- ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:០៥ នាទី យប់

សៀមរាប៖ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខ ដល់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី១១-១២ ខែមេសាខាងមុខ ដោយសម្ដេច គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ជាប្រធាន។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី៤ ខែមីនា។
បើតាមសេចក្តីសម្រេចដដែល លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ និងជាប្រធាន សសយក ជាអនុប្រធាន។ ចំណែកលោក ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការ គ.ជ.ប.អ ជាអនុប្រធានអចិន្រ្តៃយ៍។
គណៈកម្មការខាងលើមានអនុប្រធាន៦រូបទៀត រួមមាន លោកស្រី គង់ បញ្ញា ទេសរដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ជាដើម។ គណៈកម្មការនេះមានសមាជិក និងសមាជិកា ២៣រូបទៀត ដែលសរុបទាំងអស់ មានចំនួន ៣២រូប។
គណៈកម្មការអន្តរក្រសួងមានតួនាទី ដឹកនាំ រៀបចំ ចាត់ចែង សម្របសម្រួលជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីឱ្យដំណើរការនៃការរៀបចំព្រះរាជពិធីប្រព្រឹត្តិទៅបានល្អ រៀបចំការពារសន្តិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងធានាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ មុន-ក្រោយពេលប្រារព្ធ ព្រះរាជពិធី។ ទំនាក់ទំនង និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការអញ្ជើញភ្ញៀវជាន់ខ្ពស់ជាតិ អន្តរជាតិ និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការប្រារព្ធព្រះរាជពិធីឱ្យបានទូលំទូលាយ៕
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕
