សម្តេច ហ៊ុន ម៉ាណែត ឱ្យធ្វើបច្ចុប្បន្នភាពឡើងវិញ«បុរាណដ្ឋាន»ទូទាំងប្រទេស ដើម្បីធានាការអភិរក្ស
- ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៣២ នាទី ល្ងាច

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់ឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការគ្នា ក្នុងការកំណត់ និងធ្វើបច្ចុប្បន្នភាព ទីតាំងទួលបុរាណ និងស្ថានីយបុរាណឡើងវិញ នៅទូទាំងប្រទេស ដើម្បីធានាដល់កិច្ចការការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌ។

ថ្លែងក្នុងពិធី«អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី» នៅល្ងាចថ្ងៃទី៥ ខែមីនា ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា ការកំណត់តំបន់បុរាណដ្ឋានដែលចាំបាច់បំផុតសម្រាប់ការពារនេះ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍២ គឺការពារតម្លៃដើមរបស់បេតិកភណ្ឌ និងបេតិកភណ្ឌដែលមានសក្តានុពល និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាជន។
សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«កំណត់ឱ្យច្បាស់ ព្រោះឥឡូវតំបន់ដែលយើងកំណត់ថា ជាបុរាណដ្ឋាន វាមានច្រើនពាសវាល មានច្រើននៅទូទាំងប្រទេស។ គ្រាន់តែនៅក្នុងតំបន់អង្គរយើងមួយ(មាន)ជាង១ម៉ឺនកន្លែង។ អ៊ីចឹងសំណួរសួរថា តើតំបន់ទាំងអស់នោះ ទួលបុរាណទាំងអស់នោះ នៅមានលក្ខណៈសមស្របឬទេ? ហើយនេះគឺជាកត្តាមួយដែលចាំបាច់ឡើងវិញ។ អ្វីដែលសំខាន់ គឺត្រូវធ្វើបច្ចុប្បន្នភាពឱ្យច្បាស់ ថាតើតំបន់បុរាណទាំងអស់នោះ អ្វីដែលយើងមាននៅក្នុងបញ្ជី សូមធ្វើឱ្យពិតប្រាកដ ហើយមើលនៅលើដីជាក់ស្តែង។»។
ក្រៅពីនេះ សម្តេច ហ៊ុន ម៉ាណែត ក៏ប្រាប់ឱ្យអ្នកជំនាញ កំណត់ឱ្យបានច្បាស់លាស់នូវនិយមន័យ នៃបុរាណដ្ឋានដែលត្រូវការពារ និងការប្រើប្រាស់ដីធ្លី ដើម្បីធានាបាននូវការការពារ និងអភិរក្សតំបន់បុរាណដ្ឋានទាំងនោះ និងការដោះស្រាយនូវតម្រូវការប្រើប្រាស់ដីធ្លីចាំបាច់ របស់ពលរដ្ឋក្នុងពេលដំណាលគ្នា។
នៅទូទាំងប្រទេស មានបុរាណដ្ឋានរាប់សែនកន្លែង ដោយក្នុងនោះគ្រាន់តែនៅរមណីយដ្ឋានអង្គរ មានបុរាណដ្ឋានប្រមាណជាង ១ម៉ឺនកន្លែងទៅហើយ។ នេះបើតាមសម្តេច ហ៊ុន ម៉ាណែត ដែលបានបន្តទៀតថា ភាពសម្បូរបែបនៃបេតិកភណ្ឌនេះ គឺជាមោទកភាព សម្រាប់ជាតិ និងប្រជាជន។ ក៏ប៉ុន្តែ បញ្ហាប្រឈមពាក់ព័ន្ធ ក៏មានដែរ នោះគឺរវាងការថែរក្សា និងអភិរក្ស និងផលប៉ះពាល់កម្មសិទ្ធិប្រជាពលរដ្ឋ ជាពិសេសសិទ្ធិកាន់កាប់ ការប្រើប្រាស់ដីធ្លី ដែលមិនទាន់បានដោះស្រាយ បញ្ចប់ជាស្ថាពរនៅឡើយ។ បើតាមប្រមុខរាជរដ្ឋាភិបាល ការធ្វើបច្ចុប្បន្នភាពនេះ គឺជាដំណោះស្រាយបន្ទាន់ ដែលនឹងនាំទៅដល់ ការការពារនូវបញ្ហារំលោភបំពានដីធ្លី និងសម្រួលដល់យុទ្ធនាការវាស់វែងដីធ្លី និងចេញប្លង់កម្មសិទ្ធិដីធ្លី។
ក្រោយធ្វើបច្ចុប្បន្នភាព ប្រសិនបើរកឃើញថា ទីតាំងនោះ មិនមានការចាំបាច់ក្នុងការពារនោះទេ អ្នកជំនាញ ត្រូវគិតគរូ ក្នុងការផ្តល់នូវលក្ខខណ្ឌបន្ធូរបន្ថយនៃការប្រើប្រាស់ដី សម្រាប់ប្រជាពលរដ្ឋបន្ថែមទៀតដែរ។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com