រដ្ឋមន្រ្តីព័ត៌មាន គាំទ្រ និងជំរុញឱ្យសារព័ត៌មានឌីជីថលថ្មីៗ ផលិតស្នាដៃសៀវភៅបន្ថែមទៀត
- ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១:៤៣ នាទី រសៀល

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងសំណេះសំណាលជាមួយលោក គី សុខលីម សហស្ថាបនិក និងក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ នាទីស្តីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣ មីនា កុម្ភៈ។
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានគាំទ្រ និងជំរុញឱ្យក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ចងក្រង និងផលិតស្នាដៃសៀវភៅបន្ថែមទៀត។ រដ្ឋមន្រ្តីព័ត៌មាន ថ្លែងបែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយលោក គី សុខលីម សហស្ថាបនិក និងក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ នាទីស្តីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣ មីនា។

លោក នេត្រ ភក្រ្តា ចាត់ទុកស្នាដៃសៀវភៅ«លើសពីអង្គរ» ដែលរៀបចំឡើងដោយក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ គឺជាវណ្ណកម្មថ្មីទៀត បង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់រស់រវើករបស់ពលរដ្ឋ និងតំបន់អង្គរ។ បើតាមលោក ភក្ត្រា វណ្ណកម្មមួយនេះ ក៏ជាការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។
«សៀវភៅនេះ នឹងជួយឱ្យភ្ញៀវទេសចរយល់ដឹងពីវប្បធម៌រស់ មរតករស់ ប្រពៃណី ទំនៀមទម្លាប់ សាសនារស់រវើកនៅតំបន់អង្គរ។ នៅពេលភ្ញៀវទេសចរយល់ដឹងពីរឿងរ៉ាវទាំងអស់នេះ ទើបធ្វើឱ្យពួកគេមានអារម្មណ៍ស្ញប់ស្ញែង និងស្ងើចសរសើរដល់ភាពអច្ឆរិយ និងភាពអស្ចារ្យនៃទឹកដីអង្គរខ្មែរយើង»។ នេះបើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មាន។
កន្លងមក មានមតិជាច្រើនលើកឡើងថា មកដើរកម្សាន្តនៅតំបន់ប្រាសាទ នៅទឹកដីអង្គរ គឺបានត្រឹមតែមើលថ្មប្រាសាទប៉ុណ្ណោះ ហើយទាល់តែចេះនិយាយជាមួយថ្ម ទើបអាចយល់ពីអត្ថន័យប្រាសាទ។ ត្រង់ចំណុចនេះ លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការចងក្រងសៀវភៅពីតំបន់អង្គរច្រើននោះ នឹងជួយឱ្យពួកគេយល់តម្លៃពីថ្មប្រាសាទទាំងនេះ ។ បើតាមរដ្ឋមន្រ្តីព័ត៌មាន នៅពេលពលរដ្ឋយល់ពីតម្លៃនៃថ្មប្រាសាទហើយ ទើបពួកគេអាចនិយាយជាមួយថ្មប្រាសាទបាន។
ជាមួយគ្នានេះក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ បានជូនសៀវភៅ«លើសពីអង្គរ» និង«អ្នកថែអង្គរ» ចំនួន១៥ក្បាល ប្រគល់ជូនរដ្ឋមន្រ្តីក្រសួងព័ត៌មានផងដែរ។ ជាការគាំទ្រដល់ស្នាដៃទាំងនេះ រដ្ឋមន្រ្តីព័ត៌មាន ក៏បានជួយជាវសៀវភៅ«លើសពីអង្គរ» ចំនួន១០០ក្បាលថែមទៀតផង។ លោក នេត្រ ភក្ត្រា ក៏ជំរុញឱ្យក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ចងក្រង និងផលិតស្នាដៃសៀវភៅពីតំបន់អង្គរបន្ថែមទៀត។
ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ កំពុងរៀបចំវណ្ណកម្មមួយទៀត ដែលរំលេចពីរឿងរ៉ាវផ្សេងៗ លើទឹកដីអច្ឆរិយមួយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: