អ្នកជិះកង់ផ្សងព្រេង ទីវ តារ៉ារិទ្ធ៖ «សូមកុំហៅខ្ញុំថា វីរបុរស ព្រោះពាក្យនេះ ធំធេងណាស់»
  • ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៣៦ នាទី រសៀល
អ្នកជិះកង់ផ្សងព្រេង ទីវ តារ៉ារិទ្ធ៖ «សូមកុំហៅខ្ញុំថា វីរបុរស ព្រោះពាក្យនេះ ធំធេងណាស់»
លោក ទីវ តារារិទ្ធ អ្នកជិះកង់ផ្សងព្រេង ដើម្បីកុមារកម្ពុជា ។ រូបពី Travel with Rith

លោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងដើម្បីសប្បុរសធម៌ បានសំណូមពរឲ្យមហាជន ឈប់បន្ដហៅខ្លួនលោកថាជា«វិរៈបុរស»ទៀត ដោយសារពាក្យនេះ មានអត្ថន័យធំធេងណាស់។ បច្ចុប្បន្ន អ្នកជិះកង់រូបនេះ ធ្វើដំណើរបានចម្ងាយជាង ២ម៉ឺនគីឡូម៉ែត្រ និងបន្ដជិះទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។
TTN-Free-Banner-In-Article-PC


២៨០ថ្ងៃ ដែលលោក ទីវ តារារិទ្ធិ ធ្វើដំណើរបានជាង ២ម៉ឺនគីឡូម៉ែត្រ និងកំពុងស្ថិតនៅទីក្រុង Bojnurd ក្នុងប្រទេសអ៊ីរ៉ង ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យលើទឹកដីអង្គរ ។ អ្នកជិះកង់ផ្សងព្រេងរូបនេះ ទើបតែចេញផុតពីប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី៣ មីនា ហើយចូលមកប្រទេសអ៊ីរ៉ង។ 

ការជិះកង់ផ្សងព្រេងពីកម្ពុជា ទៅទ្វីបអឺរ៉ុបដើម្បីរៃថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានមហាជន ចាត់ទុកលោក ទីវ តារារិទ្ធិ ថា ជា«វិរៈបុរស» (Hero)។ ប៉ុន្តែអ្នកជិះកង់វ័យ ៣៦ឆ្នាំរូបនេះ បានបដិសេធចំពោះពាក្យលើកតម្កើងមួយនេះ ដោយបានសំណូមពរឲ្យមហាជន ហៅត្រឹមតែជា«អាយដល» បានហើយ។ ការផ្សងព្រេងនេះ គឺជាបេសកកម្មមួយ ដែលលោក តារារិទ្ធិ ធ្វើទៅតាមក្ដីស្រមៃរបស់ខ្លួន ។ 

តាមរយៈវីដេអូផ្សាយលើហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីយប់ថ្ងៃទី៤ មីនា អ្នកជិះកង់រូបនេះ បាននិយាយថា៖«សូមកុំហៅខ្ញុំថាវីរបុរសអី។ ខ្ញុំ គ្រាន់តែជាអ្នកផ្សងព្រេង ប៉ុន្ដែគ្រាន់តែហៅខ្ញុំថា អាយដល ក៏បានដែរ។ ពាក្យវីរបុរសនេះ គឺធំធេងណាស់សម្រាប់ខ្ញុំ។ ពាក្យវីរបុរស គួរតែប្រើសម្រាប់អ្នកដែលលះបង់កម្លាំងកាយ កម្លាំងចិត្តស្ទើតែមួយជីវិតសម្រាប់សង្គមជាតិ។ ខ្ញុំ គ្រាន់តែបម្រើតាមក្ដីស្រមៃរបស់ខ្ញុំ ដែលចង់ជិះកង់មកមើលពិភពលោកខាងក្រៅ តាមរយៈការជិះកង់របស់ខ្ញុំ ហើយរៃអង្គាសប្រាក់ទៅជួយដល់កុមារកម្ពុជាយើង។»។ 

លោក ទីវ តារារិទ្ធិ គ្រោងចំណាយពេល ១ខែក្នុងការធ្វើដំណើរ នៅក្នុងប្រទេសអ៊ីរ៉ង រួចបន្ដចេញដំណើរទៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដោយចេញតាមច្រកសមុទ្រ នៅទីក្រុង Bandar Abbas។ បច្ចុប្បន្ន លោក ទីវ តារារិទ្ធិ រៃថវិកាបានជិត ១០ម៉ឺនដុល្លារ។ អ្នកផ្សងព្រេងរូបនេះ គ្រោងនឹងរៃថវិកាឲ្យបាន ២៥ម៉ឺនដុល្លារ។ គួរបញ្ជាក់ថា លោក តារារិទ្ធ បានចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ឆ្ពោះទៅកាន់តំបន់នានា ដើម្បីរៃអង្គាសថវិកា កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា