សន្និសីទលើកដំបូង ព្រះអង្គម្ចាស់ជប៉ុន Hisahito ប្តេជ្ញាបំពេញព្រះរាជកិច្ច
- ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:០៩ នាទី រសៀល

ព្រះអង្គម្ចាស់ Hisahito ។ រូបភាព ៖ AFP
ព្រះអង្គម្ចាស់ Hisahito ធ្វើសន្និសីទសារព័ត៌មានជាលើកដំបូងក្នុងនាមជាសមាជិកនៃគ្រួសាររាជវង្សរបស់ជប៉ុននៅព្រះជន្ម ១៨ឆ្នាំ។ ទ្រង់បានសន្យាបំពេញព្រះរាជកិច្ចក្នុងនាមជាខ្សែព្រះរាជវង្ស។

ព្រះអង្គម្ចាស់ Hisahito របស់ជប៉ុន ដែលអាចឡើងសោយរាជ្យនៅពេលអនាគត ប្រសិនបើច្បាប់ស្នងរាជ្យនៅតែមិនផ្លាស់ប្តូរនោះ បានធ្វើសន្និសីទសារព័ត៌មានលើកដំបូងនៅថ្ងៃទី៣ ខែមីនា ដោយសន្យាបំពេញនូវទំនួលខុសត្រូវរបស់ទ្រង់ក្នុងនាមជា«សមាជិកពេញវ័យ»នៃគ្រួសារអធិរាជ។
Hisahito ជាបុត្រតែមួយអង្គគត់របស់រាជទាយាទ Akishino និងម្ចាស់ក្សត្រី Kiko ដែលស្ថិតនៅលំដាប់ទីពីរក្នុងជួររាជបល្ល័ង្កបន្ទាប់ពីព្រះបិតារបស់ទ្រង់។ ជប៉ុនអនុញ្ញាតឱ្យបុត្រាឡើងសោយរាជ្យតែប៉ុណ្ណោះ។ ដូច្នេះព្រះនាង Aiko ដែលជាបុត្រីរបស់អធិរាជ Naruhito មិនមានសិទ្ធិឡើងសោយរាជ្យទេ។
Hisahito មានព្រះជន្ម ១៨ឆ្នាំក្នុងខែកញ្ញា ឆ្នាំ២០២៤ ដែលជាអាយុចាត់ទុកថាធំដឹងក្តីស្ថិតក្រោមច្បាប់របស់ជប៉ុន។ សន្និសីទសារព័ត៌មានមានរយៈពេលប្រហែល ៣០នាទី នៅ Akasaka Residence ក្នុងទីក្រុងតូក្យូ ព្រះអង្គម្ចាស់ Hisahito បានបង្ហាញខ្លួនក្នុងឈុតពណ៌ខ្មៅ ដោយដំបូងឡើយទ្រង់មានព្រះរាជបន្ទូលហាក់ដូចជាតានតឹង ប៉ុន្តែបន្តិចម្តងៗកាន់តែធូរស្រាលនៅក្នុងផ្នែកចុងក្រោយនៃសន្និសីទសារព័ត៌មាន។
ព្រះអង្គម្ចាស់មានបន្ទូលថា ៖«ខ្ញុំដឹងច្បាស់ថា ឥឡូវនេះខ្ញុំជាសមាជិកពេញវ័យនៃព្រះរាជវង្សានុវង្ស។ ខ្ញុំនឹងព្យាយាមបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានហ្មត់ចត់ និងប្រុងប្រយ័ត្ន ហើយស្តាប់យោបល់របស់អ្នកដែលនៅជុំវិញខ្ញុំ»។
ព្រះអង្គម្ចាស់ Hisahito ក៏បានលើកឡើងពីការព្រួយបារម្ភចំពោះព្រឹត្តិការណ៍ភ្លើងឆេះព្រៃនៅ Ofunato ខេត្ត Iwate។ ព្រះអង្គបានផ្ញើសាររំលែកទុក្ខដល់អ្នករងគ្រោះ ហើយសង្ឃឹមថា អគ្គិភ័យនឹងអាចគ្រប់គ្រងបានក្នុងពេលឆាប់ៗនេះ។ នេះជាភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងរយៈពេល ៣ទសវត្សរ៍នៅជប៉ុន ដោយបានបំផ្លាញផ្ទៃដីជាង ១៨០០ហិកតា និងបង្ខំឱ្យមនុស្សចំនួន ៣០០០នាក់នៅភាគខាងជើងនៃប្រទេសនេះត្រូវជម្លៀសចេញ។
នៅពេលសួរអំពីតួនាទីរបស់គ្រួសារអធិរាជជប៉ុន Hisahito បានរំលឹកឡើងវិញនូវទស្សនៈរបស់អធិរាជ Naruhito និងអធិរាជ Emeritus Akihito ថា ៖« អធិរាជត្រូវតែគិតជានិច្ចសម្រាប់ប្រជាជន និងនៅជិតពួកគេ»។ Hisahito ក៏បានចែករំលែកក្តីបារម្ភរបស់ទ្រង់អំពីការប្រែប្រួលអាកាសធាតុ និងផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងវិស័យកសិកម្ម។ នៅខែក្រោយ Hisahito នឹងចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Tsukuba ជំនាញជីវវិទ្យា។
ការយាងមកធ្វើសន្និសីទរបស់ព្រះអង្គម្ចាស់ Hisahito បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ខណៈជប៉ុនប្រឈមមុខនឹងភាពចម្រូងចម្រាសថាតើត្រូវកែទម្រង់ច្បាប់ស្នងរាជ្យ ដើម្បីអនុញ្ញាតឱ្យស្ត្រីឡើងគ្រងរាជ្យ នៅពេលរាជវង្សជប៉ុនកាន់តែមានមនុស្សតិចទៅៗ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: