ចិនដាក់គោលដៅកំណើនសេដ្ឋកិច្ចរង្វង់ ៥ភាគរយ នៅឆ្នាំ២០២៥
- ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ល្ងាច

ទោះបីជាមានបញ្ហាប្រឈមក្នុងប្រទេស និងក្រៅប្រទេសជាបន្តបន្ទាប់ ក៏ចិននៅតែកំណត់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៥ភាគរយ ដូចគ្នាទៅនឹងឆ្នាំមុនដែរ។

ក្នុងសម័យប្រជុំសភាប្រចាំឆ្នាំនាថ្ងៃទី៥ ខែមីនា នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានប្រកាសថា គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសសម្រាប់ឆ្នាំ ២០២៥ គឺប្រហែល ៥ភាគរយ។ គោលដៅនេះគឺដូចគ្នាទៅនឹងឆ្នាំមុន។
លោក Alex Loo អ្នកយុទ្ធសាស្រ្តទីផ្សារប្តូរប្រាក់បរទេស និងម៉ាក្រូនៅក្រុមហ៊ុន TD Securities បាននិយាយថា គោលដៅនេះគឺជាកិច្ចការដ៏លំបាកសម្រាប់អាជ្ញាធរ ដោយសារបញ្ហាប្រឈមជាច្រើនរបស់ចិនក្នុងប្រទេស និងក្រៅប្រទេស។
នាយករដ្ឋមន្ត្រីចិនក៏បានសង្កេតឃើញពីការប្រើប្រាស់នៅទ្រឹង ហើយមានសម្ពាធលើការបង្កើតការងារ រួមទាំងកំណើនប្រាក់ចំណូលដែរ។ លោកបានសន្យានឹងជំរុញយ៉ាងខ្លាំងសម្រាប់តម្រូវការប្រជាជនឡើងវិញ។
«ការផ្លាស់ប្តូរនៅក្នុងពិភពលោកកំពុងកើតឡើងក្នុងល្បឿនយ៉ាងលឿន។ បរិយាកាសខាងក្រៅកំពុងកាន់តែយ៉ាប់យ៉ឺន និងស្មុគ្រស្មាញ ដែលអាចដាក់សម្ពាធកាន់តែខ្លាំងលើវិស័យរបស់ចិន ដូចជាពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា»។ លោក ឈាំង បានសង្កត់ធ្ងន់បែបនេះ។
ការវិវត្តិដ៏គួរឲ្យកត់សម្គាល់បំផុតក្នុងពិភពលោកនាពេលថ្មីៗនេះ គឺប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធនាំចូលជាបន្តបន្ទាប់លើដៃគូពាណិជ្ជកម្ម។ ក្នុងនោះ ពន្ធបន្ថែមលើទំនិញចិនទាំងអស់គឺ ២០ភាគរយ។ កន្លងមក អំឡុងពេលអាណត្តិដំបូង លោក ត្រំា បានដាក់ពន្ធ ២៥ភាគរយលើទំនិញប្រហែល ៣០០ពាន់លានដុល្លារពីប្រទេសនេះ។
យ៉ាងណាមិញ បច្ចុប្បន្នសេដ្ឋកិច្ចចិនកំពុងប្រឈមនឹងបញ្ហាកាន់តែច្រើន ពីការធ្លាក់ចុះនៃការប្រើប្រាស់ក្នុងស្រុក រហូតដល់វិបត្តិអចលនទ្រព្យអូសបន្លាយ ដែលធ្វើឲ្យទីក្រុងប៉េកាំងកាន់តែងាយរងគ្រោះ។ ដូច្នេះ អាជ្ញាធរចិនកំពុងបង្កើនការជំរុញដើម្បីការពារបរិត្តផរណា ខណៈពួកគេកំពុងសម្លឹងមើលកាត់បន្ថយការពឹងផ្អែកលើការនាំចេញ និងការវិនិយោគ។
ចិនមានបំណងចង់បានឱនភាពថវិកាមានកម្រិតស្មើនឹង ៤ភាគរយនៃ GDP នៅឆ្នាំនេះ។ អត្រានេះ បានកើនឡើងបន្តិចបើធៀបនឹង ៣ភាគរកាលពីឆ្នាំមុន។ គោលដៅអតិផរណានៅឆ្នាំនេះគឺ ២ភាគរយ ។
បន្ថែមពីនេះ អាជ្ញាធរចិនគ្រោងនឹងចេញមូលបត្របំណុលរដ្ឋាភិបាលពិសេសដែលមានរយៈពេលយូរបំផុតចំនួន ១,៣ទ្រីលានយ័ន (១៧៩ពាន់លានដុល្លារ) នៅឆ្នាំនេះ ពោលគឺកើនឡើងពី ១ទ្រីលានយ័នធៀបឆ្នាំ ២០២៤។ ក្នុងចំណោមនោះ ប្រហែល ៣០០ពាន់លានយ័ននឹងត្រូវប្រើប្រាស់ដើម្បីពង្រីកកម្មវិធីគាំទ្រអ្នកប្រើប្រាស់សម្រាប់យានជំនិះអគ្គិសនី គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងទំនិញផ្សេងៗទៀត។
ការប្រើប្រាស់នៅចិនបច្ចុប្បន្ន បានរួមចំណែកតិចជាង ៤០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ អត្រានេះគឺទាបជាង ២០ភាគរយបើធៀបមធ្យមភាគសកល។ ផ្ទុយទៅវិញ ការរួមចំណែកវិនិយោគគឺខ្ពស់ជាងកម្រិតមធ្យមដល់ ២០ភាគរយ។
លោក លី បានសន្យាថានឹងបង្រួមគម្លាតរវាងការផ្គត់ផ្គង់ និងការប្រើប្រាស់ ហើយធ្វើកំណែទម្រង់គោលនយោបាយសារពើពន្ធ ដើម្បីកែលម្អប្រាក់ចំណូលរបស់រដ្ឋាភិបាលក្នុងតំបន់។ តាមនោះ រដ្ឋាភិបាលក្នុងតំបន់នឹងត្រូវបានអនុញ្ញាតឱ្យចេញមូលបត្របំណុលពិសេសចំនួន ៤,៤ទ្រីលានយ័ន កើនឡើងពី ៣,៩ទ្រីលានយ័នកាលពីឆ្នាំមុន។ ទីក្រុងប៉េកាំងក៏គ្រោងនឹងបោះផ្សាយមូលបត្របំណុលចំនួន ៥០០ពាន់លានយ័នដែរ ដើម្បីប្រមូលមកវិញនូវធនាគារធំៗរបស់រដ្ឋ។
កាលពីឆ្នាំមុន GDP របស់ចិនបានកើនឡើង ៥ភាគរយ បំពេញតាមគោលដៅកំណើនរបស់ខ្លួន ដោយសារគោលនយោបាយជំរុញសេដ្ឋកិច្ចជាបន្តបន្ទាប់ដែលបានចាប់ផ្តើមនៅក្នុងខែចុងក្រោយ។ ល្បឿននេះក៏ស្ថិតក្នុងចំណោមល្បឿនលឿនបំផុតមួយក្នុងពិភពលោកដែរ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: