លោក ឆាយ ហុកផេង បណ្ឌិតច្បាប់ដ៏មានបទពិសោធន៍ពីបារាំងទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំ
  • ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:០៥ នាទី ព្រឹក
លោក ឆាយ ហុកផេង បណ្ឌិតច្បាប់ដ៏មានបទពិសោធន៍ពីបារាំងទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំ

លោក ឆាយ ហុកផេង បញ្ញវន្តខ្មែរមួយរូបដែលធ្លាប់កាន់តំណែងជាប្រធានតុលាការព្រហ្មទណ្ឌនៅបារាំង ហើយ បន្តផ្ទេរចំណេះដឹងច្បាប់ដល់កូនខ្មែរក្រោយនិវត្តន៍ បានទទួលមរណភាពដោយរោគាពាធក្នុងអាយុ៧៣ឆ្នាំ នៅក្រុងរ៉ាំបួយយ៉េ ប្រទេសបារាំង កាលពីថ្ងៃទី២ ខែមីនា។ នេះតាមសាររំលឹកទុក្ខរបស់សមាគមសាលាត្រាជូ ដែលលោក ឆាយ ហុកផេង មានតួនាទីជាសមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រ។
TTN-Free-Banner-In-Article-PC


កើតក្នុងឆ្នាំ១៩៥២ នៅខេត្តកណ្តាល លោក ឆាយ ហុកផេង បានបញ្ចប់បរិញ្ញាប័ត្រច្បាប់ពីមហាវិទ្យាល័យនីតិសាស្ត្រភ្នំពេញនៅឆ្នាំ១៩៧៤ ហើយបន្ទាប់មក លោកទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។ បើតាមប្រវត្តិរូបសង្ខេបដែលចងក្រងដោយសមាគមសាលាត្រាជូ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់អន្តរជាតិនៅឆ្នាំ១៩៧៦ មុនទទួលបានបណ្ឌិតច្បាប់ថ្នាក់រដ្ឋពីសាកលវិទ្យាល័យស៊របោន (Sorbonne) ក្រុងប៉ារីស នៅឆ្នាំ១៩៨០។

នៅក្នុងឃ្លីបវីដេអូមួយ លោក ឆាយ ហុកផេង បានរំលឹកពីអនុស្សាវរីយ៍ដែលពោរពេញទៅដោយការតស៊ូនៅទឹកដីបារាំង ជាពិសេសក្នុងអាជីពអ្នកច្បាប់។ នៅពេលលោកបន្តរៀននៅសាលាចៅក្រមចន្លោះពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៤ បន្តធ្វើកម្មសិក្សា រហូតក្លាយជាចៅក្រមស៊ើបអង្កេត លោកអះអាងថា ពលរដ្ឋពីតំបន់អាស៊ី ដូចជារូបលោក ទទួលរងនូវការរើសអើងជាច្រើន។



ការតស៊ូ ការព្យាយាមការពារកិត្តិយសខ្លួន និងការបង្កើនចំណេះដឹងឱ្យមានកម្រិតខ្ពស់ បានធ្វើឱ្យទទួលបានតំណែងជាប្រធានតុលាការព្រហ្មទណ្ឌនៅបារាំង។ លោកបានរៀបរាប់ក្នុងឃ្លីបវីដេអូនោះថា ទោះលោកស្ថិតក្នុងតំណែងលែងភិតភ័យនឹងការរើសអើង ប៉ុន្តែលោកត្រូវបានប្រឹងប្រែងធ្វើការឱ្យកាន់តែល្អ។

«ដរាបណាជីវិតនៅមាន ត្រូវតែមានសង្ឃឹម ត្រូវតែមានការតស៊ូ ហើយនឹងការព្យាយាមជាលំដាប់ ដូចជាសំពត់រុំព័ទ្ធពីក្រៅ បើកាលណាយើងគ្មានការតស៊ូ ការព្យាយាមទេ ចំណេះដឹងដែលយើងមានវាដូចជាអសារបង់ទទេ»។ លោកបានណែនាំយ៉ាងដូច្នេះ។

យោងតាមសមាគមសាលាត្រាជូ ក្រៅពីសកម្មភាពកាត់ក្តីក្នុងតួនាទីជាប្រធានតុលាការព្រហ្មទណ្ឌបារាំង បណ្ឌិត ឆាយ ហុកផេង ក៏ជាប្រធានគណៈកម្មការត្រួតពិនិត្យ និងជាតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ចុះសង្កេតការណ៍តាមការិយាល័យបោះឆ្នោត ឃុំ-ស្រុក នៅបារាំងផងដែរ ចាប់តាំងពីឆ្នាំ១៩៩៦មក។

ទាក់ទងនឹងផ្នែកគរុកោសល្យ លោកគឺជាគ្រូបង្ហាត់បង្ហាញវិធីសាស្ត្រប្រើប្រាស់ហិរញ្ញវត្ថុ ឃុំ-ស្រុក ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩១ និងនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ព្រហ្មទណ្ឌដល់បេក្ខជនប្រឡងចូលសាលាជាតិចៅក្រម និងសាលាក្រឡាបញ្ជីនៅបារាំង ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦។

 «មិនស្រួលទេ ដែលធ្វើការនៅប្រទេសគេ យើងស្រួលយ៉ាងណាក្តី យើងកុំភ្លេចព្រលឹងខ្មែរ យើងមានជានិច្ច»។ នេះជាអ្វីដែលលោក ឆាយ ហុកផេង បានលើកឡើង។ ក្នុងនាទីខ្ញុំនិយាយពីរភាសា (Chronique bilingue) របស់វិទ្យុបារាំងអន្តរជាតិ RFI សម្រាប់អាជីពជាចៅក្រមផ្នែកព្រហ្មទណ្ឌ រហូតដល់តួនាទីជាប្រធានតុលាការព្រហ្មទណ្ឌបារាំង លោក ឆាយ ហុកផេង ត្រូវប្រើប្រាស់ភាសាបារាំងជាប្រចាំ ប៉ុន្តែលោកមិនដែលបំភ្លេចភាសាខ្មែរនោះឡើយ។ លោកបានលើកឡើងថា៖ «វាជាដួងព្រលឹងរបស់ខ្ញុំ ដែលខ្ញុំពុំអាចបោះបង់ចោលបានឡើយ»។

ក្រោយចូលនិវត្តន៍ លោកបានបន្តចំណេះដឹងផ្នែកច្បាប់ដល់កូនខ្មែរជំនាន់ក្រោយ ដោយចាប់ផ្តើមពីបឋកថាស្តីអំពីវិន័យធម៌ និងច្បាប់ និងវិធីសាស្ត្រសរសេរសាលក្រមតាមរបៀបបារាំង ជូនដល់និស្សិតនៃរាជបណ្ឌិតវិជ្ជាជីវៈតុលាការ (បច្ចុប្បន្នជាបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា)។

នៅកម្ពុជា បណ្ឌិត ឆាយ ហុកផេង ទទួលបាននូវការគោរពយ៉ាងច្រើនពីសំណាក់និស្សិតបញ្ញវន្ត ជាពិសេសក្នុងចំណោមអ្នកច្បាប់។ នៅក្រសួងយុត្តិធម៌ លោកមានតួនាទីជាអនុប្រធានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ឋានៈស្មើរដ្ឋមន្ត្រី។ ក្រៅពីលោកជាអនុប្រធានគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង ជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

លោកជាសមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រនៅសមាគមសាលាត្រាជូ និង ជាសាស្ត្រាចារ្យច្បាប់ដ៏ជាទីគោរពស្រឡាញ់មួយរូបរបស់និស្សិតនៅតាមបណ្តាមហាវិទ្យាល័យក្នុងរាជធានីភ្នំពេញផងដែរ។

ក្នុងនាមជាចៅក្រមពីប្រទេសបារាំង លោក ឆាយ ហុកផេង ក៏ធ្លាប់ធ្វើជាប្រធានគណៈកម្មាធិការជនរងគ្រោះដោយរបបខ្មែរក្រហមផងដែរ។ លោកក៏ជាតំណាងដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ ដែលមានជនជាប់ចោទ៥រូប គឺ នួន ជា, ខៀវ សំផន, អៀង សារី, អៀង ធីរិទ្ធ និងកាំង ហ្កេកអ៊ាវ (ហៅ ឌុច)។ លោកបានហៅអ្នកទាំងនោះថា ជាជនកំសាកដែលមិនហ៊ានទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្ត។

លោក ឆាយ ហុកផេង ក៏ជាម្ចាស់ស្នាដៃនៃសៀវភៅមួយចំនួន ដូចជា បាតុភូត.. បដិវត្តន៍ ទទេ! Mirage.. Une Revolution Nulle! (ឆ្នាំ១៩៧៤), អន្តរកាល អាកាសធាតុ និងចក្រវាឡ (ឆ្នាំ២០១៨), សិក្សាឱវាទព្រះសមណគោត្តម (ឆ្នាំ២០១៦), បងណាត និងខ្ញុំ (ឆ្នាំ២០១១), នយោបាយកម្ចាយមារ ស្រែមាស វិនាសក្រ យុត្តិធម៌ មាគ៌ាត្រជាក់ (ឆ្នាំ២០១៩) ជាដើម៕

 

អ្នកសរសេរអត្ថបទ

លោក អ៊ឹង ចំរើន  (Ung Chamroeun) មានកំណើតនៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប  ខ្ញុំចូល​​ប្រឡូក​ក្នុងវិស័យ​សារព័ត៌មាន​ចាប់តាំងពី​ឆ្នាំ​២០០៣មក នៅពេល​ដែល​ខ្ញុំ​រៀន​ឆ្នាំ​ទី​៤នៅ​វិទ្យាស្ថានភាសាបរទេសផ្នែក​ភាសា​បារាំង នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញ​សារព័ត៌មាន និងទេសចរណ៍។...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

អុឹង ចំរើន