សម្តេច ហ៊ុន ម៉ាណែត ប្រាប់អ្នកស្រាវជ្រាវឱ្យចុះប្រមូលទិន្នន័យពីមូលដ្ឋានផ្ទាល់ កុំទាញពី Google
  • ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៤៥ នាទី រសៀល
សម្តេច ហ៊ុន ម៉ាណែត ប្រាប់អ្នកស្រាវជ្រាវឱ្យចុះប្រមូលទិន្នន័យពីមូលដ្ឋានផ្ទាល់ កុំទាញពី Google
សម្តេច ហ៊ុន ម៉ាណែត ផ្តាំអ្នកស្រាវជ្រាវឱ្យចុះប្រមូលទិន្នន័យពីមូលដ្ឋានផ្ទាល់ កុំទាញពី Google

ភ្នំពេញ៖​ «បើព័ត៌មានយើងប្រមូលខុស ការសម្រេចចិត្តក៏ខុស ការរៀបចំគោលនយោបាយក៏ខុស នឹងធ្វើឱ្យយើងខាតបង់ច្រើន។ ខាតពេលវេលា ខាតធនធាន ហើយអ្វីដែលសំខាន់នោះ គឺចំណុចដែលយើងចង់អន្តរាគមន៍ជួយពិតប្រាកដ គឺត្រូវបានទុកចោល។»។ នេះជាការលើកឡើងរបស់សម្តេច​ ហ៊ុន ម៉ាណែត​ ដោយផ្តាំទៅកាន់អ្នកស្រាវជ្រាវ ក្នុងការវិភាគទិន្នន័យធ្វើគោលនយោបាយអ្វីមួយ គឺត្រូវចុះប្រមូលទិន្នន័យពីមូលដ្ឋានផ្ទាល់ ឬពីភាគីពាក់ព័ន្ធ ដោយមិនត្រូវទាញយកទិន្នន័យណាមួយ Google ឡើយ។
TTN-Free-Banner-In-Article-PC
-


ក្នុងពិធីបើក «សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្តីពី យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា ៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព» នាព្រឹកថ្ងៃទី៤ ខែមីនា​ សម្តេចនាយករដ្ឋមន្រី្ត បានបញ្ជាក់ថា ការប្រមូលព័ត៌មានខុស អាចឱ្យធ្វើការអន្តរាគមន៍របស់រដ្ឋាភិបាលខុសគោលដៅ ហើយបង្កឱ្យមានបញ្ហាលើសដើម។ នេះ គឺជាកត្តាសំខាន់ក្នុងការពង្រឹងលើកិច្ចការស្រាវជ្រាវ និងប្រមូលទិន្នន័យ ដែលរដ្ឋាភិបាលកំពុងចាត់វិធានការធានានូវសង្គតិភាព និងគុណភាព​ ក្នុងការរៀបចំគោលនយោបាយបន្ថែមទៀត។ 

សម្តេច ហ៊ុន ម៉ាណែត បានចាត់ទុកវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) គឺជាតួអង្គសំខាន់មួយលើកិច្ចការស្រាវជ្រាវ និងប្រមូលទិន្នន័យ ក្នុងការវិភាគធ្វើគោលនយោបាយអ្វីមួយរបស់រដ្ឋាភិបាល។ សម្តេច បានបញ្ជាក់ថា ៖ « នេះជារបៀបដែលរដ្ឋាភិបាលធ្វើ ដោយមិនផ្អែកទៅលើមនុស្សម្នាក់ចេះគ្រប់នោះទេ  គឺផ្អែកទៅលើក្រុមមនុស្ស​ ដែលមានធនធាន បញ្ញាញាណ ជំនាញ ប្រមូលផ្តុំគ្នា ពិគ្រោះគ្នា រៀបចំជាគោលនយោបាយ ដាក់ចេញគោលនយោបាយ យើងអនុវត្ត ហើយតែងតែវាយតម្លៃជាប្រចាំ ដើម្បីពិនិត្យមើល។»។ 

ការៀបចំគោលនយោបាយអ្វីក៏ដោយ ចំណុចដែលសំខាន់បំផុតនោះ គឺផ្តើមចេញពីការវិភាគនូវសភាពការណ៍ច្បាស់លាស់ផ្អែកទៅលើទិន្នន័យ។ វិភាគបានច្បាស់លាស់ហើយ​​ គឺត្រូវដាក់ចេញគោលនយោបាយឱ្យស្របទៅតាមស្ថានភាពភូមិសាស្ត្រ និងប្រជាសាស្ត្រ ទើបការអនុវត្តគោលនយោបាយនោះអាចជោគជ័យ។​ សម្តេច ហ៊ុន ម៉ាណែត បន្តនិយាយយ៉ាងដូច្នេះ៖ « យើងមិនអាចទៅចម្លងគោលនយោបាយដែលធនាគារពិភពលោកសរសេរឱ្យប្រទេសផ្សេងយកមកអនុវត្តនៅកម្ពុជាបាននោះទេ។ យើងប្រាកដជាយកពិសោធន៍ពីនោះខ្លះធ្វើជាមូលដ្ឋាន​ ប៉ុន្តែត្រូវសម្របទៅតាមស្ថានភាពបច្ចុប្បន្នរបស់ប្រទេសយើង។ ស្ថានភាពដែលយើងចុះផ្ទាល់ ប្រមូលផ្ទាល់ពីប្រជាពលរដ្ឋតែម្តង។​»។



បើតាមប្រមុខរដ្ឋាភិបាល បើចង់ឱ្យការអនុវត្តគោលនយោបាយណាមួយត្រឹមត្រូវពិតប្រាកដ គឺត្រូវចុះស្រាវជ្រាវ ហើយច្បាមយកឱ្យបាន។ «នេះជាចំណុចសំខាន់នៃការប្រមូលទិន្នន័យ ការវិភាគហើយពិគ្រោះយោបល់។ ពិគ្រោះជាមួយតួអង្គនោះតែម្តង។ កុំយកទិន្នន័យនៅក្នុងវិស័យឧស្សាហកម្មកម្មន្តសាល ហើយទៅវាយតម្លៃពីសតិអារម្មណ៍ និងការចង់បានរបស់វិស័យសេវាកម្ម។​ ត្រូវតែចុះស្ទង់មតិ (Survey) នៅក្នុងនោះតែម្តង។ នេះជាអ្វីដែលយើងចង់បាន​ហើយយើងធ្វើការងារជាប់ជាប្រចាំ។ បានន័យថា ត្រូវតាមដាន និងត្រួតពិនិត្យ​នៃការអនុវត្តផែនការ​គោលនយោបាយ។»។ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងបែបនេះដោយមើលឃើញពី ការស្ទង់មតិ ការចុះជួបជាប្រចាំនេះ គឺជា​ការប្រមូលទិន្នន័យ​បឋមដ៏សំខាន់មួយដែលទាមទារឱ្យមានការសិក្សាច្បាស់លាស់ ហើយទាញយកមកប្រើប្រាស់ ដើម្បីវិភាគផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ។ 

តែយ៉ាងណាមិញសម្តេចនាយករដ្ឋមន្ត្រីបន្តដោយនិយាយដោយសង្កត់ធ្ងន់ថា៖ « កុំយកការវិភាគស៊ីអារម្មណ៍មកដាក់ចេញជាមូលដ្ឋានធ្វើគោលនយោបាយ​។  ហើយការប្រមូលទិន្នន័យ ក៏មិនត្រូវប្រមូលពី Google យកមកវិភាគ ដោយប្រាកដណាស់យើងត្រូវទាញយកទិន្នន័យផ្លូវការណាមួយ គឺចុះ Survey។»។

រដ្ឋាភិបាលបានចាត់ទុក វិទ្យាស្ថាន CDRI គឺជាធនាគារខួរក្បាល។  មកទល់ពេលនេះ វិទ្យាស្ថាន CDRI មានអាយុ៣៥ឆ្នាំហើយ។ សម្រាប់ការរៀបចំសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ នាពេលនេះ គឺធ្វើឡើងផ្អែកលើសមិទ្ធផលនៃសន្និសីទចក្ខុវិស័យកម្ពុជាកន្លងមក ហើយនឹងបន្តធ្វើជាវេទិកាសម្រាប់ការពិភាក្សា ក្នុងន័យស្ថាបនា ក្នុងចំណោមថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា។ 

គោលបំណងចម្បងនៃសន្និសីទប្រចាំឆ្នា២០២៥  គឺដើម្បីវាយតម្លៃពី ភាពខ្លាំង និងភាពខ្សោយ នៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាពសំខាន់ៗដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា។

សន្និសីទឆ្នាំនេះ ក៏សម្របសម្រួលកិច្ចសន្ទនា ក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ជាតិ និងអន្តរជាតិផងដែរ ដើម្បីយល់ឲ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បីជួយកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃស្ថានភាពដែលមានភាពមិនច្បាស់លាស់ អាចប៉ះពាល់ដល់គន្លង នៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៦នេះ នឹងផ្ដោតសំខាន់លើដំណើរការ និងទស្សនវិស័យអភិវឌ្ឍន៍របស់កម្ពុជា, បញ្ហាប្រឈមនៃរចនាសម្ព័ន្ធ និងរបៀបវារៈកំណែទម្រង់បន្ទាន់ សម្រាប់កំណើនរយៈពេលវែងដោយគុណភាព, ការភ្ជាប់ចក្ខុវិស័យកំណើនថ្មី ជាមួយនឹងការអនុវត្តគោលនយោបាយដោយប្រសិទ្ធភាព និងមាគ៌ាឆ្ពោះទៅមុខ៖ សារៈសំខាន់ៗ សម្រាប់កំណែទម្រង់ និងសកម្មភាព៕

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន