រុស្ស៊ី និងមីយ៉ាន់ម៉ា ចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ
- ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

លោក មីន អ៊ុងឡាំង មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា (ឆ្វេង) និងលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ។ រូបភាព ៖ AP
ក្នុងដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី នៅថ្ងៃទី៤ ខែកុម្ភៈ របស់មេដឹកនាំរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ាលោក មីន អ៊ុង ឡាំង ភាគីទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសាង សង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅមីយ៉ាន់ម៉ា។

បើតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ស្តីពីការ សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ កម្រិតអានុភាពទាប នៅមីយ៉ាន់ម៉ា ទើបតែត្រូវបាន ហត្ថលេខា ដោយត្រួសត្រាយផ្លូវសម្រាប់ការផ្តល់ថាមពលដែលមានតម្លៃថោក និង សុវត្ថិភាពបរិស្ថាន ដល់ប្រទេសនេះ។
លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ ក៏នឹងក្លាយជាកម្លាំង ចលករដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា ជាមួយនឹងការបង្កើតការងារថ្មី រាប់ពាន់កន្លែង។ លោក ពូទីន អះអាងថា ថាមពលគឺជាវិស័យយុទ្ធសាស្ត្រ នៃកិច្ចសហ ប្រតិបត្តិការរវាងភាគីទាំងពីរ ហើយរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ធនធាន ថាមពលដល់មីយ៉ាន់ម៉ា។
មុននេះក្នុងជំនួបជាមួយ លោក មីន អ៊ុងឡាំង នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានអះអាងថា ទោះបីជាមានការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី និងមីយ៉ាន់ម៉ា ក៏ ដោយ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងភាគីទាំងពីរ មានការរីកចម្រើន ច្រើន ហើយទំហំពាណិជ្ជកម្មទ្វេភាគី កំពុងកើនឡើង។
បើតាមនាយករដ្ឋមន្ត្រីរុស្ស៊ី ភាគីទាំងពីរ កំពុងអនុវត្តគម្រោងរួមថ្មីៗលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន ការធ្វើអាជីវកម្មរ៉ែ និងកែច្នៃ ហើយមានឱកាសជាច្រើន ដើម្បីពង្រីកកិច្ច សហប្រតិបត្តិការលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកសិកម្ម។ នាយករដ្ឋមន្ត្រី Mishustin បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ា ជាដៃគូដ៏សំខាន់របស់រុស្ស៊ី នៅក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នាក្នុងវិស័យរុករក និងប្រើប្រាស់លំហខាងក្រៅ ក្នុងគោលបំណងសន្តិភាព៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: