ចិន ដាក់ផែនការសងសឹកប្រឆាំងពន្ធថ្មីរបស់អាម៉េរិក
- ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:០៩ នាទី រសៀល

ផ្សារទំនើបនៅអាម៉េរិក ។ រូបភាព ៖ Xinhua
ផលិតផលកសិកម្ម និងអាហាររបស់អាម៉េរិក ទំនងជាត្រូវបានបញ្ចូលក្នុងបញ្ជីសងសឹករបស់ចិន ប្រសិនបើអាម៉េរិកដាក់ពន្ធបន្ថែម ១០ភាគរយលើទំនិញចិន។

«អាជ្ញាធរកំពុងសិក្សា និងព្រាងគោលនយោបាយស្រដៀងគ្នា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់អាម៉េរិកក្នុងការដាក់ពន្ធនាំចូល១០ភាគរយផ្សេងទៀតលើទំនិញរបស់ចិន ដោយសារតែបញ្ហាថ្នាំ fentanyl (ការរត់ពន្ធប្រភេទគ្រឿងញៀន)»។ កាសែត Global Times របស់ចិនបានដកស្រង់ប្រភពជិតស្និទ្ធនៅថ្ងៃទី៣ ខែមីនា បែបនេះ។ វិធានការប្រឆាំងរួមមានទាំងគោលនយោបាយពន្ធគយ និងមិនមែនពន្ធ។ កាសែតនេះបានលើកឡើងថា ផលិតផលកសិកម្ម និងអាហាររបស់អាម៉េរិកទំនងជាត្រូវបានបញ្ចូលក្នុងបញ្ជីសងសឹក។
កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានប្រកាសថា ពន្ធនាំចូល ២៥ភាគរយលើទំនិញពីម៉ិកស៊ិក និងកាណាដា នឹងចូលជាធរមានចាប់ពីថ្ងៃទី៤ ខែមីនា។ ចិនក៏នឹងទទួលរងការយកពន្ធ១០ភាគរយបន្ថែមទៀតក្នុងថ្ងៃតែមួយនេះដែរ។ កន្លងមក ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ទំនិញចិនទាំងអស់ដែលចូលអាម៉េរិកត្រូវបង់ពន្ធបន្ថែម ១០ភាគរយ។
បច្ចុប្បន្ន ចិនជាប្រទេសនាំចូលផលិតផលកសិកម្មធំជាងគេរបស់ពិភពលោក ហើយក៏ជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្មរបស់អាម៉េរិកដែរ។ វិស័យនេះបានក្លាយជាគោលដៅនៃការវាយប្រហារជាយូរមកហើយ នៅពេលដែលភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង។
កាលពីឆ្នាំមុន ចិនបានទិញផលិតផលកសិកម្មរបស់អាម៉េរិកចំនួន ២៩,២៥ ពាន់លានដុល្លារ ធ្លាក់ចុះ១៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅឆ្នាំ២០២៣ ការកាត់បន្ថយមានរហូតដល់ ២០ភាគរយ។
លោកស្រី Genevieve Donnellon-May អ្នកវិភាគនៅអង្គការ Oxford Global Society បាននិយាយថា ទោះបីជាការនាំចូលបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៨ ក៏ពន្ធបន្ថែមលើផលិតផលកសិកម្មដូចជាសណ្តែកសៀង សាច់ និងគ្រាប់ធញ្ញជាតិ នឹងនៅតែជះឥទ្ធិពលយ៉ាងសំខាន់លើទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាលើអ្នកនាំចេញ និងកសិករអាម៉េរិក។
អ្នកវិភាគនិយាយថា ក្រុងប៉េកាំងនៅតែរំពឹងថានឹងចរចាកិច្ចព្រមព្រៀងជាមួយរដ្ឋបាលលោក ត្រាំ។ ទោះជាយ៉ាងណា មិនទាន់មានសញ្ញាថា ការចរចា នឹងកើតឡើងនៅពេលណានៅឡើយទេ។
លោក Wang Dong នាយកវិទ្យាស្ថានសហប្រតិបត្តិការពិភពលោកនៅសាកលវិទ្យាល័យ Peking បានប្រាប់ Reuters ថា ៖«សង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិនមិនអាចជៀសមិនរួចទេ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់ ត្រាំ ក្នុងការដាក់ពន្ធនាគារពេលនេះ នឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។»។
កាលពីថ្ងៃទី៤ ខែកុម្ភៈ ភ្លាមៗបន្ទាប់ពីពន្ធនាំចូល ១០ភាគរយ របស់អាម៉េរិកចូលជាធរមាន ចិនបានចាប់ផ្តើមវិធានការសងសឹក។ មុខទំនិញ ធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ (LNG) ត្រូវបង់ពន្ធ ១៥ភាគរយ។ ពន្ធលើប្រេងឆៅ គ្រឿងចក្រកសិកម្ម និងរថយន្តមួយចំនួនគឺ ១០ភាគរយ។ លោហធាតុសំខាន់ៗជាច្រើនកំពុងត្រូវបានដាក់កម្រិតពីការនាំចេញ។ បន្ថែមពីនេះ ក្រុមហ៊ុន Google របស់អាម៉េរិកក៏ស្ថិតក្រោមការស៊ើបអង្កេតប្រឆាំងនឹងការទុកចិត្ត ខណៈក្រុមហ៊ុនអាម៉េរិកពីរផ្សេងទៀតត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់ចិន៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: