កម្ពុជា ចិន និងយូនីសេហ្វ ស្រាក់ដៃគ្នាជួយពង្រឹងការអប់រំ សុខភាព និងអនាម័យ ដល់កុមារងាយរងគ្រោះបំផុតនៅកម្ពុជា
- ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

(រាប់ពីឆ្វេងទៅស្តាំ) 1 លោក Wang Wenbinឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក វីល ផាកស៍ នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិន និងអង្គការយូនីសេហ្វ កំពុងចាប់ដៃគូគ្នាដើម្បីលើកកម្ពស់គុណភាពការអប់រំប្រកដោយបរិយាបន្ន សុខភាព អាហារូបត្ថម្ភ និងអនាម័យ សម្រាប់កុមារ ដែលងាយរងគ្រោះបំផុតនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរួមគ្នា របស់ យូនីសេហ្វ និងស្ថាប័នជំនួយប្រជាជនចិនសម្រាប់អនាគតរួមគ្នា(China Aid For Shared Future) ចេញផ្សាយថ្ងៃទី៥ ខែមីនា។

សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ការគាំទ្រនេះ មានគោលបំណងបំពេញចន្លោះ ខ្វះខាត នៃគុណភាព និងលទ្ធភាពក្នុងការទទួលសេវាកម្មសំខាន់ៗ សម្រាប់កុមារ ស្ត្រី និងគ្រួសារ រួមទាំងទារកទើបនឹងកើត ទារកមានពិការភាព កុមារដែលមានហានិភ័យកង្វះ អាហារូបត្ថម្ភ ជនជាតិភាគតិច និងគ្រួសារងាររងគ្រោះ នៅក្នុងតំបន់ដាច់ស្រយាល និងខ្វះខាតបំផុតមួយ ចំនួនក្នុងប្រទេសកម្ពុជា។
តាមរយៈគម្រោងនេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជឿជាក់ថា កុមារនៅក្នុងសហគមន៍ដែលងាយ រងគ្រោះបំផុតនៅកម្ពុជា អាចមានអារម្មណ៍កក់ក្តៅ និងទទួលបានការយកចិត្តទុកដាក់ពីប្រជាជនចិន។

លោក Wang Wenbinឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ រូបភាព៖ អង្គការយូនិសេហ្វ
កុមារគឺជា អនាគតរបស់ប្រទេស និងប្រជាជាតិ ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវគួររួមគ្នាថែទាំ ដល់ការលូតលាស់របស់កុមារឱ្យមានសុខភាពល្អ។ នេះជាការបន្ថែមរបស់ឯកអគ្គរដ្ឋទូត ចិន ដោយលោកបន្តថា ៖«កុមារគឺជាអ្នក ស្នងមរតកនៃមិត្តភាពប្រពៃណីរវាងសាធារណរដ្ឋ ប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា និងជាអ្នកបន្តវេននៃការអភិវឌ្ឍ ពិភពលោក។»។
បើតាម លោក Wang Wenbin រដ្ឋាភិបាលចិន មានឆន្ទៈធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិពាក់ព័ន្ធ ដើម្បីបន្តពង្រឹងការគាំទ្រសម្រាប់ការអប់រំ និងសុខភាពរបស់ កុមារ ក្នុងសហគមន៍ងាយរងគ្រោះបំផុតនៅកម្ពុជា ក្រោមមូលនិធិអភិវឌ្ឍន៍សកល និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ (South-South Cooperation) ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងចិន និងកម្ពុជា ក្នុងជីវភាពរស់នៅរបស់ប្រជាជន និងបន្តខិតខំ ដើម្បីសម្រេចឱ្យបាន នូវរបៀបវារៈឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ រួមនឹងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មានរួម កុមារកម្ពុជាជាច្រើន ជាពិសេសកុមារនៅតំបន់ដាច់ ស្រយាល បន្តប្រឈមមុខនឹងបញ្ហា ក្នុងការទទួលបានការអប់រំ និងការថែទាំសុខភាពប្រកប ដោយគុណភាព និងទឹកស្អាត។
ការវាយតម្លៃលទ្ធផលសិក្សាថ្នាក់ជាតិ សម្រាប់ថ្នាក់ទី៦ ក្នុងឆ្នាំ២០២១ បង្ហាញថា សិស្ស ៤៥ភាគរយ មានចំណេះដឹងផ្នែកភាសាខ្មែរ ក្រោមកម្រិតមូលដ្ឋាន ហើយសិស្ស ៣ នាក់ ក្នុងចំណោម ៤ នាក់ (៧៤ភាគរយ) មានចំណេះដឹងផ្នែកគណិតវិទ្យា ក្រោមកម្រិតមូលដ្ឋាន ។ កុមារ ១នាក់ ក្នុងចំណោម១០នាក់ ដែលមានអាយុក្រោម ៥ ឆ្នាំ នៅតែមានបញ្ហាស្គមស្គាំង ឬកង្វះអាហារូបត្ថម្ភស្រួចស្រាល់ ដែល អត្រានេះពុំមានការថយចុះទេក្នុងទសវត្សរ៍កន្លងទៅ។
ហើយទោះបីជាការទទួលបានសេវាទឹកស្អាត និងអនាម័យ (WASH) មានភាពប្រសើរឡើងក៏ដោយ មូលដ្ឋានព្យាបាល និងថែទាំសុខភាពមួយភាគបី មិនមានលទ្ធភាព ទទួលបាន សេវាលាងសម្អាតដៃជាមូលដ្ឋាន ហើយ ៧៨ភាគរយ មិនមានលទ្ធភាពទទួល បាន សេវាបង្គន់អនាម័យជាមូលដ្ឋានទេ។ លទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ កាន់តែរងការប៉ះពាល់ ដោយសារភាពងាយរងគ្រោះរបស់ប្រទេសកម្ពុជាចំពោះគ្រោះថ្នាក់ ទាក់ទងនឹងអាកាសធាតុ។ នេះបើតាមរបាយការណ៍ដដែល។
លោក វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា៖«នេះជាពេលវេលាដ៏ សំខាន់មួយសម្រាប់កុមារកម្ពុជា។ បើទោះបីជាយើងធ្វើឱ្យជីវិតរស់នៅ និងសុខុមាលភាព របស់កុមារប្រសើរឡើងក៏ដោយ ប៉ុន្តែបញ្ហាប្រឈមសកល ដែលកំពុងតែកើនឡើង កំពុងគំរាមកំហែង ដល់អនាគតរបស់ពួកគេ។ ជាពិសេស កុមារងាយរងគ្រោះបំផុត កំពុង ប្រឈមនឹងហានិភ័យដែលត្រូវបានគេមិនយកចិត្តទុកដាក់ ទាំងនៅសាលារៀន នៅផ្ទះ និងក្នុងសហគមន៍របស់ពួកគេ។»។

លោក វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា។ រូបភាព៖ អង្គការយូនីសេហ្វ
នាយកយូនីសេហ្វប្រចាំកម្ពុជា ចាត់ទុក ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការធ្វើការរួមគ្នាជាមួយយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ថា ជាការការពារកុមារដែលត្រូវការជំនួយច្រើនបំផុត។ លោក វីល ផាកស៍ បន្ថែមដូច្នេះ៖ «ដោយរួមជាមួយគ្នា យើងអាចធានាបានថា កុមារគ្រប់រូបមិនថាមានប្រវត្តិ ឬកាលៈទេសៈយ៉ាងណា អាចសម្រេចបាននូវសិទ្ធិរបស់ ពួកគេក្នុងការរៀនសូត្រ ការលូតលាស់ និងអភិវឌ្ឍឱ្យពេញសក្តានុពលរបស់ពួកគេ។»។
នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោង«គំនិតផ្តួចផ្តើមដើម្បីពង្រឹងការអប់រំ សុខភាព និងអនាម័យ ដល់កុមារងាយរងគ្រោះបំផុតនៅកម្ពុជា» កាលពីថ្ងៃទី៥ ខែមីនា លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការគាំពារសង្គម ប្រកបដោយសមធម៌ និងស្មើសិទ្ធដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ សំដៅរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារ ទទួលបាននូវសេវាសុខាភិបាលពេញលេញ ប្រកបដោយគុណភាព ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើង។

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ រូបភាព៖ ហ្វេសប៊ុកក្រសួងសុខាភិបាល
លោករដ្ឋមន្ត្រី ឈាង រ៉ា បន្ថែមថា ការលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារគ្រប់រូបនៅកម្ពុជា គឺមានសារៈសំខាន់ណាស់ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សុខុមាលភាព និងភាពធន់របស់សង្គម និងការពង្រឹងអភិបាលកិច្ចល្អ ប្រកបដោយបរិយាបន្ន និងចីរភាព។
ភាពជាដៃគូនេះ មានគោលបំណងលើកកម្ពស់អក្ខរកម្មមូលដ្ឋាន និងជំនាញលេខសម្រាប់សិស្សានុសិស្សវ័យក្មេងៗនៅក្នុងប្រទេស។ គម្រោងនេះ នឹងផ្តល់ការផ្គត់ផ្គង់ សម្ភារ និង ចំណេះដឹងដល់គ្រូបង្រៀន ១០ ០០០នាក់ និងសិស្ស ៨០ ០០០ នាក់ នៅ ក្នុងសាលា មត្តេយ្យសិក្សា និងបឋមសិក្សា រួមទាំងកុមារមានពិការភាព ចំនួន ៦០០នាក់ ដើម្បីធ្វើឲ្យការ សិក្សាកម្រិតបឋមសិក្សា និងការរៀនសូត្រប្រកបដោយបរិយាបន្ន មានភាពប្រសើរឡើង។
ដើម្បីលើកកម្ពស់ការផ្តល់អាហារដល់ទារក និងកុមារតូច ការត្រួតពិនិត្យការលូតលាស់ និងការរកឃើញថាកុមារដែលមានបញ្ហាស្គមស្គាំង ជំនួយពីប្រជាជនចិន ក៏នឹងពង្រឹង សមត្ថភាពបុគ្គលិកសុខាភិបាលចំនួន ៦០០ នាក់ នៅទូទាំងមណ្ឌលសុខភាពចំនួន ២០០ កន្លែង និងសមាជិកក្រុមគាំទ្រសុខភាពភូមិចំនួន ៨០០ នាក់ ដើម្បីផ្តល់សេវាសុខភាព និងអាហារូបត្ថម្ភប្រកបដោយគុណភាព។
ការគាំទ្រនេះ ក៏នឹងជួយបុគ្គលិក សុខាភិបាល និងគ្រូបង្រៀនចាប់យកឥរិយាបថថែទាំ មាន សុខភាពល្អ និងតាមដានការលូតលាស់របស់កុមារ ដែលមានសារៈ សំខាន់ក្នុងការកាត់ បន្ថយហានិភ័យ នៃកង្វះអាហារូបត្ថម្ភរបស់កុមារអាយុក្រោម ៥ឆ្នាំ ចំនួន ៦៥ ០០០នាក់ សិស្សានុសិស្ស ៣០ ០០០នាក់។
លើសពីនេះទៀត ដើម្បីដោះស្រាយគម្លាតជាបន្ទាន់ ក្នុងការទទួលបានសេវាទឹកស្អាត និង អនាម័យ (WASH) សម្ភារអនាម័យចាំបាច់ សម្រាប់ការសម្អាតដៃ នឹងត្រូវបានផ្តល់ជូនដល់ គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះ ដោយគ្រោះមហន្តរាយ ដែលហានិភ័យ នៃការ ចម្លងរោគ និងការរីករាលដាលនៃជំងឺមានកម្រិតខ្ពស់។ សម្ភារអនាម័យសម្អាតដៃក៏ នឹងត្រូវ ផ្តល់ជូនរួមជាមួយនឹងសម្ភារសិក្សា និងបង្រៀនផ្សេងទៀត ដល់មត្តេយ្យសិក្សាសហគមន៍ ជាង ៣ ០០០ទីតាំង ដែលផ្តល់ប្រយោជន៍ដល់កុមារប្រមាណ ៦០ ០០០នាក់ នៅក្នុងប្រទេស។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅក្នុងឆ្នាំ២០២៤ សេវាសុខាភិបាលរដ្ឋទាំងអស់នៅទូទាំងប្រទេស បានទទួលពិនិត្យជំងឺក្រៅ ករណីថ្មីលើកុមារអាយុក្រោម៥ឆ្នាំ ចំនួន ២ ៥៩៤ ៣៨៩ករណី ក្នុងនោះមាន ជាង១១ម៉ឺនករណី ត្រូវបានរកឃើញថា មានបញ្ហាកង្វះអាហារូបត្ថម្ភ។ កុមារអាយុក្រោម ៥ឆ្នាំ ដែលបានសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលរបស់រដ្ឋ មានចំនួន ២៥៩ ១៥២នាក់ ក្នុងនោះកុមារ ១ ៣០១នាក់ បានទទួលមរណភាព។ នេះបើតាមក្រសួងសុខាភិបាល៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: