FFC ចែកភាគលាភថ្លៃលក់សំបុត្រ ២៥ភាគរយ ទៅក្រុមជម្រើសជាតិ ដើម្បីទប់ស្កាត់ការកំណត់លទ្ធផល
  • ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី ព្រឹក
FFC ចែកភាគលាភថ្លៃលក់សំបុត្រ ២៥ភាគរយ ទៅក្រុមជម្រើសជាតិ ដើម្បីទប់ស្កាត់ការកំណត់លទ្ធផល

វីរៈ ដារ៉ា អ្នកចាំទីក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា រកឃើញថាគ្មានជាប់ពាក់ព័ន្ធករណីកំណត់លទ្ធផលការប្រកួតឡើយ។ ដើម្បីចូលរួមទប់ស្កាត់ករណីនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចបែងចែក ភាគលាភដែលទទួលបានពីការលក់សំបុត្រការប្រកួតអន្តរជាតិ ចំនួន២៥ភាគរយទៅឱ្យក្រុមជម្រើសជាតិ។
TTN-Free-Banner-In-Article-PC


FFC នៅល្ងាចថ្ងៃទី៥ ខែមីនា បានចេញសេចក្តីប្រកាសបង្ហាញភាពស្អាតស្អំរបស់អ្នកចាំទី វីរៈ ដារ៉ា ជុំវិញការសង្ស័យថារូបគេបានកំណត់លទ្ធផលប្រកួត។ អ្នកចាំទីក្រុមព្រះខ័នរាជស្វាយរៀងរូបនេះ ស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរ ក្រោមបទសង្ស័យកំណត់លទ្ធផលប្រកួត អំឡុងក្រុមគោព្រៃកម្ពុជា ចាញ់ សិង្ហបុរី ក្នុងការប្រកួត ASEAN Championship (Mitsubishi Electric Cup) នៅកីឡដ្ឋានជាតិសិង្ហបុរី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤។ ការសង្ស័យនេះកើតឡើង បន្ទាប់ពី ដារ៉ា ភ្លាត់ស្នៀតនៅមុខទីពីរលើក រហូតធ្វើឱ្យរបូតគ្រាប់បាល់ដល់ទៅ២គ្រាប់។

«ក្រោយអាជ្ញាធរតាមដាន និងស៊ើបអង្កេតតាមសមត្ថកិច្ចជំនាញរួចរាល់ និងរួមផ្សំដោយ ការស្រាវជ្រាវរបស់គណៈកម្មការសុចរិតភាពរបស់ FFC ទៅតាមនីតិវិធីជាក់លាក់ ជាមួយអង្គភាពជំនាញក្រៅប្រទេសមួយចំនួនកន្លងមក បានបង្ហាញលទ្ធផលជា អវិជ្ជមានរួមគ្នា ថា កីឡាករ ជម្រើសជាតិ វីរៈ ដារ៉ា ពុំមានអ្វីពាក់ព័ន្ធការសង្ស័យទាំងអស់នោះទេ។ ផ្ទុយទៅវិញ កំហុសដែលកើតឡើង នាពេលនោះ ជាកំហុសបច្ចេកទេសដោយអចេតនាប៉ុណ្ណោះ»។ FFC សរសេរក្នុងសេចក្តីប្រកាសរបស់ខ្លួនដូច្នេះ និងបន្ថែមថា រាល់ករណីមន្ទិលសង្ស័យ ទាំងឡាយណាដែលកើតមានអំឡុងពេលដំណើរការការប្រកួត សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅតែបន្តស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីរក្សាបាននូវសុចរិតភាពនៅក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ 



ជាមួយគ្នានេះដែរ ដើម្បីចូលរួមទប់ស្កាត់បញ្ហាដូចខាងលើ FFC ដែលមានលោក សៅ សុខា ជាប្រធាន បានដាក់ចេញវិធានការមួយចំនួនដែលខ្លួនបានប្រកាសក្នុងមហាសន្និបាតលើកទី១៩ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ដោយបែងចែក ភាគលាភមួយចំនួនដែលបានមកពីការលក់សំបុត្រនៃការរៀបចំប្រកួតរបស់ក្រុមជម្រើសជាតិទៅឱ្យក្រុមកីឡាករជម្រើសជាតិ។

ការបែងចែកភាគលាភ ត្រូវបានចែកចេញជា៤ចំណែក បន្ទាប់ពីដកចំណាយលើប្រតិបត្តិការណ៍ និងពន្ធរួចរាល់ រួមមានទៅកាន់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ២៥ភាគរយ, សមាគមក្លិប (កីឡាករជាប់ក្នុងក្រុមជម្រើសជាតិ) ២៥ភាគរយ, ក្រុមជម្រើសជាតិ ២៥ភាគរយ និង សុខុមាលភាព ចំនួន ២៥ភាគរយ៕

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​