គម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភ្នំពេញសម្រេចបាន៩០ភាគរយហើយ
  • ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
គម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភ្នំពេញសម្រេចបាន៩០ភាគរយហើយ

ភ្នំពេញ៖ គម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភ្នំពេញ និងខេត្តជុំវិញភ្នំពេញសម្រេចបាន៩០ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា ក្នុងវេទិកាសារព័ត៌មាន ស្ដីការគ្រប់គ្រងសក្កានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្រ្តកម្ពុជា នៅថ្ងៃទី ១ ខែមីនា។
TTN-Free-Banner-In-Article-PC


ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 



បញ្ហាទឹកលិចទីក្រុង បានប៉ះពាល់ទៅដល់ការរស់នៅប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ដើម្បីដោះស្រាយលើបញ្ហានេះ រដ្ឋាភិបាលបានធ្វើគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកពីភ្នំពេញក្នុងឆ្នាំ២០២៣ ដោយនឹងបញ្ចប់នៅឆ្នាំ២០២៦។ បើតាមលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម គម្រោងដែលនៅសល់ប្រមាណ១០ភាគរយទៀត ចំណាយពេលធ្វើយូរ ដោយសារការរៀបចំសំណង់សិល្បៈការ្យ។  

 លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងវេទិកាសារព័ត៌មាន ស្ដីការគ្រប់គ្រងសក្កានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្រ្តកម្ពុជា ។  រូបភាព មឿន ម៉ាក់ថុង 

លោក ថោ ជេដ្ឋា បានពន្យល់ពីការធ្វើសំណង់សិល្បៈការ្យដូច្នេះ៖ «ការធ្វើប្រឡាយដីលឿនទេ ប៉ុន្តែសំណង់សិល្បៈការ្យយូរ ដែលយើងមានជាង២០០កន្លែង។ សំណង់សិល្បៈការ្យ ជាអ្វី?  សំណង់សិល្បៈការ្យ គឺនៅលើប្រព័ន្ធធារាសាស្រ្តមានស្ពានដើម្បីឆ្លងកាត់ព្រោះពេលយើងធ្វើប្រឡាយលើស្ពានខ្លះតូច ពេលយើងពង្រីកប្រឡាយយើងត្រូវសង់ស្ពានថ្មី។ មួយទៀតសំណង់ប្រព័ន្ធរំដោះទឹក ក៏ជាសំណង់សិល្បៈការ្យដែរ។ មានន័យថា យើងធ្វើប្រឡាយទឹកធំហើយ យើងត្រូវមានកន្លែងរំដោះទឹក និងមានទ្វារបញ្ជាទឹកកុំឱ្យលិច និងកុំឱ្យខ្វះទឹក»។ 

គម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកនេះ បានចំណាយថវិកាអស់ប្រមាណជិត៣០០លានដុល្លារ ដោយក្នុងនោះមានប្រឡាយទឹកពង្វាងទឹកចំនួន១០ខ្សែ ប្រវែង២៦០គីឡូម៉ែត្រ។ បើតាម លោក ថោ ជេដ្ឋា គម្រោងនេះមិនត្រឹមតែរំដោះទឹកចេញពីទីក្រុងនោះទេ ប៉ុន្តែការរំដោះទឹកនេះ ក៏ជួយផ្គត់ផ្គង់ទឹកទៅដល់ផ្នែកខ្លះក្នុងខេត្តតាកែវដែលមិនទាន់មានប្រព័ន្ធធារាសាស្រ្តទៀតផង៕ 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ​ ThmeyThmey25។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ុត រស្មី