រដ្ឋមន្ត្រីមហាផ្ទៃប្រតិកម្មនឹងពាក្យលែបខាយលើស្ត្រីភេទរបស់ពិធីករប្រដាល់ម្នាក់
- ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:៣៥ នាទី ព្រឹក

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកការនិយាយលែបខាយពាក្យសម្តីរបស់ពិធីករប្រដាល់មួយរូបទៅលើស្ត្រីម្នាក់ នៅវេទិកាប្រដាល់ ថាបានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់បុគ្គលផ្ទាល់ ក៏ដូចជាស្ត្រីផ្សេងទៀត។ តាមរយៈហ្វេសប៊ុករបស់ខ្លួន លោកក៏បានសង្កេតឃើញការចេញមុខការពារសេចក្តីថ្លៃថ្នូរសង្គម និងកិត្តិយសនារីរងគ្រោះដោយពាក្យសម្តីនោះផងដែរ។

អត្ថបទទាក់ទង
«ច្បាប់ធម្មជាតិ បានបង្កើតឱ្យសង្គមមនុស្ស មានភេទស្រី និងប្រុសជាធម្មតា ទោះអ្នកខ្លះមានអត្តចរិតធម្មជាតិផ្ទុយពីភេទជាក់ស្ដែងក៏ដោយ។ ម្នាក់ៗ មានសិទ្ធិ មានសេរីភាព និងសេចក្ដីថ្លៃថ្នូរស្មើៗគ្នាក្នុងសង្គម»។ លោក ស សុខា បានលើកឡើងយ៉ាងដូច្នេះ ដោយបញ្ជាក់ថា ទង្វើទាំងឡាយណាដែលហួសព្រំដែននៃសិទ្ធិ បំពានលើប្រពៃណី និងសីលធម៌សង្គម នឹងទទួលបានមកវិញនូវប្រតិកម្មតប។
តាមឃ្លីបវីដេអូមួយ ពិធីករប្រដាល់បានប្រើពាក្យសម្តីលេបខាយ ដោយនិយាយបញ្ឆិតបញ្ឆៀងពាក្យមិនគប្បីទៅលើស្ត្រីដែលកំពុងបំពេញការងាររបស់ខ្លួននៅវេទិកាប្រដាល់។ សម្រាប់លោក ស សុខា ទោះដោយចេតនាអ្វីក៏ដោយ លោកយកឱកាសនេះ អំពាវនាវបុរសទាំងអស់ឱ្យគិតដល់ថា វត្តមានស្រ្តីក្នុងការងារគ្រប់វិស័យ គ្រប់កន្លែង និងគ្រប់ពេល ក៏ជាវត្តមានម្ដាយ ភរិយា កូនស្រី ឬប្អូនស្រី ក្មួយស្រី របស់ខ្លួនយ៉ាងដូច្នោះដែរ។
«ខ្ញុំសង្ឃឹមថា ពួកយើងជាបុរស នឹងបន្តរក្សាភាពថ្លៃថ្នូរក្នុងគ្រប់ទំនាក់ទំនងការងារ គ្រប់ទំនាក់ទំនងសង្គមជាធម្មតាជាមួយស្រ្តី ហើយខិតខំបង្កលក្ខណៈឱ្យស្រ្តីទទួលបានអារម្មណ៍កក់ក្ដៅប្រកបដោយកិត្តិយសនៅគ្រប់កាលៈទេសៈទាំងអស់នៃការបំពេញការងារ និងគ្រប់វត្តមានក្នុងទំនាក់ទំនងសង្គម ជាមួយបុរស»។ នេះជាការក្រើនរំលឹករបស់លោក ស សុខា ដោយលើកឡើងពីការផ្តល់តម្លៃដល់ស្ត្រីក្នុងសង្គមខ្មែរ ដែលមានពាក្យ មេភូមិ មេស្រុក មេខេត្ត មេបា មេកើយ ជាតឹកតាង៕
© រក្សាសិទ្ធិដោយ thmeythmey.com