សម្ដេច ហ៊ុន ម៉ាណែត ៖ សម័យឌីជីថល អាចធ្វើឱ្យរឿងតូចក្លាយជារឿងធំ
  • ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:១០ នាទី ល្ងាច
សម្ដេច ហ៊ុន ម៉ាណែត ៖ សម័យឌីជីថល អាចធ្វើឱ្យរឿងតូចក្លាយជារឿងធំ

ភ្នំពេញ៖ ពីពិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ សម្ដេច ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា សម័យបច្ចេកវិទ្យា បានធ្វើឱ្យមនុស្សលែងសូវនិយាយគ្នា ហើយចូលចិត្តយកបញ្ហាបង្ហោះលើបណ្ដាញសង្គមច្រើន ជាងនាំគ្នាដោះស្រាយបញ្ហា។
TTN-Free-Banner-In-Article-PC


«សម័យឌីជីថល អាចធ្វើឱ្យរឿងតូចក្លាយជារឿងធំបាន»។ នេះជាការយល់ឃើញរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា ករណីខ្លះ ជារឿងតូច ដែលអាចដោះស្រាយបាន ប៉ុន្តែមកពីមនុស្សមិនព្រមនិយាយជាមួយគ្នា ដើម្បីដោះស្រាយបញ្ចប់បញ្ហា។

ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាល បានលើកយកករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងស្ថានភាពប៉ះទង្គិចគ្នាបន្តិចបន្តួច ប៉ុន្តែភាគីទាំងសងគ្នា មិនព្រមនិយាយរកដំណោះស្រាយបញ្ហានោះទេ បែរជាទូរសព្ទទៅកាន់សាច់ញាតិរៀងខ្លួន មកអន្តរាគមន៍ រហូតបង្កើតបានទៅជាបញ្ហាធំ ហើយបង្ហោះពេញបណ្ដាញសង្គម។ បើតាមសម្ដេច ហ៊ុន ម៉ាណែត ការបង្ហោះពេញបណ្ដាញសង្គមនេះ ក៏បានធ្វើឱ្យពលរដ្ឋ ដែលមិនបានដឹងរឿងរ៉ាវពិតប្រាកដ ចូលទៅបញ្ចេញមតិយោបល់ ហើយឈានទៅជេរប្រមាថដល់រដ្ឋាភិបាលទៀតផង។

ថ្លែងក្នុងពិធីទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស នាថ្ងៃទី៥ មីនានេះ សម្ដេច បានសង្កត់ធ្ងន់ថា៖«ឥឡូវចូលតុមិននិយាយគ្នា រវល់អង្គុយចុចទូរសព្ទ ។ ចូលតុជាមួយគ្នាមិនទំនាក់ទំនងគ្នា រហូតដល់ពេលចេញពីតុវិញ។ មិនទំនាក់ទំនងជាមួយមនុស្សនៅអង្គុយតុជាមួយគ្នាទេ បែរជាទៅទំនាក់ទំនងជាមនុស្សនៅឆ្ងាយ ៣០០០គីឡូម៉ែត្រ តាមរយៈទូរសព្ទទៅវិញ»។ 

ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ពាក្យអសុរោះ វាយប្រហារបែបហិង្សា និងលែបខាយទៅអ្នកដទៃ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃសង្គម និងវប្បធម៌ទៀតផង។ «យើងផ្ដោតអារម្មណ៍លើអ្នកចុច Like ចុច Share ខ្លាំងពេក តែយើងភ្លេចអារម្មណ៍អ្នកនៅចំពោះមុខយើង។ នេះហើយ សម័យបច្ចេកវិទ្យា បានធ្វើឱ្យមានគម្លាតរវាងមនុស្ស និងមនុស្ស តាមរយៈការភ្លេចពីតម្លៃជាក់ស្ដែង»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត។



 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

ធឿន បញ្ញាឬទិ្ធ