក ដែលយើងអាចប្រើគាត់បម្រើភ្ញៀវបាន ហើយមន្រ្តីរាជការ​ក៏អាចឆ្លៀត​មកចូលរួមដែរ»។ 

ភូមិច្រេសមានពលរដ្ឋសរុប ៥៥៧គ្រួសារ និងមានជាង២ពាន់នាក់។ អ្នកភូមិភាគច្រើនមានរបរធ្វើ ស្រែចម្ការ ជាកម្មករ និងមន្រ្តីរាជការ។ ពលរដ្ឋពឹងអាស្រ័យខ្លាំងលើរបរស្រែចម្ការ និងដាំបន្លែចម្រុះ។ ឡើងមាឃជាបុណ្យរួម ដូច្នេះអ្នកភូមិមានកាតព្វកិច្ចជួយជាធនធានថវិកា អង្ករ និងកម្លាំង។ នៅឆ្នាំនេះ គណៈកម្មការបានតម្រូវឱ្យអ្នកភូមិមួយគ្រួសារជួយជាអង្ករ៤គ.ម និងនំបញ្ចុក៣គ.ម ។ ចំពោះថវិកាវិញ សម្រាប់អ្នកធូរធារតម្រូវឱ្យជួយ៥ម៉ឺនរៀល អ្នកធន់កណ្ដាល៣ម៉ឺនរៀល ក្រៅពីនោះ ១ម៉ឺនរៀល និង២ម៉ឺនរៀល។ លោក សារី បញ្ជាក់ថា ថវិកាទាំងនោះគណៈកម្មការយកទៅប្រើប្រាស់សម្រាប់ ការជួលរោងល្ខោនបាសាក់ និមន្តព្រះសង្ឃ និងសល់ប៉ុន្មានទុកអភិវឌ្ឍន៍ក្នុងភូមិ។ 
ពិធីសូត្រមន្តនៅសាលាឆទាន ភូមិច្រេស

នៅវេលាម៉ោង១រសៀលថ្ងៃទី១ អ្នកភូមិមកជុំគ្នានៅសាលាឆទាន ដើម្បីចូលរួមពិធីសូត្រមន្តចូលរោង។ អំឡុងពេលនោះ អ្នកភូមិបានយកនំបញ្ចុក អង្ករ និងថវិកាសម្រាប់ចូលរួមបុណ្យជាមួយអាចារ្យផងដែរ។ ចំពោះអ្នកភូមិ បាននាំស្រូវម្នាក់មួយចង្អេរៗ មកដាក់នៅទីតាំងសម្រាប់ប្រារព្ធពិធីពូនភ្នំស្រូវ នៅព្រឹកថ្ងៃបន្ទាប់។ 
 ប្រទក្សិណជុំវិញភ្នំស្រូវ

ពិធីដង្ហែប្រទក្សិណ៣ជុំ ជុំវិញភ្នំស្រូវ និងការតុបតែងខ្លួនប្លែកៗ

លុះដល់ព្រឹកថ្ងៃទី២ អ្នកភូមិ និងអ្នកខាងក្រៅភូមិដែលត្រូវបានអញ្ជើញ មកចូលរួមបុណ្យ និងពិសានំបញ្ចុកជុំគ្នានៅសាលាឆទាន។ នៅវេលាម៉ោង១០ព្រឹក បន្ទាប់ពីលោកសូត្រមន្ត ទេសនា រាប់បាត្រ និងឆាន់រួច ក៏មានពិធីដង្ហែប្រទក្សិណ៣ជុំ ជុំវិញភ្នំស្រូវ និងបរិវេណសាលាឆទាន។ ក្នុងនោះ ក៏មានការតុបតែងប្លែកៗ និងការរាំរែកសប្បាយរីករាយពីប្រជាពលរដ្ឋ ដែលភាគច្រើនជាយុវវ័យ។

លោក អ៊ុង សារី បញ្ជាក់ថា ពិធីបុណ្យពូនភ្នំស្រូវ និងពូនភ្នំខ្សាច់នេះ ធ្វើឡើងដើម្បីបួងសួងសុំសេចក្តីសុខ និងអរគុណដល់ម្ចាស់ទឹក ម្ចាស់ដី ពពួកទេវតា អារក្ខ គោ ក្របី ដែលជាអ្នកមានគុណ បម្រើសេចក្តីត្រូវការ របស់មនុស្ស។ ពិធីនះក៏ដើម្បីបញ្ជាក់ថា វដ្ដស្រូវឆ្នាំចាស់បានបញ្ចប់ហើយ។ 
ការតុបតែងខ្លួនក្នុងពិធីប្រទក្សិណ

ចំពោះការគូសមុខគូសមាត់របស់យុវវ័យវិញ មេភូមិច្រេស លោក អ៊ុង សារី អះអាងថា មិនមែនជាទំនៀមពីបុរាណទេ វាទើបកកើតឡើងថ្មីៗប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលក្មេងៗពួកគេចង់សប្បាយ។ លោក សារី បន្ថែមថា៖« ប្រពៃណីយើង មានតែស្លៀងពាក់ស្អាតបាត សព្វថ្ងៃកែច្នៃ មានគូសជាយក្ស គូសត្លុក ដែលក្មេងៗគាត់ឃើញគេជិតខាងធ្វើ ក៏ធ្វើតាមទៅ»។

ជាប្រពៃណីដ៏យូរលង់ហើយ លោក អ៊ុង សារី ប្ដេជ្ញាចូលរួមថែរក្សាពិធីបុណ្យនេះ មិនឱ្យដាច់ឡើយ។ លោកចាត់ទុកបុណ្យនេះ ថាជាផ្នែកមួយបង្កើតភាពជួបជុំគ្នារបស់អ្នកភូមិ និងបន្សល់អារម្មណ៍រីករាយ ក៏ដូចជាភាពសាមគ្គីគ្នា។ លោកបន្ថែមថា​ក្មេងៗស្របាលក្រោយ ពួកគេមានភារកិច្ចថែរក្សាទំនៀមនេះ បន្ទាប់ពីចាស់ៗ៕
ពិសានំបញ្ចុកនៅក្នុងបុណ្យឡើងមាឃ 

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី