កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នៅថ្ងៃទី៨ មីនា
- ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:០៨ នាទី យប់

រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ សហព័ន្ធប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើក៧៥ឆ្នាំ នៃការបង្កើតទំនាកទំនងការទូតកម្ពុជា-ថៃ។ ព្រឹត្តិការណ៍កីឡាបាល់ទាត់នេះ នឹងប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ មីនា រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យសហព័ន្ធប្រដាល់គុនខ្មែរ និងក្រសួងពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើក៧៥ ឆ្នាំ នៃការបង្កើតទំនាកទំនងការទូតកម្ពុជា-ថៃ។ កម្មវិធីនេះ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន តំណាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
ជាមួយគ្នានេះ នៅក្នុងព្រឹត្តិការណ៍នេះ អាជ្ញាធរ នឹងរៀបចំពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសុវត្ថិភាព ជាពិសេសសម្រួលចរាចរណ៍ជាបណ្ដោះអាស្នននៅជុំវិញតំបន់ពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង១ថ្ងៃត្រង់ រហូតដល់ចប់កម្មវិធី ដើម្បីធានាឱ្យកម្មវិធីប្រព្រឹត្តទៅយ៉ាងរលូន។ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធផ្សព្វផ្សាយដល់សាធារណជនឱ្យកាន់តែទូលំទូលាយ និងអនុវត្តប្រកបដោយប្រសិទ្ធិភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com