សម្តេចព្រះវររាជមាតា៖ ស្រ្ដីជាមូលធនមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសារ និងសង្គម
- ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៥៩ នាទី យប់

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល
ភ្នំពេញ៖ ព្រះរាជសារ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានបង្ហាញពីព្រះរាជបំណងចង់ឱ្យប្រជាពលរដ្ឋខ្មែរ ចូលរួមទាំងអស់គ្នាក្នុងលើកកម្ពស់ស្ត្រីសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ នេះបើតាមព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី សម្រាប់ជាការអបអរសាទរទិវាអន្តរជាតិនារីលើកទី១១៤ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ។

តាមរយៈព្រះរាជសារសម្តេចព្រះវររាជមាតា បានសរសើរសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលខិតខំបំពេញការងារ ដើម្បីប្រទេស និងសរសើរសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលខំលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រី និងបានកំណត់តម្លៃស្រ្ដីថា «ស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។
សម្តេចព្រះវររាជមាតា មានព្រះរាជបន្ទូលក្នុងព្រះរាជសារយ៉ាងដូច្នេះ៖«ខ្ញុំ សូមជូនពរកូនចៅជាស្រ្តីទាំងអស់ទទួលបាននូវកិច្ចគាំពារ ការគាំទ្រ និងឱកាសពេញលេញ ដើម្បីបន្តបញ្ចេញសក្តានុពលរបស់ខ្លួនក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិយើងជាបន្តទៅមុខទៀត»។
បន្ថែមពីនេះ សម្តេចព្រះវររាជមាតា ក៏បានសរសើរក្រសួងកិច្ចការនារី រាជរដ្ឋាភិបាល និងស្ថានប័នពាក់ព័ន្ធ បានចូលរួមលើកកម្ពស់ស្រ្តី ដើម្បីស្រ្តី និងក្មេងស្រី បានទទួលនូវកិច្ចការពារសិទ្ធ និងផលប្រយោជន៍ តាមរយៈការទទួលស្គាល់ ការផ្តល់តម្លៃ និងចាត់ទុកស្រ្តី ក្មេងស្រីជាមូលធនមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចគ្រួសារ និងសង្គម។
ព្រះមហាក្សត្រី ក៏បានថ្លែងអំណរព្រះរាជគុណ ចំពោះសម្តេចសង្ឃទាំងពីរគណៈ និងថ្លែងអំណរគុណចំពោះស្ថាប័នរដ្ឋនិងឯកជនទាំងអស់ ដែលបានខិតខំលើកកម្ពស់សមភាពយេនឌ័រ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ទទួលបានឱកាសបង្កើនសមត្ថភាព សេចក្តីសុខចម្រើនក្នុងគ្រួសារ និងសង្គម និងបង្កើនភាពអង់អាចដល់ស្រ្ដីគ្រប់រូបនៅកម្ពុជា ផ្តោតសំខាន់ក្នុងការធ្វើការរួមគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: