២ខែនេះ ទេសចរជាង ៣ម៉ឺននាក់ ទៅទស្សនាប្រាសាទព្រះវិហារ និងកោះកេរ
  • ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
២ខែនេះ ទេសចរជាង ៣ម៉ឺននាក់ ទៅទស្សនាប្រាសាទព្រះវិហារ និងកោះកេរ

ភ្នំពេញ៖ រយៈពេល២ខែដើមឆ្នាំ២០២៥ ភ្ញៀវទេសចរជាង ៣ម៉ឺននាក់ បានចូលទស្សនាប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។ ក្នុងនោះ ប្រាសាទកោះកេរ មានទេសចទៅទស្សនាជាង ១ម៉ឺននាក់។ នេះបើតាមសេចក្តីប្រកាសរបស់ អាជ្ញាធរជាតិព្រះវិហារ។
TTN-Free-Banner-In-Article-PC


គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានទេសចរចំនួន ១៧ ៥០៧នាក់ ដោយភ្ញៀវបរទេសមានចំនួន ៣ ៦៣៧នាក់។ ចំណែក រមណីយដ្ឋានប្រាសាទកោះកេរ មានទេសចរជាតិចំនួន ១៣ ៦៤០នាក់។ 

ចំពោះទិន្នន័យទេសចរជាង ៣ម៉ឺននាក់នេះ កើនឡើងបើធៀបនឹងចំនួនទេសចរ ទៅទស្សនារមណីយដ្ឋានទាំងពីរនោះក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ដែលទទួលទេសចរ ២ម៉ឺននាក់ប៉ុណ្ណោះ ក្នុងនោះរមណីយដ្ឋានព្រះវិហារមានភ្ញៀវចំនួន ១៤ ៥៧៦នាក់ និងប្រាសាទកោះកេរ មានភ្ញៀវ ១៣ ៥៩២នាក់។ 

បច្ចុប្បន្ននេះ ក្រុមការងារកំពុងរៀបចំសោភ័ណភាព​នៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋាន ប្រាសាទព្រះវិហារ ដូចជាកាត់ដើមឈើ និងកាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ នៅទីតាំងសំខាន់ៗ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងសាធារណជន។ ក្រៅពីនេះ ពេញមួយឆ្នាំ២០២៤ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលភ្ញៀវទេសចរបានចំនួន ២១៨ ០០០នាក់  ក្នុងនោះ រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានទេសចរ ៩២ ១០៣នាក់ និង រមណីយដ្ឋានប្រាសាទកោះកេរ បាន ១២៥ ៩៨៧នាក់។​ 

សូមជម្រាបថា ប្រាសាទព្រះវិហារ ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​។ ចំពោះ ប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ