ពលរដ្ឋអាម៉េរិករងសម្ពាធចំណាយ ស្របពេលទំនិញពីកាណាដា និងចិនឡើងថ្លៃ
- ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:២៩ នាទី ព្រឹក

រូបភាព ៖ AFP
លោក ដូណាល់ ត្រាំ បានដាក់ពន្ធនាំចូលថ្មីលើទំនិញពីប្រទេស ម៉ិកស៊ិក កាណាដា និងចិន ដោយបង្កើនការចំណាយសម្រាប់អាជីវកម្ម និងប្រជាជនអាម៉េរិក។ ជាពិសេស ការដាក់់ពន្ធនាំចូលនេះ គឺគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចអាម៉េរិក។

ចាប់ពីថ្ងៃទី៤ ខែមីនា ទំនិញម៉ិកស៊ិក និងកាណាដាទាំងអ ស់ដែលចូលអាម៉េរិកត្រូវបង់ពន្ធនាំចូលថ្មី។ ដូច្នេះ ថាមពលនាំចូលពីកាណាដានឹងត្រូវបង់ពន្ធ ១០ភាគរយ។ ទំនិញពីម៉ិកស៊ិក ក៏ត្រូវបង់ពន្ធ ២៥ភាគរយ។ ហើយផលិតផលផ្សេងទៀតពីប្រទេសទាំងពីរត្រូវជាប់ពន្ធ ២៥ភាគរយ ។
លើសពីនេះ ទំនិញពីចិនទាំងអស់នឹងត្រូវបង់ពន្ធបន្ថែម១០ភាគរយ ដែលនាំឱ្យអត្រាពន្ធបន្ថែមសរុបឡើងដល់ ២០ភាគរយ។ ពន្ធគយទាំងនេះ គ្របដណ្តប់ជិត ២,២ពាន់ពាន់លានដុល្លារ នៃពាណិជ្ជកម្មទ្វេភាគីជាមួយអាម៉េរិកជារៀងរាល់ឆ្នាំ។
ទន្ទឹមនេះ ចិនបានឆ្លើយតបភ្លាមៗ និងប្រកាសពន្ធបន្ថែមពី១០ភាគរយទៅ ១៥ភាគរយ លើការនាំចូលមួយចំនួនរបស់អាម៉េរិកចាប់ពីថ្ងៃទី១០ ខែមីនា។ ជាមួយគ្នានេះ ប្រទេសនេះក៏បានបន្ថែមអាជីវកម្មអាម៉េរិកចំនួន១៥ ទៅក្នុងបញ្ជីរឹតបន្តឹងការនាំចេញផងដែរ។
កាណាដា ក៏បានឆ្លើយតបជាមួយនឹងពន្ធ ២៥ភាគរយលើទំនិញរបស់អាម៉េរិកដែលមានតម្លៃ ៣០ពាន់លានដុល្លារកាណាដា ស្របពេលផលិតផលប្រហែល ១២៥៦ត្រូវបានរងផលប៉ះពាល់។ នៅថ្ងៃទី២៥ ខែមីនា ពន្ធលើទំនិញអាម៉េរិកតម្លៃ ១២៥ពាន់លានដុល្លារផ្សេងទៀត ក៏នឹងចូលជាធរមានរបស់កាណាដាដែរ។ ម៉ិកស៊ិក បាននិយាយថា ខ្លួននឹងប្រកាសព័ត៌មានលម្អិតអំពីគោលនយោបាយសងសឹករបស់ខ្លួននៅថ្ងៃទី៩ ខែមីនា ដោយបង្កើនហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មនៅអាម៉េរិកខាងជើង។ នេះបើយោងតាមសារព័ត៌មាន CNN ។
បើតាមអ្នកជំនាញ ការដាក់ពន្ធលើផលិតផលពីម៉ិកស៊ិក កាណាដា និងចិន អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចអាម៉េរិក ដែលពឹងផ្អែកខ្លាំងលើការនាំចូល ដើម្បីផ្គត់ផ្គង់ទំនិញប្រើប្រាស់ និងវត្ថុធាតុដើម និងប្រេងឥន្ធនៈសម្រាប់ផលិតកម្ម។
ដូច្នោះហើយ ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រឈមនឹងគុណវិបត្តិនៃការចំណាយបន្ថែម ហើយមានភាពអសកម្មក្នុងការធ្វើផែនការ។ លោក Jay Foreman នាយកប្រតិបត្តិក្រុមហ៊ុនរបស់ក្មេង Basic Fun! បាននិយាយថា ក្រុមហ៊ុនទើបតែចាប់ផ្តើមឆ្លើយតបទៅនឹងពន្ធ ១០ភាគរយ ដែលលោក ត្រាំ បានដាក់លើការនាំចូលទាំងអស់ពីចិនកាលពីខែមុន។ បច្ចុប្បន្ន ពន្ធបន្ថែម ១០ភាគរយ កំពុងធ្វើឱ្យក្រុមហ៊ុនខាតបង់រហូតដល់ ៥លានដុល្លារ។
ហេតុផលប្រហែល ៩០ភាគរយនៃ Basic Fun របស់ក្មេងលេងត្រូវបានផលិតចេញពីវត្ថុធាតុដើមកែច្នៃផលិតនៅចិន។ បើតាមលោក Foreman ពួកគេត្រូវបានបង្ខំឱ្យទទួលបន្ទុកពន្ធទាំងមូលរហូតដល់ឆ្នាំ២០២៦ ដោយសារតែកិច្ចសន្យាដែលបានចុះហត្ថលេខាជាមួយអតិថិជន។ «រាល់ផែនការណារបស់យើង ដែលដាក់ដើម្បីដោះស្រាយជាមួយនឹងពន្ធ ១០ភាគរយគឺមិនអាចទៅរួចនោះទេ ប្រសិនបើអត្រាពន្ធកើនឡើងទ្វេដង»។
នៅក្នុងសេណារីយ៉ូដ៏ល្អរបស់លោក ត្រាំ ការដំឡើងពន្ធនឹងធ្វើឱ្យក្រុមហ៊ុនដូចជា Basic Fun ឈប់ធ្វើអាជីវកម្ម ហើយផ្លាស់ប្តូរខ្សែផលិតកម្មទៅអាម៉េរិក។ ប៉ុន្តែបើតាមលោក Foreman នេះមិនអាចទៅរួចទេ ដោយសារផ្នែកហិរញ្ញវត្ថុ។ ចិន មានអត្ថប្រយោជន៍ប្រៀបធៀបលើកម្លាំងពលកម្ម ថ្លៃដើម និងសមត្ថភាពផលិតក្នុងឧស្សាហកម្មក្មេងលេង។ លោកបានពន្យល់ថា៖ «មានរបស់ដែលមិនអាចផលិតបាននៅអាម៉េរិក ហើយរបស់ក្មេងលេងគឺជាវត្ថុមួយក្នុងចំណោមនោះ»។
ទោះបីជាផលិតកម្មអាចត្រូវបានផ្លាស់ទីត្រឡប់ទៅអាម៉េរិកវិញ លោក Foreman បាននិយាយថា តម្លៃលក់រាយទំនងជានឹងកើនឡើងយ៉ាងខ្លាំង។ លោកបានចោទជាសំណួរថា ៖« តុក្កតាតូចតម្លៃ ១០ដុល្លារនឹងឡើងដល់ ៣០ ដុល្លារ។ តើនោះជារឿងដែលអ្នកចំណាយចង់បានមែនទេ»។
ខ្សែច្រវាក់អាហាររហ័ស Chipotle ក៏មានការប្រុងប្រយ័ត្នចំពោះពន្ធថ្មីផងដែរ។ នាយកប្រតិបត្តិ Scott Boatwright គ្រោងនឹងទាញយកការចំណាយបន្ថែមពីពន្ធ និងរក្សាតម្លៃដដែល។ លោកបានបន្តថា៖ «យើងមិនដឹងថាតើពន្ធគយទាំងនេះជាបណ្ដោះអាសន្នឬនឹងក្លាយជាគោលនយោបាយអចិន្ត្រៃយ៍ក្រោមរដ្ឋបាលថ្មីទេ»។ ពួកគេមិនបានច្រានចោលការឡើងថ្លៃទេ ប្រសិនបើពន្ធគយបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរ។
អ្នកផ្គត់ផ្គង់ឧបករណ៍ដឹកជញ្ជូនបានប្រាប់វិទ្យាស្ថានសម្រាប់ការគ្រប់គ្រងការផ្គត់ផ្គង់ (ISM) ថា អតិថិជនរបស់ខ្លួនកំពុងរារាំងការបញ្ជាទិញថ្មីដោយសារតែភាពមិនច្បាស់លាស់លើគោលនយោបាយពន្ធ។ ពួកគេបាននិយាយថា រដ្ឋាភិបាលមិនបានផ្តល់ការណែនាំច្បាស់លាស់អំពីរបៀបអនុវត្តវា ដែលធ្វើឱ្យវាពិបាកក្នុងការទស្សន៍ទាយផលប៉ះពាល់លើអាជីវកម្ម។
គោលនយោបាយពន្ធក៏អាចជះឥទ្ធិពលអវិជ្ជមានដល់អារម្មណ៍អតិថិជនរបស់អាម៉េរិកដែរ។ ដោយសារតែតម្លៃហានិភ័យកើនឡើង ពេលអតិផរណានៅតែលើសពីគោលដៅរបស់ធនាគារកណ្តាល។ នេះអាចរារាំងឲ្យធនាគារកណ្តាលពីការបញ្ចុះអត្រាការប្រាក់ ដែលធ្វើឲ្យបញ្ហាតម្លៃនៃការរស់នៅកាន់តែពិបាកសម្រាប់ប្រជាជន។
សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់របស់អាម៉េរិករបស់ Conference Board បានធ្លាក់ចុះ ១១ពិន្ទុក្នុងរយៈពេលពីរខែកន្លងមក ដែលជាការធ្លាក់ចុះដ៏ធំបំផុតក្នុងរយៈពេលដូចគ្នាចាប់តាំងពីឆ្នាំ ២០០៩។ ទន្ទឹមនេះ សន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់របស់សាកលវិទ្យាល័យ Michigan បានធ្លាក់ចុះ ៩ពិន្ទុក្នុងរយៈពេលដូចគ្នា ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៧៨។
លោកស្រី Candace Laing នាយកប្រតិបត្តិសភាពាណិជ្ជកម្មកាណាដាបានបន្តថា ពន្ធគយនឹងមិននាំមកនូវ«យុគសម័យមាស»ដែលលោក ត្រាំ រំពឹងនោះទេ។ ផ្ទុយទៅវិញ វាបានរំខានដល់ច្រវ៉ាក់ផ្គត់ផ្គង់ បង្កើនការចំណាយសម្រាប់ទាំងក្រុមហ៊ុនផលិត និងអ្នកប្រើប្រាស់ទៅវិញ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: