ដឹកជញ្ជូនរហ័សទាន់ចិត្ត! ផ្គាប់ចិត្តអតិថិជន ឬសុវត្ថិភាពតាមដងផ្លូវជាចម្បង?
- ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:២៩ នាទី រសៀល

ភ្នំពេញ៖ សម័យបច្ចេកវិទ្យាឌីជីថល កាន់តែផ្ដល់ភាពងាយស្រួលទៅដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ លើការបញ្ជាទិញសម្ភារ ឬចំណីអាហារនានា ដោយមិនចាំបាច់ទៅដល់ទីតាំង។ សេវាកម្មដឹកជញ្ជូនដ៏សម្បូរបែប កំពុងបម្រើសេវាកម្មអតិថិជនយ៉ាងរហ័សទាន់ចិត្ត នាពេលបច្ចុប្បន្ន។ ដើម្បីផ្គាប់ចិត្តអតិថិជន អ្នកដឹកជញ្ជូនខ្លះ ព្យាយាមបើកបរក្នុងល្បឿនលឿន ដោយហាក់មិនគិតពីសុវត្ថិភាពលើដងផ្លូវឡើយ។ តើវាចាំបាច់ទេ សម្រាប់ការបើកបរលឿននេះ?

មុននឹងឆ្លើយសំនួរនេះ យើងត្រូវក្រឡេកមើលលើការងារដឹកជញ្ជូនសិន។ បើយើងមើលនឹងភ្នែកទទេ ប្រាកដជាសន្មតថា ការងារដឹកជញ្ជូន មានភាពងាយស្រួលណាស់ សម្រាប់ការងារប្រចាំថ្ងៃ ពោលគឺគ្រាន់តែបើកបរដឹកទំនិញ ឬចំណីអាហារពីក្រុមហ៊ុន ស្ថាប័ន និងកន្លែងលក់ដូរ ទៅកាន់អតិថិជនប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្ដែង វាមិនដូច្នោះទេ។ ការងារដឹកជញ្ជូន ត្រូវប្រឈមមុខច្រើន ជាមួយអតិថិជនផង និងគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវផង។
នៅពេលទៅដល់ដៃអតិថិជនយឺតយ៉ាវ ក៏តែងតែមានការរអ៊ូរទាំ ហើយអ្នកខ្លះថែមទាំងរាយការណ៍ទៅក្រុមហ៊ុនទៀត។ បើមានការត្អូញត្អែរច្រើនទៅកាន់ក្រុមហ៊ុន អ្នកដឹកជញ្ជូនក៏ប្រឈមបាត់បង់ការងារផងដែរ។ កត្តានេះហើយ ទើបវាជំរុញឱ្យក្រុមអ្នកដឹកជញ្ជូនទាំងនោះ ព្យាយាមបើកបរក្នុងល្បឿនលឿន ដើម្បីបម្រើសេវាកម្មផ្គាប់ចិត្តអតិថិជន។ ម្យ៉ាងទៀត ចម្ងាយផ្លូវពីកន្លែងមួយ ទៅកន្លែងមួយ សម្រាប់ដឹកជញ្ជូនទំនិញ និងចំណីអាហារទៅឱ្យអតិថិជន ក៏ជាកត្តាជំរុញឱ្យពួកគេ ត្រូវបើកបរលឿន។
កត្តាកម្រៃជើងសារ! បើដឹកជញ្ជូនបានច្រើន ពួកគេក៏ទទួលកម្រៃបានច្រើន។ មតិមួយចំនួនរិះគន់ថា កត្តាអាយុ ឬភាសាសាមញ្ញ និយាយថា «ក្មេងឈាមរាវ» ក៏ជាការរួមចំណែកឱ្យពួកគេហ៊ានបើកបរហួសល្បឿនដែរ ព្រោះអ្នកដឹកជញ្ជូនភាគច្រើន គឺជាយុវជន។
កន្លងមក គេសង្កេតឃើញក្រុមយុវជនដឹកជញ្ជូនទំនិញនេះ បើកបរក្នុងស្ថានភាពលឿន យ៉ាងប្រញាប់ប្រញាល់ ដោយជិះវ៉ាជែងអ្នកដំណើរដទៃទៀត សូម្បីតែភ្លើងស្តុបក្រហមហើយ សឹងតែមិនឈប់ផង។ បន្ថែមពីនេះ ក៏ធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកដឹកជញ្ជូនទំនិញ និងអ្នកដំណើរលើដងផ្លូវផងដែរ។
ដូច្នេះដើម្បីផ្គាប់ចិត្តអតិថិជន តើអ្នកដឹកជញ្ជូនខ្លះ ត្រូវតែបើកបរលឿន? ទេ វាមិនចាំបាច់ទាល់តែបើកបរលឿននោះទេ។ ត្រង់ចំណុចនេះ វាទាមទារឱ្យមានការយោគយល់ និងអធ្យាស្រ័យគ្នា រវាងអតិថិជន អ្នកដឹកជញ្ជូន និងក្រុមហ៊ុនផ្ដល់សេវាកម្មនានា។ ជាធម្មតា អតិថិជន តែងតែចង់បានទំនិញ និងសេវាកម្មភ្លាមៗ រហ័សទាន់ចិត្តពីក្រុមហ៊ុន និងអ្នកដឹកជញ្ជូន។ ប៉ុន្តែបើសិនជាទំនិញ ឬអីវ៉ាន់នោះ មានការយឺតយ៉ាវវិញ អតិថិជន ត្រូវរក្សាចិត្តឱ្យស្ងប់ ហើយសួរនាំទៅកាន់ក្រុមហ៊ុនផ្ដល់សេវាកម្មទាំងនោះ ដើម្បីទទួលបានព័ត៌មានសមស្របណាមួយ។
ដោយឡែកក្រុមហ៊ុន និងស្ថាប័នផ្ដល់សេវាកម្ម ក៏ត្រូវជូនព័ត៌មានទៅកាន់អតិថិជនវិញផងដែរ នៅពេលដែលទំនិញ ឬអីវ៉ាន់យឺតយ៉ាវ ដឹកមិនទាន់ឱ្យភ្ញៀវ។ ចំណែកអ្នកដឹកជញ្ជូនវិញ ក៏ត្រូវទាក់ទងទៅភ្ញៀវ ពីពេលវេលាជាក់លាក់ណាមួយ ក្នុងការយកទំនិញឱ្យអតិថិជន ដើម្បីកុំឱ្យពួកគេទន្ទឹងរង់ចាំ។ បើសិនជាដល់ពេលកំណត់ហើយ ប៉ុន្តែនៅតែយឺតយ៉ាវទៀតនោះ អ្នកដឹកជញ្ជូនត្រូវជូនដំណឹងទៅភ្ញៀវម្ដងទៀត ពីហេតុផលនៃការយឺតយ៉ាវ ដើម្បីឱ្យអតិថិជនស្ងប់ចិត្ត។ ការធ្វើបែបនេះ ក៏បង្ហាញពីទង្វើទទួលខុសត្រូវខ្ពស់ ជាពិសេសផ្ដល់ទំនុកចិត្តដល់អតិថិជនទៀតផង។
សរុបមក ការយោគយល់ និងអធ្យាស្រ័យគ្នា រវាងអតិថិជន អ្នកដឹកជញ្ជូន និងក្រុមហ៊ុនបែបនេះ មិនត្រឹមតែអាចដោះស្រាយបញ្ហារវាងអ្នកលក់ និងអ្នកទិញនោះទេ តែវាជាផ្នែកមួយនៃការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវផង ព្រោះអ្នកដឹកជញ្ជូន មិនចាំបាច់ត្រូវបើកបរបែបប្រញាប់ប្រញាល់ និងហួសល្បឿនឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: