រដ្ឋមន្រ្តីព័ត៌មាន ជំរុញឱ្យអ្នកអង្គរថ្មី និងអ្នក​អង្គរចាស់ ធ្វើសមាហរណកម្ម ការពារមរតកវប្បធម៌ដ៏ផូរផង់
  • ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៥៩ នាទី ព្រឹក
រដ្ឋមន្រ្តីព័ត៌មាន ជំរុញឱ្យអ្នកអង្គរថ្មី និងអ្នក​អង្គរចាស់ ធ្វើសមាហរណកម្ម ការពារមរតកវប្បធម៌ដ៏ផូរផង់

ភ្នំពេញ៖ ដោយមើលឃើញពីគុណតម្លៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់នៅលើទឹកដីអង្គរនោះ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យពលរដ្ឋចំណូលថ្មី និងពលរដ្ឋរស់នៅតជំនាន់លើទឹកដីអច្ឆរិយនេះ បន្តរួមគ្នាអភិរក្ស និងថែរក្សាមរតកដូនតាទាំងនេះ កុំឱ្យបាត់បង់។
TTN-Free-Banner-In-Article-PC


ថ្លែងក្នុងកិច្ចសំណេះសំណាលជាមួយក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ កាលពីថ្ងៃទី៣ មីនា លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ពលរដ្ឋដែលទើបតែសង់ទីលំនៅលើតំបន់អង្គរ ត្រូវសម្របខ្លួន ជាមួយពលរដ្ឋសែស្រឡាយដូនតាអង្គរ ដើម្បីធ្វើដំណើររួមគ្នាជាធ្លុងមួយ ក្នុងការជួយការពារសម្បត្តិវប្បធម៌ នៅលើទឹកដីដ៏ពិសិដ្ឋនេះ។ រដ្ឋមន្រ្តីព័ត៌មាន បានបន្ថែមថា អ្នកចំណូលថ្មី មិនត្រូវនាំយកអ្វី ដែលជាទម្រង់ និងរូបភាពថ្មី ធ្វើឱ្យឆ្គាំឆ្គង និងប៉ះពាល់ទៅដល់វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់បុព្វបុរសដូនតាខ្មែរឡើយ។

«អ្នកអង្គរថ្មី ត្រូវសមាហរណកម្មជាមួយអ្នកអង្គរចាស់។ អ្នកចំណូលថ្មី ត្រូវផ្សារភ្ជាប់ជាមួយវប្បធម៌ដូនតាលើទឹកដីអង្គរ។ អ្នកថ្មី ត្រូវមានស្មារតីជាប្រជាជនអង្គរ និងបេះដូងដូនតាអង្គរ ដោយត្រូវចូលរួមអភិរក្ស អនុវត្ត និងរួមគ្នាថែរក្សាមរតកវប្បធម៌រស់រវើករបស់ដូនតា ជាមួយអ្នកស្រុកអង្គរចាស់»។ នេះបើតាមលោក នេត្រ ភក្ត្រា ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានគាំទ្រដល់ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ដែលបានចងក្រង និងបោះពុម្ពផ្សាយសៀវភៅ«លើសពីអង្គរ»។ លោក នេត្រ ភក្រ្តា ចាត់ទុកស្នាដៃសៀវភៅ«លើសពីអង្គរ» គឺជាវណ្ណកម្មថ្មីទៀត ​បង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់រស់រវើករបស់ពលរដ្ឋ និងតំបន់អង្គរ។ បើតាមលោក ភក្ត្រា វណ្ណកម្មមួយនេះ ពិតជាមានសារសំខាន់ និងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ទៀតផង។

«សៀវភៅនេះ នឹងជួយឱ្យភ្ញៀវទេសចរយល់ដឹងពីវប្បធម៌រស់ មរតករស់ ប្រពៃណី ទំនៀមទម្លាប់ សាសនារស់រវើកនៅតំបន់អង្គរ។ នៅពេលភ្ញៀវទេសចរយល់ដឹងពីរឿងរ៉ាវទាំងអស់នេះ ទើបធ្វើឱ្យពួកគេមានអារម្មណ៍ស្ញប់ស្ញែង និងស្ងើចសរសើរដល់ភាពអច្ឆរិយ និងភាពអស្ចារ្យនៃទឹកដីអង្គរខ្មែរយើង»។ នេះបើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជំរុញឱ្យក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ចងក្រង និងផលិតស្នាដៃសៀវភៅបន្ថែមទៀត។ 

កន្លងមក មានមតិជាច្រើនលើកឡើងថា មកដើរកម្សាន្តនៅតំបន់ប្រាសាទ នៅទឹកដីអង្គរ គឺបានត្រឹមតែមើលថ្មប្រាសាទប៉ុណ្ណោះ ហើយទាល់តែចេះនិយាយជាមួយថ្ម ទើបអាចយល់ពីអត្ថន័យប្រាសាទ។ ត្រង់ចំណុចនេះ លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការចងក្រងសៀវភៅពីតំបន់អង្គរច្រើននោះ នឹងជួយឱ្យពួកគេយល់តម្លៃពីថ្មប្រាសាទទាំងនេះ ។ បើតាមរដ្ឋមន្រ្តីព័ត៌មាន នៅពេលពលរដ្ឋយល់ពីតម្លៃនៃថ្មប្រាសាទហើយ ទើបពួកគេអាចនិយាយជាមួយថ្មប្រាសាទបាន។

ជាមួយគ្នានេះក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ បានជូនសៀវភៅ«លើសពីអង្គរ» និង«អ្នកថែអង្គរ» ចំនួន១៥ក្បាល ប្រគល់ជូនរដ្ឋមន្រ្តីក្រសួងព័ត៌មានផងដែរ។ ជាការគាំទ្រដល់ស្នាដៃទាំងនេះ រដ្ឋមន្រ្តីព័ត៌មាន ក៏បានជួយជាវសៀវភៅ«លើសពីអង្គរ» ចំនួន១០០ក្បាលថែមទៀតផង។ លោក នេត្រ ភក្ត្រា ក៏ជំរុញឱ្យក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ចងក្រង និងផលិតស្នាដៃសៀវភៅពីតំបន់អង្គរបន្ថែមទៀត។

ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ កំពុងរៀបចំវណ្ណកម្មមួយទៀត ដែលរំលេចពីរឿងរ៉ាវផ្សេងៗ លើទឹកដីអច្ឆរិយមួយនេះ៕

អ្នកសរសេរអត្ថបទ

រំដួល ចិត្រា (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថល​ថ្មីៗ នៅឆ្នាំ២០១៤ ។ ចិត្រា មានជំនាញ​សរសេរ​ព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយក​ការណ៍​។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រំដួល ចិត្រា