ក្រៅពីប្រើអណ្តាតស្រង់ក្លិន តើ «ពស់» មានលក្ខណៈពិសេសអ្វីទៀត?
  • ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ក្រៅពីប្រើអណ្តាតស្រង់ក្លិន តើ «ពស់» មានលក្ខណៈពិសេសអ្វីទៀត?
ពស់ប្រើប្រាស់អណ្ដាត ដើម្បីកត់សម្គាល់ក្លិនភាវៈរស់នៅជុំវិញវា។

សៀមរាប៖ ពស់ ជាសត្វ​ពួក​ទីឃ​ជាតិ​អាសីរ​ពិស ឬប្រភេទល្មូនមានដងខ្លួនវែង ផ្លាស់ទី ដោយប្រើដងខ្លួន។ ពួកនេះមានច្រើនអម្បូរណាស់នៅលើពិភពលោក គឺមានជាង​៤ពាន់​ប្រភេទ។ ឯ នៅកម្ពុជា មានជាង១០០ប្រភេទផងដែរ។ ក្រៅពីប្រើអណ្ដាតព្រែកភ្លោះ ស្រង់​ក្លិន តើសត្វពស់រស់នៅ ប្រមាញ់ចំណី បន្តពូជ យ៉ាងដូចម្ដេច?
TTN-Free-Banner-In-Article-PC

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាកិច្ចសម្ភាសដូច​ខាងក្រោម៖ 



ទោះពស់ ត្រូវបានគេចាត់ចូលជាប្រភេទសត្វ​អាសីរ​ពិស ក៏ពិតមែន តែមិនមែនគ្រប់ប្រភេទ​ពស់ទាំងអស់នៅលើពិភពលោក សុទ្ធតែមានពិសនោះដែរ ហើយក៏មិនមែនគ្រប់ពិសពស់ ទាំងអស់ បង្កគ្រោះថ្នាក់ដល់អាយុជីវិតដែរ។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ អ្នកនាង ខាត់ ស្រីណុច អ្នកសម្រប សម្រួល​ប្រតិបត្តិការនៃ Angkor Wildlife and Aquarium ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងចំ​ណោមពស់ ជាង៤ពាន់ប្រភេទនៅលើពិភពលោក  ក្នុងនោះមានតែ២០ភាគរយប៉ុណ្ណោះ​ដែលជាប្រភេទពស់មានពិស ខណៈ៦ភាគរយប៉ុណ្ណោះ ដែលពិសពួកវា អាចប៉ះពាល់ដល់ អាយុជីវិតមនុស្សបើត្រូវវាចឹក។ អ្នកនាង បន្ថែមថា នៅកម្ពុជាវិញ ក្នុងចំណោមពស់ ប្រមាណ១០០ប្រភេទ ដែលមានវត្តមាននៅកម្ពុជា ប្រមាណ៨៥ភាគរយ ជាប្រភេទពស់ ដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្សសោះ។  
បើគេនិយាយពីប្រភេទពស់ពិសវិញ ពស់វែករនាម ឬ King Cobra ជាស្ដេចពស់ នៃ​ពស់ទាំងពួងលើពិភពលោក វាមានប្រភពនៅអាស៊ី ត្រូវបានរកឃើញក្នុងព្រៃប្រទេសឥណ្ឌា អាស៊ីអាគ្នេយ៍ រួមបញ្ចូលទាំងកម្ពុជាផង។ ជាសេ្ដចពស់ នៃពស់ទាំងពួង អ្នកនាង ស្រីណុច បញ្ជាក់ថា ដោយសារពស់នេះ ជាប្រភេទពស់ពិសមានប្រវែងដងខ្លួនវែងជាងគេ រហូត​ដល់ជាង ១៨ហ្វីត ឬជាង ៥,៨ម៉ែត្រ។ 

 
ទេសចរចូលទស្សនា ផ្ទះសត្វល្មូន ក្នុងឧទ្យានកម្សាន្ត Angkor Wildlife and aquarium ក្នុងខេត្តសៀមរាប។ 

 
អ្នកនាង ស្រីណុច ពន្យល់បន្ថែមដូច្នេះ៖ «មានមូលហេតុពីរចម្បង ដែលគេចាត់ទុកវា (ពស់​វែករនាម) ជាស្ដេចពស់ ដោយសារតែវាជាពស់មានពិសធំជាងគេលើពិភពលោក ដែល​មានកំណត់ត្រា រហូតដល់ ៥,៨ម៉ែត្រ។ មូលហេតុទីពីរ ដោយសារវា ចាប់ពស់ដទៃទៀត ទៀតជាចំណីអាហារ មិនត្រឹមពស់ដែលមានពិស ឬពស់ក្នុងអម្បូរតែមួយ។ ហើយ​ពិសរបស់វាខ្លាំង អាចប៉ះពាល់ដល់សរសៃប្រសាទខួរក្បាលផងដែរ»។ 
 
នៅអាងពិព័រណ៍ត្រី និងកន្លែងសង្គ្រោះសត្វព្រៃ​ Angkor Wildlife and Aquarium ក៏មាន​តាំង​បង្ហាញនូវប្រភេទពស់វែករនាមនេះ​ដែរ រួមនឹងប្រភេទពស់ដទៃផ្សេងទៀត សរុប ៦០ពស់ ឬស្មើនឹង ១៧ ​ប្រ​ភេទ  រាប់ចាប់ពីពស់វែកដំបូក រហូតដល់ពស់ទន្លេសាប។ ពស់ទាំងនោះ ត្រូវ​បានគេជួយសង្គ្រោះចេញពីការប្រមាញ់ ជួញដូរ ឬពលរដ្ឋបរិច្ចាគ ក្រោមកិច្ចសហ​ប្រតិ​បត្តិ​ការ រវាងអង្គការដៃគូ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង​ប្រទេស។ 
 
មានរន្ធច្រមុះ តែសត្វពស់ប្រើប្រាស់អណ្ដាតរបស់វា ដើម្បីស្រង់ក្លិន ពីមជ្ឈដ្ឋានខាងក្រៅ។ អ្នកនាង ស្រីណុច បញ្ជាក់ថា ​ពស់ប្រើប្រាស់អណ្ដាតព្រែកភ្លោះ ​លិត លៀនអណ្តាតរបស់វា ទៅក្នុងបរិយាកាស ហើយអណ្តាតនោះ ចាប់យកភាគល្អិតតូចៗ ចូលទៅក្នុងមាត់វិញ រួច​បញ្ជូនភាគល្អិតនោះ ទៅក្នុងសរីរាង្គពិសេសហៅថា ប្រព័ន្ធ Vomeronasal។

ពស់វែករនាម ឬ King Cobra ជាប់ជាសេ្ដចពស់ នៃពពួកពស់មានពិស ក្នុងពិភពលោក។ 
 
ប្រព័ន្ធ Vomeronasal យកភាគល្អិតតូចៗទាំងនោះ រួចបកស្រាយប្រាប់ពស់ថាភាគល្អិត​នោះ​ជាអ្វី ជារុក្ខជាតិ ជាសត្វ ឬរបស់របស់ផ្សេងៗ។ វិធីនេះធ្វើឱ្យសត្វពស់​អាចដឹងក្លិន​បរិយាកាស​ជុំវិញខ្លួនវា។ ការណ៍នេះ​ជួយឱ្យសត្វពស់ជៀសផុតពីការប្រមាញ់ របស់​សត្វ​ដទៃ ឬមនុស្ស និងជួយពួកវាក្នុងចាប់អាហារផងដែរ។ 
 
ក្រៅពីអណ្ដាតដែលមានតួនាទីពិសេស សត្វពស់ប្រើប្រាស់រន្ធច្រមុះរបស់វា ដើម្បីដឹងពី​សីតុណ្ហភាព ឬរលកកម្ដៅ​ នៅជុំវិញខ្លួនវាផងដែរ។ ពស់មិនមានត្របកភ្នែកទេ ដូច្នេះមិន​អាច​ព្រិចភ្នែក ឬបិទភ្នែកបានឡើយ។ ផ្ទុយទៅវិញ ពួកវាមានស្រទាប់ការពារភ្នែក​ដែលមាន​តួនាទី​ស្រដៀងនឹងត្របកភ្នែក ការពារភ្នែកពីការរងរបួស និងការពារភ្នែកមិនឱ្យស្ងួត។ 

បើតាមអ្នកនាង ស្រីណុច ដើម្បីលូតលាស់បានសត្វពស់ត្រូវការ «សកស្រកា» ហើយ ការណ៍នេះគឺសម្រាប់ប្រភេទសត្វល្មូនទាំងអស់។ ការសកស្រកា មិនត្រឹមជាការធំធាត់ របស់សត្វពស់ឡើយ តែវាជួយសម្អាតខ្លួនរបស់វា ពីការឆ្លងមេរោគ ឬបាក់តេរីផ្សេងៗ។
 
អ្នកនាង ខាត់ ស្រីណុច (ស្ដាំ) កំពុងផ្ដល់បទសម្ភាសដល់សារព័ត៌មានឌីជីថលថ្មីៗ ក្នុងផ្ទះសត្វល្មូន។ 
 
ជុំវិញការសកស្រកានេះ អ្នកនាងស្រីណុចថា ជាធម្មតាពស់សកស្រការៀងរាល់ពីរខែម្ដង តែវាអាចលឿនជាងនេះ ឬយឺតជាងនេះ អាស្រ័យទៅលើវ័យរបស់ពស់។ អ្នកនាងពន្យល់៖ «ការស្រកស្រកា វាអាស្រ័យលើទំហំ និងអាយុរបស់វា អ៊ីចឹងនៅពេលសត្វពស់នៅតូច គឺវាសកស្រកាញឹកញាប់ជាង ពេល​ដែលពស់ធំ»។ 

មុនចាប់ផ្ដើមការសកស្រកា ពស់នឹងសំងំនៅស្ញៀមមួយកន្លែង និងមិនស៊ីចំណីឡើយ រហូតដល់សកស្រកា។ បន្ទាប់ពីសកស្រការួច វាក៏មិនចេញទៅរកចំណីភ្លាមដែរ រហូត​ដល់ស្បែកថ្មីរបស់វារឹងមាំសិន ទើបវាចេញរកចំណី ហើយពស់មិនឈប់លូតលាស់ឡើយ រហូតដល់ថ្ងៃពួកវាស្លាប់។ 
 
ជាទូទៅការបង្កកំណើតរបស់ភាវៈមានជីវិត គឺត្រូវការភេទឈ្មោល និងភេទញី ឬការជួបគ្នានៃស្ពែម៉ាតូសូអីត និង​អូវុល តែពស់ខ្លះអាចបង្កកំណើតបាន ដោយមិនចាំបាច់មានពស់ឈ្មោល។ នេះជាការលើកឡើងរបស់អ្នកនាងស្រីណុច រួចបន្ថែមថា ការបង្កកំណើតដោយគ្មានពស់ឈ្មោល ជារឿងកម្របំផុត ក្នុងប្រវត្តិសាស្ត្រនៃសត្វពស់ ឧទាហរណ៍ ដូចជា ពស់ Green anaconda នៃអម្បូរពស់ Boa ដែលជាប្រភេទពស់ធំបំផុតលើពិភពលោក។ 

ពស់ខៀវកកុក ជាប្រភេទពស់ដែលមានពិសខ្សោយ។ ពួកវាស៊ីជីងចក់ ឬបង្កួយ ជាអាហារ។ 
 
 ពស់ប្រភេទនេះ អាចលូតលាស់ដល់ជាង ២៩ហ្វីត ឬជិត៩ម៉ែត្រ ទម្ងន់ជិត ២៥០គីឡូក្រាម ដោយជាធម្មតាពស់ញី មានទំហំធំជាងពស់ឈ្មោល។ ពស់ប្រភេទនេះ មានប្រភពនៅ អាម៉េរិកខាងត្បូង ក្នុងតំបន់ព្រៃអាម៉ាហ្សូន។ 
 
កន្លងមកគេធ្លាប់ដឹងថាពស់បង្កកំណើត ឬបង្កើតកូនៗ​ពួកវាដោយបញ្ចេញស៊ុត មកក្រៅ​ខ្លួន​។ ប៉ុន្តែមិនមែនគ្រប់ប្រភេទពស់ឡើយ​។ អ្នកនាងស្រីណុចបញ្ជាក់បន្ថែម៖ «ពស់ទាំង​អស់ មិនមែនសុទ្ធតែបញ្ចេញស៊ុតមកក្រៅទេ។ ឧទាហរណ៍ពស់ខ្លះដូចជាអម្បូរពស់ Boa constrictor គឺវា​បញ្ចេញពស់តូចៗ ចេញមកក្រៅតែម្ដង។ តែដូចជាអម្បូរស់ថ្លាន់ ឬពស់វែក នៅស្រុកខ្មែរយើង គឺវាត្រូវការបញ្ចេញស៊ុត មកខាងក្រៅ»។ 
 
សម្រាប់ អ្នកនាងស្រី ណុច សត្វពស់ ពិតជាមានសារៈសំខាន់ណាស់ ក្នុងប្រព័ន្ធអេកូឡេស៊ី លើភពផែនដី។ អ្នកនាងឧទាហរណ៍ថា សត្វពស់ស៊ីកណ្ដុរក្នុងស្រែ ដែលជួយរក្សា តុល្យភាពនៃការកើនឡើងចំនួនកណ្ដុរ។ ដូច្នេះការថយចុះនៃពស់ និងបង្កផលប៉ះពាល់ ដល់អន្តរកម្មភាវៈរស់ដទៃទៀត ក្នុងមជ្ឈដ្ឋានរស់នៅមនុស្ស សត្វ និងរុក្ខជាតិ។ 
 
ពស់តឹកកែ ជាប្រភេទសម្បូរនៅក្នុងប្រទេសកម្ពុជា និងជាប្រភេទមានពិសខ្សោយ។ ពស់តឹកកែ ប្រមាញ់កង្កែប ជីកចក់ ឬបង្កួយ ជាអាហារ។ 
 
គួរជម្រាបផងដែរថា Angkor Wildlife and Aquarium ជាកន្លែងសង្គ្រោះសត្វព្រៃមួយ មាន មូលដ្ឋានក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ នៅទីនេះមានវត្តមានត្រីទឹកសាប ក្នុង​ប្រទេសកម្ពុជា, ត្រីទឹកសាបពីព្រៃអាម៉ាហ្សូន, ត្រីសមុត្រ, សត្វល្មូន និងសត្វព្រៃដទៃទៀត។
 
លើសពីការទស្សនា សាធាណជនអាចសិក្សាស្វែងយល់ពីរឿងរ៉ាវ សត្វទាំងនោះ ដែល​ត្រូវបានគេសង្គ្រោះពីការជាប់អន្ទាក់ និងជួញដូរជាដើម។ ដើម្បីភាពងាយស្រួលទៅ​ទស្សនាទីតាំងនេះ លោកអ្នកនាងអាចប្រើប្រាស់ Google map ដោយវាយ «Angkor Wildlife and Aquarium» ឬចុចតំណភ្ជាប់ នេះ https://maps.app.goo.gl/bjQxB247BPbRfcnJ7?g_st=it

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី