រដ្ឋមន្រ្តីមុខងារ រំឭកពីការលះបង់របស់អ្នកដឹកនាំជំនាន់មុន ដែលអ្នកជំនាន់ក្រោយមានកាតព្វកិច្ចបន្តថែរក្សាសន្តិភាព
  • ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
រដ្ឋមន្រ្តីមុខងារ រំឭកពីការលះបង់របស់អ្នកដឹកនាំជំនាន់មុន ដែលអ្នកជំនាន់ក្រោយមានកាតព្វកិច្ចបន្តថែរក្សាសន្តិភាព
លោក​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ រូបភាពពីក្រសួងមុខងារសាធារណៈ។

ភ្នំពេញ៖ ពីពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ លោក ហ៊ុន ម៉ានី បានរម្លឹកពីសមិទ្ធផលនៃសុខសន្តិភាព ដែលរកបានដោយលំបាក ក្រោមការលះបង់របស់អ្នកជំនាន់មុន។ សម្រាប់​លោក​ឧបនាយករដ្ឋមន្រ្តី​ ភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន គឺជាសមិទ្ធផលនៃការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរជនជំនាន់មុន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងយកជីវិតធ្វើជាដើមទុនក្នុងបុព្វហេតុសន្តិភាពដែលមានសព្វថ្ងៃ។
TTN-Free-Banner-In-Article-PC


លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ បាន​លើកពី​ដំណើរបន្តស្វែងរកសន្តិភាព បង្រួបបង្រួមជាតិកម្ពុជា ក្នុង​ពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តមួយ នៅ​ខេត្ត​តាកែវ។ ជាថ្នាក់ដឹកនាំ​យុវជន​មួយដ៏មាន​សក្ដានុពល លោក ហ៊ុន ម៉ានី មិនអាចបំភ្លេចបាននូវការលះបង់របស់​អ្នកជំនាន់មុន ជាពិសេសសម្ដេច ហ៊ុន សែន បានឡើយ។

«ក្នុងដំណើរបន្តស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ ឯកភាពជាតិ និងផ្សះផ្សាជាតិ បញ្ចប់សង្គ្រាមនៅកម្ពុជា គឺមិនអាចបំភ្លេចបាននូវការលះបង់ដ៏ធំធេងក្នុងបុព្វហេតុជាតិមាតុភូមិរបស់អ្នកជំនាន់មុន ជាពិសេសសម្ដេច ហ៊ុន សែន បានឡើយ ដោយលោកបានដាក់ជីវិតធ្វើជាដើមទុនក្នុងដំណើរសង្រ្គោះជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍»។ លោក ហ៊ុន ម៉ានី រំឭកដូច្នេះ ដោយបន្តថា សម្ដេច ហ៊ុន សែន គឺជាស្ថាបនិក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពជូនជាតិនិងប្រជាជន។



លោក ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា ​សមិទ្ធផលថ្ងៃនេះ កើតចេញពីការដឹកនាំក្រោមបេសកកម្មធំៗចំនួន២ នៅក្នុងជីវិតរបស់សម្ដេចតេជោ។ បេសកកម្មទាំងនោះ គឺ​ការ​មិនឱ្យប្រជាពលរដ្ឋរងទុក្ខវេទនាដូចអតីតកាល ជាពិសេសដូចជារបបប្រល័យពូជសាសន៍ ប៉ុល ពត និងការ​ប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិឥតឈប់ឈរ។

សម្រាប់លោកឧបនាយករដ្ឋមន្រ្តី ភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន ជាសមិទ្ធផលនៃការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរជនជំនាន់មុន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងយកជីវិតធ្វើជាដើមទុនក្នុងបុព្វហេតុសន្តិភាពដែលមានសព្វថ្ងៃ។ នេះបើតាម​ក្រសួង​មុខងារសាធារណៈ៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ