បុគ្គល និងក្រុមហ៊ុនចំនួន៣៧ ជាប់ក្នុងបញ្ជីខ្មៅ មិនឱ្យចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍ ឃុំ-សង្កាត់
- ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៥៣ នាទី យប់

សកម្មភាពនៃកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង ៣ខ្សែ ក្នុងឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តទៅនៅសាលាឃុំភ្នំតូច កាលពីខែមករា ឆ្នាំ២០២៥ កន្លងទៅ។ រូបភាព៖ ហ្វេសប៊ុករដ្ឋបាលឃុំភ្នំតូច
ក្រសួងមហាផ្ទៃ បានដាក់បុគ្គល និងក្រុមហ៊ុនចំនួន៣៧ ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់ មិនឱ្យដាក់សំណើដេញថ្លៃគម្រោងអភិវឌ្ឍន៍ ឃុំ សង្កាត់។ នេះបើយោងតាមលិខិតរបស់អគ្គនាយករដ្ឋបាល នៃក្រសួងមហាផ្ទៃ ប្រាប់ទៅអភិបាលរាជធានីខេត្ត ចុះថ្ងៃទី១៨ ខែកុម្ភៈ និងភ្ជាប់ជាមួយបញ្ជីឈ្មោះបុគ្គល និងក្រុមហ៊ុនទាំងនោះផង។

បើយោងតាមបញ្ជីឈ្មោះបុគ្គល និងក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីខ្មៅនោះ មានបុគ្គល និងក្រុមហ៊ុនចំនួន២៧ គឺត្រូវបានហាមឃាត់ មិនឱ្យចូលរួមចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ ជារៀងរហូត។ ៧ក្រុមហ៊ុន ជាប់បំរាម រយៈពេល១ឆ្នាំ។ ៣ក្រុមហ៊ុនទៀត មាន១ក្រុមហ៊ុន ជាប់ក្នុងបញ្ជីខ្មៅ រយៈពេល ៥ឆ្នាំ, ១ជាប់ក្នុងបញ្ជីខ្មៅ រយៈពេល ១០ខែ និង១ក្រុមហ៊ុន គឺជាប់បំរាម រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ទើបមានសិទ្ធិចូលរួមដាក់សំណើដេញថ្លៃគម្រោង ឬធ្វើជាតំណាងក្រុមហ៊ុនចូលរួមដេញថ្លៃឡើងវិញ។
ជុំវិញការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់នេះដែរ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា ធ្លាប់បានព្រមានចាត់វិធានការលើមន្ត្រីទាំងឡាយ និងអ្នកទទួលការណា ដែលបានបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់។ ការព្រមានរបស់លោក ស សុខា ធ្វើឡើង ការព្រមាននេះធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃ សង្កេតឃើញថា មានភាពមិនប្រក្រតីកំពុងកើតមានឡើង ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ មានដូចជា ការក្លែងបន្លំ ការបង្ខិតបង្ខំ អំពើពុករលួយ និងភាពរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់នៅក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងជាដើម។
អត្ថបទទាក់ទង
:គួរកត់សម្គាល់ថា នៅក្នុងចំណោមបញ្ជីឈ្មោះបុគ្គល និងក្រុមហ៊ុន ដែលក្រសួងមហាផ្ទៃបានដាក់ក្នុងបញ្ជីខ្មៅខាងលើនេះ មាន ១៦ អ្នកទទួលការ និងក្រុមហ៊ុន ដែលត្រូវបានដកសិទ្ធិមិនឱ្យចូលរួមដេញថ្លៃ នៅក្នុងអំឡុងឆ្នាំ២០២៤។ សល់ប៉ុន្មាន គឺជាអ្នកទទួលទទួលការ ដែលក្រសួងមហាផ្ទៃ បានដកសិទ្ធិមិនឱ្យចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ ឬធ្វើជាអ្នកតំណាងឱ្យក្រុមហ៊ុនណាមួយក្នុងការដេញថ្លៃ ឬធ្វើជាអ្នកទទួលការបន្តក្នុងការអនុវត្តកិច្ចសន្យាដែលដេញថ្លៃបាន នៅមុនឆ្នាំ២០២៤៕
© រក្សាសិទ្ធិដោយ thmeythmey.com