កាណាដាព្រមានចាត់វិធានការសងសឹក បើអាម៉េរិកដាក់ពន្ធតាមការគ្រោងទុកនៅថ្ងៃទី៤ ខែមីនា
- ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:២៩ នាទី រសៀល

លោក ចាស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា ។ រូបភាព ៖ AFP
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានប្រកាសនៅថ្ងៃទី២ ខែមីនា ថា កាណាដានឹងឆ្លើយតបយ៉ាងខ្លាំងក្លា និងសមាមាត្រទៅវិញ ប្រសិនបើអាម៉េរិកហ៊ានដាក់ពន្ធលើការនាំចូលទំនិញរបស់កាណាដាក្នុងសប្តាហ៍នេះ។ នេះបើតាមសារព័ត៌មាន National Post ។

ពន្ធដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងនឹងដាក់លើទំនិញកាណាថា គឺដោយសារតែវិបត្តិនៃការរត់ពន្ធថ្នាំយ៉ាងគំហុកពីប្រទេសនេះ។ ទោះជាយ៉ាងណា លោក ទ្រូដូ បានបញ្ជាក់ថា តិចជាង១ភាគរយនៃការរត់ពន្ធថ្នាំចូលទឹកដីអាម៉េរិកមានប្រភពមកពីកាណាដា ប៉ុន្តែរដ្ឋាភិបាលកាណាដានៅតែចាត់វិធានការយ៉ាងសកម្មដើម្បីកាត់បន្ថយចំនួននេះ។
«ការពិតគឺច្បាស់ណាស់ថាកាណាដាមិនមែនជាបញ្ហារបស់ថ្នាំ fentanyl ខុសច្បាប់ចូលមកអាម៉េរិកទេ។ យើងមានតិចជាង ១ភាគរយ នៅពេលដែលយើងចាប់ផ្តើមនិយាយអំពីរឿងនេះជាច្រើនខែមុន ហើយវាទាបជាងពេលនេះ។ យើងដឹងថារដ្ឋបាលអាម៉េរិកនឹងមានជម្រើសមួយចំនួនលើពន្ធ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាង យើងនឹងធ្វើការដើម្បីធ្វើឱ្យប្រាកដថាមិនមានពន្ធគយនៅថ្ងៃទី៤ ខែមីនា»។ លោក ទ្រូដូ បានបញ្ជាក់បែបនេះ។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិកលោក Howard Lutnick បានថ្លែងនៅថ្ងៃទី២ ខែមីនាថា ពន្ធដែលអាម៉េរិកដាក់លើកាណាដា និងម៉ិកស៊ិកនឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនា ទោះបីជាមន្ត្រីរូបនេះបានបន្ថែមថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់បញ្ជាក់ថាតើលោកនឹងរក្សាពន្ធ ២៥ភាគរយ ដែលបានគ្រោងទុកពីដើមឬយ៉ាងណា។
នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ បានគូសបញ្ជាក់ម្តងហើយម្តងទៀតថា កាណាដាមិនចង់បានសង្រ្គាមពាណិជ្ជកម្មជាមួយអាម៉េរិកទេ ប៉ុន្តែរដ្ឋាភិបាលរបស់លោកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារផលប្រយោជន៍ជាតិ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: