លោក Warren Buffett ៖​ ការដាក់ពន្ធនាំចូល ជាសកម្មភាពបង្កសង្រ្គាម
  • ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
លោក Warren Buffett ៖​ ការដាក់ពន្ធនាំចូល ជាសកម្មភាពបង្កសង្រ្គាម
លោក Warren Buffett មហាសេដ្ឋីអាម៉េរិក ។ រូបភាព ៖​ AFP

មហាសេដ្ឋី Warren Buffett ដែលមានវ័យ ៩៤ឆ្នាំ មិនមានសុទិដ្ឋិនិយមជុំវិញគោលនយោបាយពាណិជ្ជកម្មរបស់អាម៉េរិកនោះទេ។ លោកថា ការដាក់ពន្ធជាសកម្មភាពបង្កសង្គ្រាម។
TTN-Free-Banner-In-Article-PC


មហាសេដ្ឋីអាម៉េរិក Warren Buffett នៅថ្ងៃទី២ ខែមីនា  បានចូលរួមក្នុងបទសម្ភាសជាមួយ CBS News ។ អំឡុងពេលសន្ទនា លោកបានលើកឡើងដ៏កម្រមួយ អំពីពន្ធនាំចូលរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ។ នៅពេលត្រូវបានសួរអំពីផលប៉ះពាល់នៃពន្ធលើសេដ្ឋកិច្ចនេះ មហាសេដ្ឋីរូបនេះឆ្លើយតបថា ៖«យើងពិតជាមានបទពិសោធន៍ជាច្រើនជាមួយនឹងពន្ធនាំចូល។ បើធៀបតាមកម្រិតកន្លងមក ពេលនេះជាទង្វើនៃការបង្កសង្រ្គាម»។

លោក Buffett យល់ថា ក្នុងរយៈពេលវែង នេះគឺជាប្រភេទពន្ធលើទំនិញ។ «មិនមានទេពអប្សរណា(សំដៅលើក្រុមហ៊ុន) ដែលហ៊ានបង់ប្រាក់សម្រាប់រឿងនេះទេ។ សេដ្ឋកិច្ចនាពេលនេះ អ្នកតែងតែសួរថា តើមានអ្វីកើតឡើងបន្ទាប់ទៀត?»។

នេះជាលើកទីមួយហើយដែលមហាសេដ្ឋីវ័យ ៩៤ឆ្នាំរូបនេះ បានបញ្ចេញមតិជាសាធារណៈអំពីគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិក លោក ដូ​ណាល់ ត្រាំ ។ កាលពីសប្តាហ៍មុន លោក ត្រាំ បានប្រកាសថា ពន្ធនាំចូល ២៥ភាគរយលើទំនិញពីម៉ិកស៊ិក និងកាណាដានឹងចូលជាធរមានចាប់ពីថ្ងៃទី៤ ខែមីនា។ ចិន​ក៏​នឹង​ទទួល​រង​ការ​យក​ពន្ធ​១០ភាគរយបន្ថែម​ទៀត​ ​ក្នុង​ថ្ងៃ​តែមួយនោះដែរ។ យ៉ាងណាមិញ ទីក្រុងប៉េកាំងបានប្តេជ្ញានឹងសងសឹក។

អំឡុងអាណត្តិដំបូងរបស់លោក ត្រាំ មហាសេដ្ឋី Buffett ក៏បានព្រមានម្តងហើយម្តងទៀតអំពីភាពតានតឹងពាណិជ្ជកម្ម។ លោក​ធ្លាប់លើកឡើង​ថា ចំណាត់​ការ​ធ្ងន់ៗ​របស់បក្ស​សាធារណរដ្ឋ​ អាច​មាន​ផល​វិបាក​អវិជ្ជមាន​ទូទាំង​ពិភពលោក។

នៅពេលសួរយោបល់អំពីស្ថានភាពសេដ្ឋកិច្ចអាម៉េរិកនាពេលបច្ចុប្បន្ន លោក Buffett មិនបានលើកឡើងចំៗចំណុចនោះទេ។ លោក​គ្រាន់តែឆ្លើយ​ថា៖ «ខ្ញុំ​គិត​ថា​នេះ​ជា​ប្រធាន​បទ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​ខ្ញុំ​នឹង​មិន​និយាយ​អំពី​វា​ទេ»។

បច្ចុប្បន្នលោក Buffett ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway ដែលជាក្រុមហ៊ុនដែលប្រតិបត្តិការលើវិស័យជាច្រើន រាប់ចាប់ពីការធានារ៉ាប់រង ផ្លូវដែក ការផលិត ថាមពល រហូតដល់ការលក់រាយ។ លោកក៏ជាវិនិយោគិនដ៏ជោគជ័យបំផុតមួយរូបនៅក្នុងពិភពលោក។ បច្ចុប្បន្ន Buffett មានទ្រព្យសម្បត្តិ ១៦១ ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី៧ នៅលើពិភពលោក។

លោក Buffett មានការប្រុងប្រយ័ត្នក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែក្រុមហ៊ុន Berkshire បានលក់ភាគហ៊ុនជាបន្តបន្ទាប់។ អ្នក​ខ្លះ​មើល​ឃើញ​ថា ​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ លោក​មាន​ទុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​និង​សេដ្ឋកិច្ច។ អ្នកផ្សេងទៀតយល់ថាលោកគ្រាន់តែរៀបចំដីសម្រាប់អ្នកស្នងតំណែងរូបលោកតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី២ ខែមីនា លោក Buffett នៅតែមានសុទិដ្ឋិនិយមអំពីអនាគតនៃអាជីវកម្មអាម៉េរិក។ «លុយភាគច្រើនដែលខ្ញុំគ្រប់គ្រងនឹងតែងតែនៅអាម៉េរិក។ ហេតុអ្វី? ដោយសារតែវាជាកន្លែងល្អបំផុត។ ខ្ញុំសំណាងណាស់ដែលបានកើតនៅទីនេះ»។ លោក Buffett បានលើកឡើងបែបនេះ៕

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង