សម្ដេច ហ៊ុន ម៉ាណែត ៖ បទចម្រៀងរ៉េប មិនចាំបាច់ប្រើពាក្យជេរទេ រក្សាភាពថ្លៃថ្នូរក៏ល្បីដែរ
- ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:២៣ នាទី ល្ងាច

ភ្នំពេញ៖ «ត្រូវរក្សាភាពថ្លៃថ្នូររបស់ខ្មែរ នៅក្នុងបទចម្រៀង»។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស នាថ្ងៃទី៥ មីនា។

«បទចម្រៀងរ៉េប មិនចាំបាច់ប្រើពាក្យជេរទេ រក្សាភាពថ្លៃថ្នូរក្នុងបទចម្រៀងក៏ល្បីដែរ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា បទចម្រៀងរ៉េបនៅអាម៉េរិក ក៏មានពាក្យពេចន៍ជេរប្រមាថគ្នាដែរ ប៉ុន្តែវាមិនអាចយកមកប្រើប្រាស់នៅក្នុងសង្គមខ្មែរឡើយ ព្រោះខ្មែរ មានវប្បធម៌ និងអរិយធម៌ថ្លៃថ្នូរ។
«វប្បធម៌ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីវប្បធម៌»។ នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រី ដែលស្នើឱ្យបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍អសុរោះ នៅក្នុងបទចម្រៀង។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងទប់ស្កាត់ករណីនេះដែរ។
«យើងត្រូវរួមគ្នាថែរក្សាអត្តសញ្ញាណរបស់យើង។ យើងអភិវឌ្ឍន៍ ប៉ុន្តែមិនត្រូវអភិវឌ្ឍន៍ ចម្លងមកពីគេទេ ត្រូវអភិវឌ្ឍន៍តាមបែបបទខ្មែររបស់យើង ត្រូវមានព្រំដែនបែបបទខ្មែររបស់យើង។ នេះជាអ្វីដែលត្រូវធ្វើ។ ហើយខ្ញុំសង្ឃឹមថា ក្រសួងវប្បធម៌ វិចិត្រសិល្បៈ នឹងជួយតម្រង់ទិស និងជួយណែនាំបន្ថែម»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលជំរុញឱ្យការពារវប្បធម៌ និងដោះស្រាយបញ្ហានេះ ទាំងអស់គ្នា។
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: