អ្នកជំនាញជំរុញឱ្យសហគ្រិនស្រ្តីប្រើប្រាស់ AI ដើម្បីការអភិវឌ្ឍអាជីវកម្ម
  • ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
អ្នកជំនាញជំរុញឱ្យសហគ្រិនស្រ្តីប្រើប្រាស់ AI ដើម្បីការអភិវឌ្ឍអាជីវកម្ម
វេទិកាស្រ្តីដើម្បីការអភិវឌ្ឍសង្គម និងការអបអរទិវានាររីអន្តរជាតិ៨ មីនា

សៀមរាប៖ ស្របពេលដែលការប្រើប្រាស់ប្រព័ន្ធ AI ឬបញ្ញាសិប្បនិម្មិត កាន់តែទូលំទូលាយ អ្នកជំនាញក៏បានជំរុញឱ្យសហគ្រិនស្រ្តីចាប់ផ្តើមប្រើប្រាស់ រៀនសូត្រប្រព័ន្ធបច្ចេកវិទ្យាមួយនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍អាជីវកម្មខ្លួនឱ្យកាន់តែរីកចម្រើន និងទាន់របត់សង្គម។
TTN-Free-Banner-In-Article-PC


AI កំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅរបស់មនុស្សលោកបច្ចុប្បន្ន ក្នុងនោះវាបានជួយ​ការងារជាច្រើន ដូចជាប្រឹក្សាយោបល់ រៀបចំផែនការការងារ រៀបចំគោលនយោបាយ និងរៀបផែនការ​អាជីវកម្មជាដើម។ ឥឡូវគេអាចប្រើ AI ជួយសរសេរផែនការអាជីវកម្មមួយ ដោយគ្រាន់តែចំណាយ​ពេលមិនដល់៣០នាទីផង។។ 

ស្ថាបនិក និងនាយិកា ក្រុមហ៊ុនបច្ចេកវិទ្យា ADITI អ្នកនាង ហ៊ាង អូមួយ លើកឡើងថា AI ជាឧបករណ៍ បច្ចេកវិទ្យាដែលចាំត្រូវប្រើប្រាស់សម្រាប់ខ្លួនឯង ស្ថាប័ន​ និងអាជីវកម្ម នាពេលបច្ចុប្បន្ន។ បញ្ញាសិប្បនិមិត្មមួយនេះ ត្រូវបានបង្កើតឡើងក្នុងរយៈពេលខ្លី ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យមាន ភាពឆ្លាតវៃដូចមនុស្ស។ វាដើរតួនាទីលើការសម្រេចចិត្ត ការវិភាគទិន្នន័យ ការស្រាវជ្រាវ ការធ្វើយុទ្ធសាស្រ្ត ការដោះស្រាយបញ្ហា ជាមួយនឹងការផ្តល់ការប្រឹក្សាមួយដ៏ល្អ។ នេះជាការផ្តល់និយមន័យពី AI ពីអ្នកនាង អូមួយ។ 

អ្នកនាង ហ៊ាង អូមួយ 

ចំពោះគុណប្រយោជន៍នៅផ្នែកអាជីវិញវិញ អ្នកជំនាញបច្ចេកវិទ្យារូបនេះពន្យល់ថា វានឹងជួយឱ្យការងារ កាន់តែមានប្រសិទ្ធភាពជាងមុន។ លើកឡើងនៅក្នុងវេទិកាស្រ្តីដើម្បីអ្នកទាំងអស់គ្នា និងការអបអរទិវា នារីអន្តរជាតិ ៨មីនា លើប្រធានបទ «ស្រ្តីលើវិថីអ្នកជំនួយសម័យ AI» ដែលរៀបចំឡើងដោយ​សហគ្រិនស្រ្តីកម្ពុជា សាខាខេត្តសៀមរាប នាថ្ងៃទី៤ មីនា អ្នកនាង អូមួយ បានលើកជាឧទាហរណ៍ ទាក់ទងនឹងការសរសេរផែនការអាជីវកម្ម ដែលជាទូទៅ ត្រូវការអ្នកអង្គុយសរសេរពីកន្លះខែ ទៅមួយខែ ឬច្រើនជាងនេះ ប៉ុន្តែ AI អាចជួយយើងសរសេរត្រឹមតែ១០ទៅ២០នាទីប៉ុណ្ណោះ។ ដូច្នេះម្ចាស់អាជីវកម្ម មានពេលច្រើនសម្រាប់ធ្វើកិច្ចការងារផ្សេងៗ ដែលចំណេញសម្រាប់មុខជំនួញពួកគេ។  

អ្នកនាង អូមួយ ពន្យល់បន្ថែមថា៖« អ៊ីចឹង ការណ៍ដែលយើងឱ្យ AI ជួយទៅលើការងារដែល​មិនចាំបាច់ខ្លាំង ហើយយើងយកពេលវេលា ទៅធ្វើការងារដែលជួយជំរុញឱ្យយើងមានភាពល្អប្រសើរ ក៏ដូចជាជួយបង្កើនលទ្ធភាពការងាររបស់យើង គឺពិតជាចំណេញសម្រាប់យើង និងអាជីវកម្ម»។ 
ក្រៅពីនេះ AI បានជំនួសកម្លាំងពលកម្មនៅតាមសហគ្រាសធំៗ ដែលជួយឱ្យម្ចាស់អាជីវកម្ម​កាត់បន្ថយចំណាយមួយផ្នែកធំជាដើម។ល។ បច្ចេកវិទ្យាមួយនេះ ជួយឱ្យអាជីវកម្មមានភាព លេចធ្លោ មានការប្រកួតប្រជែងខ្លាំង។ 

យ៉ាងណាមិញ អ្នកនាង អូមួយ ក៏បានស្នើឱ្យសាធារណជនទាំងអស់ ត្រូវប្រើប្រាស់ AI ឱ្យមានទំនួលខុសត្រូវ និងក្រមសីលធម៌ ដ្បិតថាបច្ចេកវិទ្យាមួយនេះ ក៏មានផលប៉ះពាល់ខ្លាំងដែរ។ ការប្រើប្រាស់មិនបានត្រឹមត្រូវ នឹងធ្វើឱ្យមានអស្ថិរភាព និងអសន្តិសុខសង្គមជាដើម។  
លោកស្រី ទុយ ជិ 

លោកស្រី ទុយ ជិ អនុប្រធានគណៈកម្មាធិការ កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ឱ្យសហគ្រិនស្រ្តីបន្តប្រឹងប្រែង និងចាត់ទុកស្រ្តី ថាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។ ក្នុងនោះដែរ លោកស្រីភរិយាអភិបាលខេត្តសៀមរាប ចង់ឃើញស្រ្តីគ្រប់រូបមានភាពអង់អាច ក្លាហាន និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យសមស្របតាមបរិបទសាកលលោក។ លោកស្រី ទុយ ជិ​ក៏បានកោតសរសើរ​ដល់សមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តសៀមរាប ដែលបាន​រៀបចំវេទិកានេះឡើង ដែលជាផ្នែកមួយ​ជួយការងារ​បណ្ដុះបណ្ដាល​ជំនាញ ចែករំលែកបទពិសោធន៍​ពីគ្នានិងគ្នា។

លោកស្រី ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ឱ្យដឹងថា​វេទិកាស្រ្តីដើម្បីអ្នកទាំងអស់គ្នា រៀបចំឡើងក្នុងបំណងលើកកម្ពស់ភាពជាអ្នកដឹកនាំ  សមត្ថភាពគ្រប់គ្រងអាជីវកម្មបរិបទ​បច្ចេកវិទ្យាទំនើប AI ។ ក្នុងនោះ ក៏ជាវេទិកាសម្រាប់ការចែករំលែកបទពិសោធន៍ ការបែងចែកពេលវេលា តុល្យភាពជីវិតគ្រួសារ ការងារ ការចូលរួមចំណែក​អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចតំបន់។ 
ក្រៅពីនេះ ប្រធានសមាគមសហគ្រិនស្រ្តីរូបនេះ បានអានសារលើកទឹកចិត្តចំនួន៣ឃ្លា លើកទឹកចិត្តដល់សហគ្រិនស្រ្តីផងដែរ ក្នុងនោះទី១ ស្រ្តី គឺពិតជាមានសមត្ថភាពលើស​ពីអ្វី​ដែលខ្លួនឯងគិត ទី២ ភាពជោគជ័យរបស់ស្រ្តី មិនមែនសម្រាប់តែខ្លួនយើងទេ និងទី៣ ស្រ្តីរួមគ្នាដើម្បីភាពរីកចម្រើន៕
 លោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តសៀមរាប
 
វេទិកាពិភាក្សាប្រធានបទ ស្រ្តីលើវិថីអ្នកជំនួញសម័យ AI 

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី