លក់ឡាយឡុង ឬយ៉ាងណា? ច្បាប់ស្តីពីការ​ចាត់ចែងបណ្តោះអាសន្ន​នូវត្ថុចាប់យក ត្រូវបានដាក់ឱ្យ​ប្រើ​ប្រាស់
  • ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥៩ នាទី ព្រឹក
លក់ឡាយឡុង ឬយ៉ាងណា? ច្បាប់ស្តីពីការ​ចាត់ចែងបណ្តោះអាសន្ន​នូវត្ថុចាប់យក ត្រូវបានដាក់ឱ្យ​ប្រើ​ប្រាស់

អនុម័ត​ដោយ​រដ្ឋសភាកាលពីថ្ងៃទី១៨ ខែកុម្ភៈ ហើយ​៨ថ្ងៃក្រោយមក ត្រូវបាន​ពិនិត្យ​ចប់សព្វគ្រប់ទាំងស្រុងដោយ​ព្រឹទ្ធសភា ច្បាប់​ស្តីពីការចាត់ចែង​ជាបណ្តោះអាសន្ន​នូវ​វត្ថុ​ចាប់យក ត្រូវបានប្រកាសឱ្យប្រើ​ប្រាស់​ជាផ្លូវការ តាមរយៈព្រះរាជក្រម ចុះ​ថ្ងៃទី១ ខែមីនា។
TTN-Free-Banner-In-Article-PC


ច្បាប់ដែលមាន​៤ជំពូក និង​១៥មាត្រានេះ ចែង​ដើម្បី​កំណត់លក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងគោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។

តាមមាត្រា៣ ការចាត់ចែងជាបណ្តោះអាសន្ន សំដៅដល់ការលក់ឡាយឡុងនូវវត្ថុចាប់យកដែលអាចជាកម្មវត្ថុ នៃការចាត់ចែងជាបណ្តោះអាសន្ន ឬការចាត់ចែងក្នុងទម្រង់ណាមួយផ្សេងទៀតក្រៅពីការលក់ឡាយឡុង តាមការកំណត់ក្នុងច្បាប់នេះ នៅមុនពេលមានការសម្រេចនៅក្នុងសាលក្រម ឬសាលដីកា ស្ថាពររបស់តុលាការ។

ម្ចាស់ករណីសំដៅដល់អង្គភាព ឬមន្ត្រីនគរបាលយុត្តិធម៌ ដែលបានធ្វើប្រតិបត្តិការក្នុងការចាប់នូវវត្ថុចាប់យក។ វាក្យសព្ទ «វត្ថុចាប់យក» សំដៅដល់វត្ថុតាង ឬវត្ថុដទៃទៀតដែលត្រូវបានចាប់យក ឬឃាត់ទុក ឬបង្កកនៅគ្រប់ដំណាក់កាលនៃនីតិវិធីនៅក្នុងរឿងក្តីព្រហ្មទណ្ឌ រីឯបុគ្គលពាក់ព័ន្ធ សំដៅដល់បុគ្គលដែលមានផលប្រយោជន៍ពាក់ព័ន្ធនឹងវត្ថុចាប់យក ជាអាទិ៍ម្ចាស់វត្ថុ ឬបុគ្គលដែលពាក់ព័ន្ធនឹងដំណើរការរឿងក្តីព្រហ្មទណ្ឌ។ 

វត្ថុចាប់យកដែលអាចជាកម្មវត្ថុនៃការចាត់ចែងជាបណ្តោះអាសន្ន មានដូចជា វត្ថុដែលគុណភាពរបស់វាមិនអាចរក្សាទុកបានយូរ ឬដែលអាចខូចខាតភ្លាមៗ, វត្ថុដែលការរក្សាទុករយៈពេលវែងធ្វើឱ្យបាត់បង់បរិមាណ ឬខូចគុណភាព, វត្ថុដែលការរក្សាទុករយៈពេលវែងបណ្តាលឱ្យចុះតម្លៃសេដ្ឋកិច្ចច្រើន, វត្ថុដែលត្រូវការសោហ៊ុយច្រើនដើម្បីរក្សាទុក, វត្ថុដែលគ្មានបុគ្គលណាទាមទារក្រោយរយៈពេល១ឆ្នាំគិតពីថ្ងៃចាប់យក, វត្ថុដែលគ្មានបុគ្គលណាមកទទួលយកបន្ទាប់ពីមានសេចក្តីសម្រេចប្រគល់ជូនបុគ្គលនោះ ក្រោយរយៈពេល៦ខែ គិតពីថ្ងៃជូនដំណឹង និង​វត្ថុដែលត្រូវបានចាប់យក ប៉ុន្តែពុំមានសេចក្តីសម្រេចណាមួយរបស់តុលាការ។

តការប្រើប្រាស់វិធានការនៃការចាត់ចែងជាបណ្តោះអាសន្ននេះ អាចធ្វើទៅបានក្នុងលក្ខខណ្ឌ ដែលវិធានការនេះពុំបង្កជាឧបសគ្គដល់ការសម្តែងឱ្យឃើញការពិត នៅក្នុងដំណើរការរឿងក្តីព្រហ្មទណ្ឌ។ ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ត្រូវធ្វើទៅលើវត្ថុដែលអាចជាកម្មវត្ថុនៃការរឹបអូស ឬត្រូវធ្វើឡើង ដើម្បីការពារផលប្រយោជន៍របស់ម្ចាស់វត្ថុ ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត សាធារណៈ។ 

តាមមាត្រា​៥ដដែល ការចាត់ចែងជាបណ្តោះអាសន្នមិនអាចធ្វើបានឡើយ ប្រសិនបើវត្ថុដែលចាប់យកនោះត្រូវប្រគល់ឱ្យម្ចាស់ដើមវិញ ដែល​ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។ ប៉ុន្តែចំពោះវត្ថុចាប់យកដែលមានគ្រោះថ្នាក់ចំពោះមនុស្ស ទ្រព្យសម្បត្តិ ឬបរិស្ថាន ព្រមទាំងវត្ថុដែលមិនអាចកាន់កាប់បានដោយស្របច្បាប់ដោយបុគ្គលឯកជន ត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ ឬត្រូវបំផ្លាញចោល ក្រោមការសម្រេចរបស់ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ ឬ ចៅក្រមជំនុំជម្រះ។

សម្រាប់ការចាត់ចែង​ជាបណ្តោះអាសន្ន​នូវវត្ថុចាប់យក ព្រះរាជអាជ្ញាមាន​សមត្ថកិច្ច​ក្នុងដំណាក់​កាលស៊ើបអង្កេត (អយ្យការ), ចៅ​ក្រម​ស៊ើបសួរ មាន​សមត្ថកិច្ចនៅ​ដំណាក់​កាលស៊ើបសួរ និងចៅក្រម​ជំនុំជម្រះ មាន​សមត្ថកិច្ច​នៅក្នុងដំណាក់កាលជំនុំជម្រះ។ 

ការជូនដំណឹងទៅបុគ្គលពាក់ព័ន្ធអំពីការសម្រេចចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ត្រូវផ្សព្វផ្សាយជាសាធារណៈតាមសារព័ត៌មាន និងត្រូវបិទផ្សាយនៅបញ្ជារបិទផ្សាយព័ត៌មានរបស់សាលាដំបូង និងត្រូវផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់សាលាដំបូង។ 

បែបបទ និងនីតិវិធីនៃការលក់ឡាយឡុងនេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ក្នុងករណីចាំបាច់ ការចាត់ចែងជាបណ្តោះអាសន្ន អាចធ្វើក្នុងទម្រង់ផ្សេងក្រៅពីការលក់ឡាយឡុង ដោយ​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវចេញប្រកាសដើម្បីកំណត់អំពីបែបបទ និងនីតិវិធីក្នុងការអនុវត្ត។

ជាមួយគ្នានេះ  ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ ឬ ចៅក្រមជំនុំជម្រះ អាចសម្រេចប្រគល់វត្ថុទៅឱ្យអ្នកស្នើសុំ ក្នុងករណីដែលម្ចាស់វត្ថុ ឬអ្នកកាន់កាប់វត្ថុ ឬតំណាងស្របច្បាប់ បានស្នើសុំដាក់ប្រាក់តម្កល់ជំនួសឱ្យការចាត់ចែងជាបណ្តោះអាសន្ន តាមតម្លៃទីផ្សារជាក់ស្តែង។ 

ប្រាក់ដែលបានមកពីការលក់វត្ថុចាប់យក និងប្រាក់ដែលត្រូវបានដាក់តម្កល់នៅក្នុងនីតិវិធីនៃការចាត់ចែងជាបណ្តោះអាសន្ន ត្រូវតម្កល់ទុកនៅក្នុងគណនីធនាគារណាមួយ ដែលកំណត់ដោយរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយ​ការចាត់ចែងប្រាក់តម្កល់ទុកនេះ ត្រូវអនុវត្តស្របតាមច្បាប់ សេចក្តីសម្រេចរបស់តុលាការ និង បទប្បញ្ញត្តិជាធរមានផ្សេងទៀត៕ 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម