ស្ត្រីជាង២៨ម៉ឺននាក់ បានសម្រាលកូនក្នុងឆ្នាំ២០២៤ ដោយជាង៣៩ភាគរយ សម្រាលនៅមណ្ឌលសុខភាព
- ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ពលរដ្ឋដែលបានទៅសម្រាលកូន និងសម្រាកនៅមូលដ្ឋានសុខាភិបាលសាធារណៈ
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ មានស្ត្រីចំនួន ២៨៤ ១៤៣ នាក់បានសម្រាលកូន ក្នុងនោះ ជាង៣៩ភាគរយ សម្រាលនៅមណ្ឌលសុខភាព។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលអានដោយ លោក ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងពិធីបើកសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាល ឆ្នាំ២០២៤ នៅថ្ងៃទី៣ ខែមីនា។

បើតាមរបាយការណ៍ដដែល មានស្ត្រីចំនួន ៥២ភាគរយ ក្នុងចំណោមស្ត្រីសរុបជាង ២៨ម៉ឺននាក់នោះ បានសម្រាលកូននៅមន្ទីរពេទ្យបង្អែក ខណៈប្រមាណ ៦,៣៦ភាគរយ សម្រាលនៅសេវាឯកជនដែលបានរាយការណ៍។ នៅក្នុងឆ្នាំ២០២៤ដដែល មានស្ត្រី ២,៣២ភាគរយ បានសម្រាលនៅផ្ទះ ដោយបុគ្គលិកសុខាភិបាល និង ១៩២នាក់ ឬស្មើនឹង០,០៧ភាគរយ សម្រាលនៅផ្ទះ ដោយឆ្មបបុរាណ។
នៅក្នុងការងារលើកកម្ពស់សុខភាពបន្តពូជ មាតា ទារក និងកុមារ និងអាហារូបត្ថម្ភនេះដែរ ក្រសួងសុខាភិបាល បានរាយការណ៍ថា ក្នុងឆ្នាំ២០២៤ ស្ត្រីក្នុងវ័យបន្តពូជ ដែលបានរៀបការរួច អាយុចន្លោះ ១៥-៤៩ឆ្នាំ ចំនួន ៥៥៦ ៤៥៧នាក់ កំពុងប្រើប្រាស់មធ្យោបាយពន្យារកំណើត ដែលស្មើនឹង ១៣,២៥ភាគរយ នៃស្ត្រីក្នុងវ័យបន្តពូជសរុប។
នៅក្នុងឆ្នាំ២០២៤ សេវាសុខាភិបាលរដ្ឋទាំងអស់នៅទូទាំងប្រទេស បានទទួលពិនិត្យជំងឺក្រៅ ករណីថ្មីលើកុមារអាយុក្រោម៥ឆ្នាំ ចំនួន ២ ៥៩៤ ៣៨៩ ករណី ក្នុងនោះ ១១០ ៣១០ ត្រូវបានរកឃើញថា មានបញ្ហាកង្វះអាហារូបត្ថម្ភ។ របាយការណ៍ដដែល បញ្ជាក់ដូច្នេះ៖ «កុមារអាយុក្រោម ៥ឆ្នាំ សម្រាកព្យាបាលមានចំនួន ២៥៩ ១៥២នាក់ ក្នុងនោះ ១ ៣០១នាក់បានទទួលមរណភាព។»។
បើតាមលោក ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ កម្ពុជា រក្សាបាននូវ អត្រាគ្របដណ្តប់នៃវាក់សាំង ក្អកមាន់ តេតាណុស ខាន់ស្លាក់ រលាកថ្នើមប្រភេទ B, រលាកសួត, រលាកស្រោមខួរក្បាល ៣លើក លើកុមារអាយុក្រោម១ឆ្នាំ បានលើសពី ៩៥ភាគរយ។ ចំណែកអត្រាចាក់វាក់សាំងបង្ការជំងឺមហារីកមាត់ស្បួន លើកុមារីអាយុ៩ឆ្នាំ សម្រេចបានដល់ទៅ ៩៥,៧៧ភាគរយ នៃចំនួនកុមារី អាយុ៩ឆ្នាំសរុប៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: