ហ្វីលីពីន «ជឿជាក់» ថា​ទំនាក់ទំនង​ជាមួយ​អាមេរិក​ក្នុង​អាណត្តិ​លោក Trump នឹង​នៅតែ​រឹងមាំ
  • ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:២៩ នាទី ល្ងាច
ហ្វីលីពីន «ជឿជាក់» ថា​ទំនាក់ទំនង​ជាមួយ​អាមេរិក​ក្នុង​អាណត្តិ​លោក Trump នឹង​នៅតែ​រឹងមាំ
រូបឯកសារ៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិក លោក Jose Manuel Romualdez ថ្លែងក្នុងពិធីមួយនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​លោក «ជឿជាក់» ថា​ចំណង​ទាក់ទង​យោធា​រវាង​ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​នឹង​នៅតែ​រឹងមាំ​ក្រោម​រដ្ឋាភិបាល​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Donald Trump។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។
TTN-Free-Banner-In-Article-PC


ចិន ​និង​ហ្វីលីពីន ​មាន​ការ​ប្រឈម​មុខ​ដាក់គ្នា​កាន់តែ​តានតឹង​ឡើង​ ដោយសារ​បញ្ហា​ថ្មប៉ប្រះ​ទឹក ​និង​ដែនទឹក ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​សហរដ្ឋ​អាមេរិក ​លោក Jose Manuel Romualdez ថា ​លោក​ជឿ​ថា ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ​លើ​ផ្លូវទឹក​ដែល​មាន​ជម្លោះ​នេះ ​និង​ជំនួយ​យោធា​នឹង​នៅតែ​បន្ត ដោយ​លោក​និយាយ​ យោង​ដល់​ការ​លើកលែង​របស់​អាមេរិក ​នូវ​ទឹកប្រាក់​ចំនួន ៣៣៦ លាន​ដុល្លារ ​ដែល​បាន​ផ្ដល់​ជូន​ហ្វីលីពីន ទោះបីជា​មាន​បទបញ្ជា​របស់​ប្រធានាធិបតី​អាមេរិក ​ឲ្យ​បង្កក​ជំនួយ ​និង​ការ​ចំណាយ​នៅ​បរទេស​ក៏ដោយ។

លោក Romualdez បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​កាសែត​បរទេស ​ក្នុង​ទីក្រុង​ម៉ានីល ​នៃ​ប្រទេស​ហ្វីលីពីន​ថា៖ «ខ្ញុំ​គិត​ថា​ទឹកប្រាក់​ទាំងអស់​នោះ​នឹង​នៅតែ​បន្ត។ ខ្ញុំ​ជឿជាក់​ថា​អ៊ីចឹង»។

ពេល​គេ​សួរ​ថា តើ​ទំនាក់ទំនង​ប្រេះឆា ​រវាង​សហរដ្ឋ​អាមេរិក ​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប ​របស់​អាមេរិក ​ដោយសារ​សង្គ្រាម​របស់​រុស្ស៊ី​ នៅ​អ៊ុយក្រែន ​អាច​ប៉ះពាល់​ដល់​ហ្វីលីពីន​យ៉ាង​ដូចម្តេច លោក Romualdez ថា​ក្រុម​បស្ចិម​ប្រទេស ​នៅតែ​មាន​ជំហរ​រួម​ដដែល ​ពេល​និយាយ​ដល់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។

លោក Romualdez និយាយ​ថា៖ «អ្វី​ដែល​កំពុង​កើតឡើង​ក្នុង​ឆាក​នយោបាយ​អឺរ៉ុប ​គឺ​ខុស​ពី​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ទីនេះ។ ផល​ប្រយោជន៍​របស់​ប្រទេស​នានា​ក្នុង​តំបន់​របស់​យើង​ក្នុង​ពិភពលោក​នេះ ​នៅតែ​ដដែល។ [ពាណិជ្ជកម្ម] ក្នុង​ទឹកប្រាក់​រាប់​លាន​ដុល្លារ ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង ហើយ​វា​ច្បាស់​ណាស់​ថា ​យើង​មិន​ចង់​ឲ្យ​ប្រទេស​ណា​មួយ​ លុបលើ​គេឯង​ក្នុង​តំបន់​នេះ​ទេ»៕ 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

VOA