«ម៉ាស៊ីនប្រកាសអាសន្ន»ដំបូងបង្អស់ ត្រូវបានដាក់ដំណើរការនៅ តំបន់ផាប់ស្ទ្រីត
  • ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
«ម៉ាស៊ីនប្រកាសអាសន្ន»ដំបូងបង្អស់ ត្រូវបានដាក់ដំណើរការនៅ តំបន់ផាប់ស្ទ្រីត
រូបភាពកាត់បញ្ចូលគ្នា លោក ឡុង ម៉េនសុយ៉ាលី អ្នកនាំពាក្យស្នងការនគរបាលខេត្តសៀមរាប និងរូបភាព​Capture ពីវីដេអូអំពី ម៉ាស៊ីនប្រកាសអាសន្ន។

សៀមរាប៖ ស្នងការនគរបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៤ ខែមីនា  បានចាប់ផ្ដើមដាក់ដំណើរការ ម៉ាស៊ីនប្រកាសអាសន្ន ជាលើកដំបូងបំផុត នៅតំបន់ ផាប់ស្ទ្រីត ដើម្បីធានាសុវត្ថិភាពពលរដ្ឋ និងទេសចរ។ បើតាមស្នងការរងនគរបាលខេត្តសៀមរាប លោក ឡុង ម៉េនសុយ៉ាលី តាមរយៈម៉ាស៊ីននេះ សាធារណជនអាចប្ដឹង ឬស្វែងរកជំនួយបានដូចជាករណីអគ្គិភ័យ, សង្គ្រោះបឋម, មនុស្សចាស់ត្រូវការជំនួយ, គ្រោះថ្នាក់ ឬហេតុការណ៍ផ្សេងៗ និងបទល្មើស ឬករណីហិង្សាផ្សេងៗ។
TTN-Free-Banner-In-Article-PC


ម៉ាស៊ីនប្រកាសអាសន្ននេះ ជាម៉ាស៊ីនដែលមានមុខងារបញ្ជូនព័ត៌មានពីពលរដ្ឋ ទៅកាន់នគរបាល នៅពេលមានអាសន្នទាន់ហេតុការណ៍ ត្រូវការជំនួយបន្ទាន់។ ម៉ាស៊ីននេះ នឹងភ្ជាប់ទំនាក់ទំនងដោយដោយផ្ទាល់ជាវីដេអូ (video call) តាមរយៈកាមេរ៉ា និងឧបករណ៍ស្រូបសំឡេងនៅលើម៉ាស៊ីន។ ម៉ាស៊ីននេះដំណើរការ ២៤ម៉ោង និងជារៀងរាល់ថ្ងៃ។

ជាលើកដំបូងបំផុតដែលអាជ្ញាធរខេត្តសៀមរាប ដំឡើងប្រព័ន្ធសុវត្ថិភាពនេះឡើង ក្រោម ជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការ (JICA) ប្រទេសជប៉ុន ក្រោមគោលបំណងចម្បងគឺឱ្យខេត្តសៀមរាប កាន់តែមានសុវត្ថិភាព។ 

ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក ឡុង ម៉េនសុយ៉ាលី ស្នងការរងនគរបាលខេត្តសៀមរាប សង្កត់ធ្ងន់ដូច្នេះ៖ «ម៉ាស៊ីនប្រកាសអាសន្ននេះ ពិតជាមានសារៈសំខាន់ណាស់ ពាក់ព័ន្ធនឹងការផ្ដល់ព័ត៌មានមកជូនសមត្ថកិច្ច ក្នុងហេតុការណ៍ណាមួយ, ឧបទ្ទវហេតុណាមួយ ឬគ្រោះថ្នាក់ផ្សេងៗ នៅក្នុងតំបន់ដែលយើងបានដាក់ទូ។ […] ពេលមានហេតុការណ៍អ្វីកើតឡើងយើងអាចចុចលើទូប្រកាសអាសន្ន ដើម្បីផ្ដល់ជាជំនួយ ជួយសង្គ្រោះទាន់ពេលវេលា។»។ 

ដើម្បីប្រើប្រាស់នូវម៉ាស៊ីនប្រកាសអាសន្ន ពេលត្រូវការជំនួយ ដំបូងគឺត្រូវចុចលើប៊ូតុងក្នុងរង្វង់ពណ៌ក្រហម (Panic Alarm) នៅផ្នែកខាងក្រោមស្លាកនគរបាល ដែលជាប៊ូតុងប្រកាសអាសន្ន នោះម៉ាស៊ីននេះ នឹងបញ្ចូនព័ត៌មានជាវីដេអូ និងសំឡេង ដូចជាការនិយាយទំនាក់ទំនងជាវីដេអូ ( video call) ជាមួយនឹងសមត្ថកិច្ច។ 

បច្ចុប្បន្នម៉ាស៊ីននេះ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងមួយទីតាំង នៅទល់មុខហាង យ៉ាំងហ្គាល បឺរហ្គើរ ស្ព័ត បារ និងប៊ីស្ត្រូ នៅបណ្ដោយផ្លូវសុខសាន្ត ក្នុងតំបន់កម្សាន្តផាប់ស្ទ្រីត ក្រុងសៀមរាប។ 

លោក ឡុង ម៉េនសុយ៉ាលី បញ្ជាក់ទៀតថា បន្ទាប់ពីដាក់ដំណើរការម៉ាស៊ីនប្រកាសអាសន្ននេះរួចមក ស្នងការខេត្ត និងរដ្ឋបាលខេត្ត ក៏គ្រោងស្នើទៅដៃគូដែលជាម្ចាស់ជំនួយ ដើម្បីបន្ថែមម៉ាស៊ីននេះ នាពេលអនាគត។ លោក ឡុង ម៉េនសុយ៉ាលី ក៏អំពាវនាវឱ្យពលរដ្ឋគ្រប់ រូបចូលរួមប្រើប្រាស់ដោយមានទំនួលខុសត្រូវ និងចូលរួមថែរក្សាទាំងអស់គ្នា៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី