វៀតណាម គ្រោងច្របាច់អង្គភាពរដ្ឋបាលថ្នាក់ខេត្ត និងផ្ទេរការងារស្រុកទៅថ្នាក់ឃុំ
  • ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី ព្រឹក
វៀតណាម គ្រោងច្របាច់អង្គភាពរដ្ឋបាលថ្នាក់ខេត្ត និងផ្ទេរការងារស្រុកទៅថ្នាក់ឃុំ
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមលោក តូ ឡិម ឡើងថ្លែងសុន្ទរកថា។ រូបភាព ៖ Bao Chinh Phu

ការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម កំពុងដាក់សំណើពីគម្រោងការបញ្ចូលគ្នានូវអង្គភាពរដ្ឋបាលមួយចំនួននៅថ្នាក់ខេត្ត ដើម្បីដាក់ជូនគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្ស មុនថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ នេះជាផ្នែកមួយនៃការកែទម្រង់របស់រដ្ឋអំណាចវៀតណាម បន្ទាប់ពីការសម្រួលក្បាលម៉ាស៊ីនជាតិ។
TTN-Free-Banner-In-Article-PC


កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម បានប្រគល់ភារកិច្ចឲ្យស្ថាប័នពាក់ព័ន្ធ ដឹកនាំស្រាវជ្រាវ បង្កើតគម្រោង និងដាក់ជូនការិយាល័យនយោបាយស្តីពី«ការច្របាច់បញ្ចូលគ្នានៃអង្គភាពរដ្ឋបាលមួយចំនួននៅថ្នាក់ខេត្ត កាត់រដ្ឋបាលថ្នាក់ស្រុក បន្ត​ដាក់​បញ្ចូល​គ្នា​នូវ​ទៅអង្គភាព​រដ្ឋបាល​ថ្នាក់​ឃុំ-សង្កាត់»។

ការបង្រួមរដ្ឋបាលមួយចំនួននៅថ្នាក់ខេត្ត ត្រូវឈរលើមូលដ្ឋាននៃទំហំប្រជាជន និងផ្ទៃដី។ ការិយាល័យនយោបាយវៀតណាម ទាមទារឱ្យមានការសិក្សាយ៉ាងយកចិត្តទុកដាក់លើផែនការមេថ្នាក់ជាតិ ផែនការថ្នាក់តំបន់ ផែនការមូលដ្ឋាន យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍន៍ឧស្សាហកម្ម ការពង្រីកទំហំអភិវឌ្ឍន៍ ការលើកកម្ពស់គុណសម្បត្តិប្រៀបធៀប ការបំពេញតម្រូវការអភិវឌ្ឍន៍សម្រាប់តំបន់នីមួយៗ និងទិសដៅអភិវឌ្ឍន៍សម្រាប់រយៈពេលថ្មី។

ទន្ទឹមនេះ នៅថ្នាក់ឃុំ ការិយាល័យនយោបាយវៀតណាមបានកត់សម្គាល់ពីភាពចាំបាច់ក្នុងការកំណត់យ៉ាងច្បាស់នូវគំរូរដ្ឋាភិបាលមូលដ្ឋាននៅថ្នាក់ឃុំ ជាមួយទីក្រុង ជនបទ តំបន់ភ្នំ តំបន់ដីសណ្ត កោះ ទំហំប្រជាជន តំបន់ប្រវត្តិសាស្ត្រ វប្បធម៌ បញ្ហាសេដ្ឋកិច្ចសង្គម ការការពារជាតិ សន្តិសុខ ជាតិសាសន៍ និងសាសនា។ ដូច្នេះ អង្គភាពនានានឹងមានការវិភាគមុខងារ ភារកិច្ច អំណាច រចនាសម្ព័ន្ធអង្គភាព និងបុគ្គលិករបស់រដ្ឋបាលមូលដ្ឋាននៅថ្នាក់ឃុំ។

លើសពីនេះ ទីភ្នាក់ងារស្រាវជ្រាវត្រូវបង្ហាញឲ្យច្បាស់អំពីទំនាក់ទំនងការងាររវាងថ្នាក់រដ្ឋបាលមូលដ្ឋាន (រវាងថ្នាក់ខេត្ត និងថ្នាក់ឃុំ)។ ទំនាក់ទំនងផ្ទេរការងារជំនាញពីថ្នាក់ស្រុកដល់សហគមន៍ ធានាប្រាកដថាបានប្រតិបត្តិការដោយរលូន ស៊ីសង្វាក់គ្នា ទំនាក់ទំនងគ្នាទៅវិញទៅមកឲ្យមានប្រសិទ្ធភាព។ ជាពិសេស កំណត់លក្ខខណ្ឌឱ្យបានច្បាស់លាស់ ដើម្បីធានាថា រដ្ឋបាលឃុំ សង្កាត់ ដំណើរការប្រកបដោយប្រសិទ្ធភាព មុនអំឡុងពេល និងក្រោយពេលរៀបចំឡើងវិញ។

គណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធដែលស្រាវជ្រាវពីការច្របាច់បញ្ចូលគ្នានៃអង្គភាពរដ្ឋបាលមួយចំនួននៃថ្នាក់ខេត្ត កាត់រដ្ឋបាលថ្នាក់ស្រុក បន្ត​ដាក់​បញ្ចូល​គ្នា​នូវ​ទៅអង្គភាព​រដ្ឋបាល​ថ្នាក់​ឃុំ-សង្កាត់ ត្រូវរៀបចំបញ្ចប់គម្រោង និងការដាក់ស្នើជូនគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សឲ្យបានមុនថ្ងៃទី ៧ ខែមេសា។

យោងតាមបទប្បញ្ញត្តិវៀតណាមបច្ចុប្បន្ន រដ្ឋាភិបាលមូលដ្ឋានមានបីកម្រិត គឺ ខេត្ត (ខេត្ត, ទីក្រុងចំណុះខេត្ត) ស្រុក (ខណ្ឌ, ស្រុក, ទីរួមខេត្ត, ក្រុងចំណុះក្រុង) និងឃុំ (ឃុំ, សង្កាត់, ទីរួមស្រុក)។ 

វៀតណាមបច្ចុប្បន្ន មានអង្គភាពរដ្ឋបាលថ្នាក់ខេត្តចំនួន៦៣ ក្នុងនោះមានខេត្តចំនួន ៥៧ និងទីក្រុងដែលគ្រប់គ្រងមជ្ឈិមផ្ទាល់ចំនួន៦, ៧០៥ ខណ្ឌ-ស្រុក, ១០៥៩៥ ឃុំ-សង្កាត់។

យោងតាមបទប្បញ្ញត្តិរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បច្ចុប្បន្នរដ្ឋធានី-ខេត្ត ត្រូវធានានូវលក្ខណៈវិនិច្ឆ័យចំនួនបី រួមមាន ទំហំប្រជាជន ផ្ទៃដី និងចំនួនអង្គភាពរដ្ឋបាលថ្នាក់ស្រុក។ ខេត្ត​ភ្នំ ​និង​ខ្ពង់រាប​ត្រូវ​មាន​ប្រជាជនពី ៩០០ ០០០ និង​ផ្ទៃ​ដី ៨០០០គីឡូម៉ែត្រការ៉េ។  ខេត្ត​នៅ​កន្លែង​ផ្សេង​ទៀត​មាន​ប្រជាជន​ពី ១,៤​លាន​នាក់ និង​ផ្ទៃដីយ៉ាងតិច ​៥០០០​គីឡូម៉ែត្រ​ការ៉េ។ ជាមួយគ្នានេះ ខេត្តត្រូវមានអង្គភាពរដ្ឋបាលថ្នាក់ស្រុកចំនួន៩ ក្នុងនោះមានយ៉ាងហោចណាស់ក្រុងមួយ ឬទីរួមខេត្តមួយ។ ចំណែកអង្គភាពរដ្ឋបាលស្រុក និងឃុំក៏មានស្តង់ដារពីចំនួនប្រជាជន និងផ្ទៃដីផងដែរ។

បើប្រៀបធៀបនឹងបទប្បញ្ញត្តិខាងលើ បច្ចុប្បន្ននេះ មានខេត្តចំនួន ១០ នៅទូទាំងប្រទេស ដែលមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យចំនួន៣ ។ ខេត្ត ក្រុង រាប់សិបមិនបំពេញតាមលក្ខណៈវិនិច្ឆ័យមួយ ឬពីរ លើផ្ទៃដី ចំនួនប្រជាជន និងចំនួនអង្គភាពរដ្ឋបាលថ្នាក់ស្រុក៕

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង