សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោង​ចំណាយ​ជាង​ ៨ លានដុល្លារ ក្នុងឆ្នាំ​២០២៥
  • ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោង​ចំណាយ​ជាង​ ៨ លានដុល្លារ ក្នុងឆ្នាំ​២០២៥

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចំណាយ ថវិកា ចំនួន ៤ ៤១៥ ៤១៤,៣៩ ដុល្លារ នៅក្នុងឆ្នាំ២០២៤។ នេះបើតាមលោក សៅ សុខា ប្រធាន FFC ដែលបញ្ជាក់ក្នុង​មហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី១ មីនា នៅ​សណ្ឋាគារRaffles Le Royal។ ប្រធាន FFC បន្ថែមថា តាមផែនការការងារក្នុងឆ្នាំ២០២៥ សហព័ន្ធ គ្រោង​ចំណាយ​ជាង ៨ ៤៥៦ ៨៦៧ ដុល្លារ។
TTN-Free-Banner-In-Article-PC


​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចំណាយថវិកាចំនួន ៤ ៤១៥ ៤១៤,៣៩ ដុល្លារ កាលពីឆ្នាំ២០២៤ លើការងាររដ្ឋបាល និងការគ្រប់គ្រង ក៏ដូចជាការអភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធនានា។ នេះបើតាមការបញ្ជាក់របស់ លោក សៅ សុខា ប្រធាន FFC ក្នុង​មហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី១ មីនា។
 
បើតាមប្រធាន FFC ការចំណាយរបស់សហព័ន្ធក្នុងឆ្នាំ២០២៤ ក៏ក្របដណ្តប់លើការ រៀបចំ​ប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ, ការអភិវឌ្ឍសមាគមទាំង២៥ រាជធានី-ខេត្ត, ការអភិវឌ្ឍក្រុម​ជម្រើស​ជាតិ, ការអភិវឌ្ឍថ្នាល និងយុវជន, ការអភិវឌ្ឍធនធានគ្រូបង្វឹក, ការអភិវឌ្ឍអាជ្ញា​កណ្ដាល, ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និងការអភិវឌ្ឍផ្នែកទីផ្សារ ទំនាក់ទំនង និងអ្នកគាំទ្រ​ផងដែរ។
 
​ក្នុងឆ្នាំ២០២៣ដដែល សហព័ន្ធ ក៏ទទួលបានចំណូល ៤ ៧៥៦ ៧៥៤,១៣ ដុល្លារ ដែរ ច្រើនជាងការចំណាយ ជាង ៣៤ម៉ឺនដុល្លារ។
 
លោក សៅ សុខា បញ្ជាក់ថា ចំណូលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មាន​ផ្សេងៗគ្នា ​មាន​ពីសហព័ន្ធបាល់ទាត់អន្ដរជាតិ (FIFA), សហព័ន្ធបាល់ទាត់ទ្វីប អា​ស៊ី (AFC) សហព័ន្ធ​បាល់ទាត់អាស៊ាន (AFF), ក្រសួងអប់រំ យុវជន និងកីឡា, សហព័ន្ធ​បាល់​​ទាត់​ជប៉ុន អ្នក​ឧបត្ថម្ភ និងការលក់សំបុត្រចូលរួមទស្សនាការប្រកួត។ 
 
សម្រាប់ឆ្នាំ២០២៥នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលបានចំណូលពីប្រភពខាងលើ ​ដល់ទៅ ៨ ៤៧៧ ២១០,៤៧ដុល្លារ ហើយសហព័ន្ធ ក៏មានផែនការចំណាយ ក្នុងរង្វង់ប្រាក់​ចំណូល​ប្រចាំឆ្នាំនេះ ដែរ ពោលគឺគ្រោងចំណាយ ៨ ៤៥៦ ៨៦៧,២៦ ដុល្លារ។
 
​សហព័ន្ធ ក៏គ្រោងចំណាយថវិកាប្រមាណ ៤,៤លានដុល្លារ សាងសង់កីឡដ្ឋានគោកធ្លក និង​ទីស្នាក់ការផ្ទាល់ខ្លួនផងដែរ ដែលការសាងសង់ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា