«សួនរុក្ខជាតិអង្គរ» ទីអភិរក្សរុក្ខជាតិ និងបណ្ដុះស្មារតីស្រឡាញ់ធម្មជាតិ
- ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

សួនរុក្ខជាតិអង្គរ ឬ Angkor Botanical Garden ក្នុងក្រុងសៀមរាប។ សួននេះមានរុក្ខជាតិជាង ៥០០ប្រភេទ និងមានវិសាលភាពផ្ទៃដីរហូតដល់ ១៥០ហិកតា ក្នុងក្រុងសៀមរាប ស្ថិតនៅតាមបណ្ដោយរុក្ខវិថីព្រះសីហនុ (ហ្សាលដឺហ្គោល Charles De Gaulle ) ជិតបុរីប្រិមប្រិយ៕
សៀមរាប៖ «សួនរុក្ខជាតិអង្គរ» ជាសួនរុក្ខជាតិបែបកែច្នៃធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលស្ថិតក្នុងក្រុងសៀមរាប។ សួននេះ ប្រមូលផ្ដុំរុក្ខជាតិជាង ៥០០ប្រភេទ ទាំងកម្រ និងជិតផុតពូជប្រទេសកម្ពុជា ជាពិសេសកេសរកូល ដែលមានជាង៣០០ប្រភេទ។ មិនត្រឹមតែជាមជ្ឈមណ្ឌលអភិរក្សរុក្ខជាតិកម្រច្រើនប្រភេទប៉ុណ្ណោះទេ តែសម្រាប់ លោក មាឃ បូរ៉ា មន្រ្តីគ្រប់គ្រងនៅសួន រុក្ខជាតិអង្គរ ថាទីនេះជាកន្លែងបណ្ដុះស្មារតីស្រឡាញ់ធម្មជាតិមួយផងដែរ។ បច្ចុប្បន្នសួនរុក្ខជាតិអង្គរ ត្រូវបានពង្រីកផ្ទៃដីបន្ថែមរហូតដល់ ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិក្នុងខេត្តសៀមរាប។

ព័ត៌មានពិស្ដារសូមលោកអ្នកនាងទស្សនាបទសម្ភាសដូចតទៅ៖
វត្តមានរុក្ខជាតិឱសថ, រុក្ខជាតិគ្រឿងទេស រហូតដល់ពូជកេសរកូលកម្រៗ បានប្រមូលផ្តុំគ្នា នៅក្នុងទីតាំងតែមួយ គឺនៅក្នុង«សួនរុក្ខជាតិអង្គរ» ឬ «Angkor Botanical Garden» ក្នុងក្រុងសៀមរាប។
បើកជាផ្លូវការក្នុងឆ្នាំ២០២២ សួនរុក្ខជាតិអង្គរ បានជាប់ជាជម្រើសទេសចរណ៍ដ៏ល្អប្រចាំឆ្នាំ២០២៤ (Traveller’s Choice Awards Winner 2024) ក្នុងគេហទំព័រ ទេសចរណ៍ លំដាប់ពិភពលោក Tripadvisor។ នាពេលនោះ សួនរុក្ខជាតិអង្គរ ស្ថិតនៅ លេខរៀងទី៤២ ជាទីតាំងដ៏ល្អសម្រាប់ទេសចរទៅកម្សាន្ត ក្នុងចំណោមទីតាំងទេសចរណ៍ ចំនួន២០៣កន្លែង ក្នុងខេត្តសៀមរាប។
សួនរុក្ខជាតិអង្គរ ត្រូវបានរៀបចំនៅលើផ្ទៃដី ១៥ហិកតា ក្នុងមូលដ្ឋានភូមិត្រពាំងសេះ ឃុំ គោកចក ក្រុងសៀមរាប។ ក្រោយមកនៅអំឡុងឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានពង្រីកផ្ទៃដីសួនរុក្ខជាតិអង្គរ ពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិក្នុងខេត្តសៀមរាប។ ការពង្រីកផ្ទៃដីបន្ថែមនេះ ដើម្បីដោះលែងសត្វព្រៃ ការពារព្រៃឈើមានស្រាប់ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរ ដើរកម្សាន្តក្នុងព្រៃធម្មជាតិ។
គេបានបែកចែករុក្ខជាតិជាប្រភេទ នៅទីតាំងដោយឡែកពីគ្នា ក្នុងសួនទាំងមូល ក្នុងនោះមានសួនសួនរុក្ខជាតិឱសថ និងគ្រឿងទេស, សួនផ្កាស្មៅ និងផ្កាចម្រុះ, សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើ និងសត្វព្រៃអង្គរ។
លោក មាឃ បូរ៉ា មន្រ្តីគ្រប់គ្រងនៅសួនរុក្ខជាតិអង្គរ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា បច្ចុប្បន្ននេះ សួនរុក្ខជាតិអង្គរមានរុក្ខជាតិចម្រុះជាង ៥០០ប្រភេទ ក្នុងនោះក៏មានប្រភេទកម្រ និងជិតផុតពូជផងដែរ ហើយរុក្ខជាតិទាំងនោះ ត្រូវបានយកមកពីតំបន់ផ្សេងៗក្នុ ងប្រទេសកម្ពុជា និង២០ភាគរយ ជាប្រភេទរុក្ខជាតិនាំចូលពីក្រៅប្រទេស។
កេសរកូល ជារុក្ខជាតិក្នុងសួនរុក្ខជាតិអង្គរ ដែលគួរឱ្យចាប់អារម្មណ៍ជាងគេ។ ចាប់អារម្មណ៍ ព្រោះអំបូរកេសកូលនេះ ជាងពាក់កណ្ដាលនៃរុក្ខជាតិទាំងអស់ក្នុងសួនរុក្ខជាតិអង្គរ ពោលគឺមានជាង ៣០០ប្រភេទឯណោះ។ នៅពេលសាធារណជនមកទស្សនាទីនេះ នឹងឃើញកេសរកូលមានផ្កាប្លែកៗយ៉ាងចម្រុះ និងប្រភេទមួយចំនួនទៀតទំនងសាធារណជនមិនធ្លាប់បានឃើញកន្លងមកទេ។
សម្រាប់ លោក មាឃ បូរ៉ា សួនរុក្ខជាតិអង្គរ លើសពីកន្លែងប្រមូលផ្ដុំរុក្ខជាតិ និងកន្លែងកម្សន្ត។ លោកពន្យល់ដូច្នេះ៖ «សូនរុក្ខជាតិអង្គរមានលក្ខណៈពិសេស គឺយើងធ្វើការអភិរក្ស នូវរុក្ខជាតិចម្រុះជាច្រើនប្រភេទ ហើយជាប្រភេទសួនកែច្នៃបែបធម្មជាតិ ធំជាងគេ នៅកម្ពុជា។[…] សួនរុក្ខជាតិ បានបំផុសគំនិតដល់សិស្សានុសិស្ស ក៏ដូចជាភ្ញៀវជាតិ ក៏ដូចជាអន្តរជាតិ ឱ្យចេះស្រឡាញ់រុក្ខជាតិ និងចូលរួមថែរក្សាបរិស្ថានផងដែរ។»។
តាំងពីបើកទ្វារជាផ្លូវការក្នុងឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤ សួនរុក្ខជាតិអង្គរ បានទាក់ ទាញទេសចរសរុបជាង ៣៧ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានជិត ៥ម៉ឺននាក់ផងដែរ។
មន្រ្តីគ្រប់គ្រងនៅសួនរុក្ខជាតិអង្គរដដែល ជឿថា រុក្ខជាតិជាឱសថ ព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្ត។ ព្យាបាលជំងឺផ្លូវកាយ ក៏ព្រោះរុក្ខជាតិភាគច្រើន ត្រូវបានគេយកទៅប្រើប្រាស់ជាឱសថ ឬបរិភោគជំនួយដល់សុខភាព។ ឯការផ្សារភ្ជាប់ខ្លួន តាមរយៈការដាំរុក្ខជាតិជុំវិញ ខ្លួន ការទស្សនាសួនរុក្ខជាតិ ជាការព្យាបាលផ្លូវចិត្ត ជាពិសេសការកាត់បន្ថយអារម្មណ៍ តានតឹង ស្ត្រេសជាដើម។
គួររំឭកបន្តិចថា មុខក្លាយជាសួនរុក្ខជាតិអង្គរ ដូចជាពេលបច្ចុប្បន្ននេះ មុនដំបូងពោលក្នុងឆ្នាំ២០០៥ ទីនេះជា «សួនគ្រឿងទេស» លើផ្ទៃដីទំហំ២ហិកតា។ ក្រោយមកដើម្បីទាក់ទាញទេសចរ ក្នុងឆ្នាំ២០១៨អាជ្ញាធរជាតិអប្សរា បានសម្រេចពង្រីកផ្ទៃដីបន្ថែមរហូត១៥ហិកតា ក្នុងគោលបំណងពង្រីកទេសភាពបៃតង និងជំរុញគោលដៅទេសចរណ៍ក្នុងស្រុក រួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដោយបន្ថែមនូវប្រភេទរុក្ខជាតិយ៉ាងសម្បូរបែប។ គុណតម្លៃស្នូល នៃសួនរុក្ខជាតិអង្គរគឺ «បង្កើនស្មារតីស្រឡាញ់ចូលរួមថែរក្សា និងអភិរក្សមរតកជាតិ»។
គួរជម្រាបផងដែរថា «សួនរុក្ខជាតិអង្គរ» បើកឱ្យទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃច័ន្ទ និងថ្ងៃបុណ្យជាតិ លើកលែងថ្ងៃអង្គារ៍ ដែលបុគ្គលិកសម្រាក និងមើលថែសួន។ សាធារណជនអាចចូលទស្សនា បានចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង៦ល្ងាច។
សួននេះស្ថិតនៅតាមបណ្ដោយ រុក្ខវិថីព្រះសីហនុ (ហ្សាលដឺហ្គោល Charles De Gaulle ) ជិតបុរីប្រិមប្រិយ ទល់មុខសាលាបឋមសិក្សាអនុវត្តន៍គរុកោសល្យ។ ដើម្បីភាពងាយស្រួល ទេសចរអាចប្រើប្រាស់ Google Map ដោយវាយពាក្យ «Angkor Botanical Garden»៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: