សៀមរាប៖ កំហឹងក្នុងវង់ផឹកស៊ី ធ្វើឱ្យយុវជនម្នាក់ លើកដៃសម្លាប់មនុស្ស
- ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:៣៥ នាទី រសៀល

ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅថ្ងៃទី០៥ ខែមីនា ក្រោយបានសម្លាប់បុរសវ័យ៥០ឆ្នាំម្នាក់។ រូបភាពពីទំព័រហ្វេសប៊ុក កងរាជអាវុធហត្ថ ខេត្តសៀមរាប៕
សៀមរាប៖ បុរសវ័យ៥០ឆ្នាំម្នាក់ បានស្លាប់ក្រោមកាំភ្លើងកែច្នៃរបស់ជនសង្ស័យវ័យ២០ឆ្នាំ នៅយប់ថ្ងៃទី០៤ ខែមីនា នៅខេត្តសៀមរាប។ បើតាមការអះអាង ពីកងរាជអាវុធហត្ថខេត្ត សៀមរាប ក្រោយកើតហេតុមួយថ្ងៃ សមត្ថកិច្ចចាប់បានជនសង្ស័យ និងកសាងសំណុំរឿងបញ្ចូនទៅតុលាការ។

បើតាមកងរាជអាវុធហត្ថខេត្តសៀមរាប ករណីឃាតកម្មនេះ បានកើតឡើងក្នុងមូលដ្ឋានភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ បើតាមសមត្ថកិច្ច ជនសង្ស័យបានយកកាំភ្លើងកែច្នៃ ប្រភេទកាំភ្លើងឆ្នុក បាញ់ទៅលើបុរសជនរងគ្រោះវ័យ៥០ឆ្នាំ ដែលត្រូវបានស្គាល់ថា ជាភ្នាក់ងារអភិរក្សប្រាសាទ នៃអាជ្ញាធរជាតិអប្សរា អំឡុងពេលពួកគេកំពុងអង្គុយជួបជុំផឹកស៊ី ផ្ទះបងប្អូន។
យោងតាមសម្ដីជនសង្ស័យ មូលហេតុដែលឈានដល់ការផ្ដាច់ជីវិតនេះ ដោយសារតែជម្លោះក្នុងវង់ស៊ីផឹក ជាមួយបុរសម្នាក់ទៀត ដោយបុរសនោះ បានវាយខ្លួនជាមួយនឹងកៅអី ធ្វើឱ្យខ្លួនកើតមានកំហឹង រួចទៅយកកាំភ្លើងពីផ្ទះមក។
ប៉ុន្តែការបាញ់ប្រហាររបស់ជនសង្ស័យរូបនេះ បានបាញ់ច្រឡំមនុស្ស ពោលគឺមិនបានបាញ់ទៅលើអ្នកវាយខ្លួនឡើយ បែរជាបាញ់ច្រឡំទៅលើជនរងគ្រោះវ័យ៥០ឆ្នាំទៅវិញ។
បានតាមការអះអាងរបស់កងរាជអាវុធហត្ថខេត្តសៀមរាប សមត្ថកិច្ចបានចាប់បានជ័យសង្ស័យ រួមនឹងវត្ថុតាង ដែលជាកាំភ្លើងច្នៃមួយដើម និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com