លោក សៅ សុខា៖ ការសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការ FFC មិនមែនជាការខ្ជះខ្ជាយទេ
  • ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥៩ នាទី យប់
លោក សៅ សុខា៖ ការសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការ FFC មិនមែនជាការខ្ជះខ្ជាយទេ

សហព័ន្ធបាល់ទាត់កម្ពុជា (FFC) គ្រោងចំណាយថវិកា ៤,៤លានដុល្លារ សាងសង់​កីឡ​ដ្ឋាន​គោក​ធ្លក និងទីស្នាក់ការរបស់ខ្លួន ដែលមានទីតាំងនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ត​​កណ្ដាល។ ​​​​ការ​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ មាន​ជំនួយពីសហព័ន្ធបាល់ទាត់​អន្ដរជាតិ (FIFA) និងគ្រោង​បញ្ចប់នៅចុងឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពីលោក សៅ សុខា ប្រធាន FFC ថ្លែងក្នុងមហាសន្និបាត លើកទី១៩ កាលពីថ្ងៃទី១ មីនា ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទី១ ខែមីនា។
TTN-Free-Banner-In-Article-PC


សហព័ន្ធបាល់ទាត់កម្ពុជា (FFC) គ្រោងចំណាយថវិកា ៤,៤លានដុល្លារ សាងសង់​កីឡ​ដ្ឋាន​គោក​ធ្លក និងទីស្នាក់ការរបស់ខ្លួន។ បច្ចុប្បន្ន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានទីស្នាក់​ការ​នៅក្នុង​ពហុកីឡដ្ឋានជាតិអូឡាំពិក ដែល​ជាទីតាំង គ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។
 
សម្រាប់ លោក សៅ សុខា ​​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធកីឡាថ្មីនេះ គឺ​មិន​មែន​ជាការ​ខ្ជះ​​ខ្ជាយថវិកាឡើយ ប៉ុន្តែជា​ឆ្លើយតប​នឹងចំនួនអ្នកទស្សនា និងគាំទ្រវិស័យ​កីឡាបាល់​ទាត់​នៅ​កម្ពុជា។

រូប 3D ពីកីឡដ្ឋានគោធ្លក រូបពី FFC
 
លោក សៅ សុខា បាននិយាយថា៖«ការកសាងកីឡដ្ឋានថ្មីនេះ មិនមែនជាការ​ខ្ជះខ្ជាយទេ ប៉ុន្ដែយើងរៀបចំឲ្យទៅជារចនាសម្ព័ន្ធ ឆ្លើយតបទៅនឹងចំនួនអ្នកចូលរួម​ទស្ស​នា ព្រោះការ​ទស្សនាបាល់ទាត់ គឺជាការរកលុយ។ បើគ្មានអ្នកទស្សនាទេ ការប្រកួតរក​លុយ មិនបានទេ ហើយបាល់ទាត់ ក៏មិនរីកចម្រើនដែរ។ បើគ្មានអ្នកគាំទ្រ អ្នកទាត់បាល់​ក៏គ្មាន​កម្លាំងចិត្តទាត់​ដែរ។ ការកសាងកីឡដ្ឋាននេះ យើងមានកម្រិតក្រោម ១ម៉ឺនាក់ ក្រោម ៣ម៉ឺននាក់ និងក្រោម ៦ម៉ឺននាក់។»។
 
ពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាទីតាំងប្រកួតបាល់ទាត់​ជាតិ និងអន្ដរជាតិ ដែលមានស្ដង់ដារ និងទទួលស្គាល់ ពីស្ថាប័នអន្ដរជាតិ ដូចជា FIFA សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) និងសហព័ន្ធបាល់ទាត់អាស៊ាន (AFF) ហើយអាចឲ្យ​កម្ពុជា មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតព្រឹត្តិការណ៍នានា។ ពហុកីឡដ្ឋាន ជាតិមរតកតេជោ អាចផ្ទុកអ្នកទស្សនា ៦ម៉ឺននាក់ ខណៈពហុកីឡដ្ឋានជាតិ​អូឡាំពិក អាច ផ្ទុកអ្នកទស្សនាដល់ទៅ ៣ ម៉ឺននាក់។
 
ប្រធាន FFC ​បន្ថែមថា កីឡដ្ឋានគោកធ្លក នឹង​សាងសង់ជា២ដំណាក់​កាល ដោយ​ដំណាក់​កាល​ដំបូង ការសាងសង់សម្រាប់ការផ្ទុកអ្នកទស្សនា ៤ ២០០នាក់ និង​ដំណាក់កាលបន្ទាប់ សម្រាប់ចំនួនអ្នកទស្សនា ១២ ០០០ នាក់។ ការសាងសង់ទាំង២​​ ​​កា​ល គ្រោងបញ្ចប់នៅ​ចុង​ឆ្នាំ២០២៦៕

រូប 3D គម្រោងទីស្នាក់ការ FFC និងកីឡដ្ឋានគោកធ្លក រូបពីFFC 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា