ចិន ស៊ើបអង្កេតរកមុខអ្នករត់ម៉ារ៉ាតុង ដែល«បត់ជើងតូច»ដាក់ផ្លាកសាលារៀន និងផើងផ្កា
  • ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៥៩ នាទី រសៀល
ចិន ស៊ើបអង្កេតរកមុខអ្នករត់ម៉ារ៉ាតុង ដែល«បត់ជើងតូច»ដាក់ផ្លាកសាលារៀន និងផើងផ្កា

អ្នករត់ម៉ារ៉ាតុងរាប់ពាន់នាក់ មានវត្តមាននៅព្រឹត្តិការណ៍ Suzhou Marathon ឆ្នាំ ២០២៥ ក្នុង ប្រទេសចិន ស្ថិតនៅក្រោមការស៊ើបអង្កេតចំពោះការបត់ជើងតូច នៅទីសាធារណៈ ទាំងនៅលើផ្លាកសញ្ញាសាលារៀន ផើងផ្កា និងសួនច្បារនៅតាមដងផ្លូវ។
TTN-Free-Banner-In-Article-PC


រូបភាពដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo បង្ហាញអ្នករត់មួយក្រុមឈរនោមជុំគ្នានៅលើផ្លាកសញ្ញាសាលា ដែលស្ថិតនៅជិតទីចាប់ផ្តើមព្រឹត្តិការណ៍ម៉ារ៉ាតុង។ បុគ្គលិក​សាលា​បាន​​រាយការណ៍ពីករណីនេះ​ទៅកាន់​អាជ្ញាធរ។ រូបភាពមួយសន្លឹកទៀត ថតបានអត្តពលិកបីនាក់នោមដាក់ដើមផ្កាជិតបន្ទប់ទឹកចល័ត។ គណៈកម្មការ​រៀបចំ​បាន​បំពាក់បន្ទប់ទឹក​ចល័ត​រាប់រយ​នៅ​តាម​ផ្លូវ​ ក្នុងព្រឹត្តិការណ៍ Suzhou Marathon នេះ។

ក្រោយមានរូបភាពនេះបង្ហោះលើបណ្តាញសង្គម បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំង។ ពលរដ្ឋមួយចំនួន លើកឡើងថាសកម្មភាពទាំងនេះអាចកើតឡើងដោយសារអ្នករត់ទាំងនោះបន្ទាន់ខ្លាំង ឬកង្វះការយល់ដឹងជាសាធារណៈ និងសីលធម៌សង្គមជាដើម។ អ្នករិះគន់ភាគច្រើន អំពាវនាវឱ្យមានការផាកពិន័យ ឬដាក់បម្រាមសម្រាប់អ្នករត់ទាំងនោះ។



នៅទីក្រុង Suzhou ការបន្ទោបង់បត់ជើងតូចតាមទីសាធារណៈគឺខុសច្បាប់ ហើយត្រូវដាក់ទោសពិន័យជាប្រាក់ ១៣៣ ដុល្លារទៀតផង។ ដោយឡែកជុំវិញករណីអត្តពលិករត់ម៉ារ៉ាតុង នោមពាសវាលពាសកាលនេះ ការិយាល័យកីឡាក្រុង Suzhou និងអ្នករៀបចំកម្មវិធីបានបើកការស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណអ្នកបំពាន។ អ្នករៀបចំ ថែមទាំងបានថ្កោលទោសចំពោះឥរិយាបថឥតអនាម័យនេះ និងបានជំរុញឱ្យសាធារណជនផ្តល់រូបថត និងវីដេអូបន្ថែម។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តី Canadian Running។

អ្នករៀបចំព្រឹត្តិការណ៍ Suzhou Marathon បន្ថែមថា៖«​យើង​បាន​ជូន​ដំណឹង​ដល់​នាយកដ្ឋាន​ពាក់ព័ន្ធ និង​បាន​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត។ សម្រាប់កម្មវិធីបន្តបន្ទាប់ ក្នុងនាមជាអ្នករៀងបចំ នឹងចាត់វិធានការតឹងរ៉ឹង និងបង្កើនការត្រួតពិនិត្យ ដើម្បីលើកកម្ពស់ការយល់ដឹងដល់អ្នកចូលរួមទាំងអស់»។

ករណី​នោម​ជា​សាធារណៈ​ក្នុង​កម្មវិធីរត់ម៉ារ៉ាតុង​ធំៗ​មិន​មែន​ជា​បញ្ហា​ថ្មី​ក្នុង​ប្រទេស​ចិន​ទេ។ អំឡុងម៉ារ៉ាតុងក្រុងប៉េកាំងឆ្នាំ ២០១៣ ស្របពេលបន្ទប់ទឹកអនាម័យមិនគ្រប់គ្រាន់ផងនោះ អ្នកចូលរួមភាគច្រើននោមដាក់របង និងដើមឈើតាមដងផ្លូវ ដែលធ្វើឱ្យមានក្លិបឆ្អេះ។ ចាប់តាំងពីពេលនោះមក អ្នករៀបចំការរត់ម៉ារ៉ាតុងបានបង្កើនចំនួនបន្ទប់ទឹកចល័តនៅតាមកន្លែងប្រណាំង ប៉ុន្តែនៅតែមានអ្នកល្មើស។

Suzhou Marathon ឆ្នាំ ២០២៥នេះ ដែលជាព្រឹត្តិការណ៍ម៉ារ៉ាតុងប្រចាំឆ្នាំដ៏ធំក្នុងប្រទេសចិន បានទាក់ទាញអ្នកចុះឈ្មោះជាង ១៦០ ០០០នាក់ ឯណោះ៕

អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ