ក្រសួងវប្បធម៌ ពន្យល់ថា ការបូជាព្រះសិវលិង្គក្នុងមង្គលការ ជាការប្រាសចាកប្រពៃណីទំនៀមទម្លាប់ខ្មែរ
  • ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
ក្រសួងវប្បធម៌ ពន្យល់ថា ការបូជាព្រះសិវលិង្គក្នុងមង្គលការ ជាការប្រាសចាកប្រពៃណីទំនៀមទម្លាប់ខ្មែរ

ភ្នំពេញ៖ គ្មានភស្តុតាងប្រវត្តិសាស្រ្តណា ដែលបង្ហាញពីការបូជាព្រះសិវលិង្គ ក្នុងពិធីអាពាហ៍ពិពាហ៍ឡើយ។ នេះជាការពន្យល់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៦ មីនា ដើម្បីឆ្លើយតបទៅនឹងពិធីអាពាហ៍ពិពាហ៍មួយ ដែលបានយកព្រះសិវលិង្គ មកធ្វើពិធីបូជាក្នុងមង្គលនោះ។
TTN-Free-Banner-In-Article-PC


ក្រសួងវប្បធម៌ បានសង្កត់ធ្ងន់ថា ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីសំខាន់មួយ សម្រាប់ព្រះមហាក្សត្រនាសម័យបុរាណប៉ុណ្ណោះ។ បើតាមក្រសួងដដែល ជាទូទៅគេធ្វើពិធីបូជាព្រះសិវលិង្គ នៅក្នុងតួប៉ម នាចំណុចកណ្ដាលនៃប្រាសាទ ដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀត ដែលមានជំនឿលើព្រះឥសូរ។ 

«ក្នុងបរិបទព្រហ្មញ្ញសាសនាព្រាហ្មណ៍ ដែលមានឋានៈខ្ពង់ខ្ពស់ ជាអ្នករៀបចំកិច្ចពិធីនេះ ដោយគេធ្វើក្នុងន័យគោរពបូជាថ្វាយព្រះសិវលិង្គ ដើម្បីភ្ជាប់ខ្លួនទៅនឹងទេព ជម្រះមន្ទិល ប្រាថ្នាទទួលបាននូវថាមពល និងសេចក្តីចម្រើនពីព្រះសូរ»។ នេះជាការបញ្ជាក់របស់ក្រសួងវប្បធម៌។

ដោយឡែកការបូជាព្រះសិវលិង្គ នៅក្នុងពិធីអាពាហ៍ពិពាហ៍នេះ គឺជាការប្រាសចាកប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ក្រសួងវប្បធម៌ បានបញ្ជាក់ថា ពិធីអាពាហ៍ពិពាហ៍នេះ ជាពិធីមង្គលមួយ ដែលមានកិច្ចច្រើន ហើយកិច្ចខ្លះទៀត អាចទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនា តួយ៉ាងដូចជា ពិធីបង្វិលពពិលជាដើម។ ពិធីពពិលនេះ ទំនងជានិមិត្តរូបនៃព្រះឥសូរ និងនាងឧមា។ បើតាមក្រសួងវប្បធម៌ អ្នកស្រុកភាគច្រើនយកទៀន តំណាងជាលិង្គព្រះឥសូរ និងយកស្លឹកម្លូ ឬសន្លឹកពពិលជាយោនីនាងឧមា ដែលប្រារព្ធឡើង ក្នុងគោលបំណងឱ្យគូស្វាមីភរិយាថ្មី កើតកាលវាលគុម្ព និងមានសេចក្តីសុខចម្រើន។

ក្រសួងវប្បធម៌ បានបញ្ជាក់ដូច្នេះ៖«កិច្ចពិធីបូជា ព្រះសិវលិង្គនេះ ពុំមានភស្តុតាងណាមួយនៃប្រវត្តិសាស្រ្ត ដែលជាកិច្ចក្នុងពិធីអាពាហ៍ពិពាហ៍នៅក្នុងប្រទេសកម្ពុជា ហើយពិធីនេះ មិននាំមកសិរិមង្គលដល់គូស្វាមីភរិយាថ្មីឡើយ»។

ដូច្នេះសាធារណជន លោកអាចារ្យរៀបចំពិធីមង្គលការ និងម្ចាស់សំអាងការ សូមកុំបន្តយកកិច្ចពិធីនេះ មកប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍បន្តទៀត ដើម្បីចៀសវាងអនុវត្តខុស ប្រាសចាកប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ក្រសួងវប្បធម៌ បន្ថែម៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ