ឈ្នះ ៦-២ តែគ្រូស្វាយរៀងមិនពេញចិត្ត ខណៈគ្រូ Shan United មិនរំពឹងឈ្នះនៅជើងទី២
  • ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៩ នាទី រសៀល
ឈ្នះ ៦-២ តែគ្រូស្វាយរៀងមិនពេញចិត្ត ខណៈគ្រូ Shan United មិនរំពឹងឈ្នះនៅជើងទី២

ព្រះខ័នរាជស្វាយរៀង ឈ្នះ Shan United FC ៦-២ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ AFC Challenge League នៅថ្ងៃទី៦ ខែមីនា។ រកបានដល់ទៅ៦គ្រាប់ និងរបូត២គ្រាប់ប៉ុណ្ណោះ ប៉ុន្តែគ្រូបង្វឹកស្វាយរៀងលោក Jose Munoz នៅតែមិនពេញចិត្ត។​ លោក Ono Hiroki គ្រូ Shan United មិនរំពឹងក្រុមខ្លួនអាចវាយបកឈ្នះស្វាយរៀងនៅជំនួបជើងទី២ ក្នុងទឹកដីខ្លួនឡើយ។
TTN-Free-Banner-In-Article-PC


ក្រោមក្រសែភ្នែកអ្នកគាំទ្រ ១៦ ២៧១នាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខ្សែប្រយុទ្ធ Cristian Roque រកបាន៣គ្រាប់ម្នាក់ឯក hat-trick នៅនាទី១៧, ៣១ និង ៥៩ ដោយក្រុមចំណោមនេះ ស៊ុតបាល់ពិន័យ១១ម៉ែត្រពីរគ្រាប់។ Ryo Fujii ធ្វើបាននៅនាទី៥៤ មុន​ Zwe Khant ធ្វើឱ្យបាល់ចូលទីខ្លួនឯកនៅនាទី៦៤។ មិន រតនៈ សម្រេចគ្រាប់ទី៦ គោព្រៃកម្ពុជា។ ២គ្រាប់របស់ក្រុមភ្ញៀវ Shan United ធ្វើបានដោយ សារ៉េត គ្រីយ៉ា (ចូលទីខ្លួនឯង) នាទី៣៨ និង Efrain Rintaro នៅនាទី៨៨។

ទោះទទួលបានលទ្ធផលជ័យជម្នះដល់ទៅ ៦-២ នៅជើងទី១ ប៉ុន្តែគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Jose Munoz នៅតែមិនសប្បាយចិត្ត ដ្បិតកូនក្រុមមិនទាន់ធ្វើបានអ្វីដែលខ្លួនចង់បានតាមគ្រោងការ។



នៅសន្និសីទក្រោយចប់ការប្រកួតគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញប្រាប់អ្នកសារព័ត៌មានថា៖«ខ្ញុំមិនទាន់ពេញចិត្តនឹងទម្រង់ប្រកួតនេះនៅឡើយទេ ទាំងការប៉ះបាល់ និងធ្វើឱ្យរបូត២គ្រាប់ជាដើម។ ត្រឡប់ទៅជួប Shan United ជើងទី២នៅទឹកដីមីយ៉ាន់ម៉ា ស្វាយរៀងនឹងធ្វើការធ្ងន់ មិនងាយស្រួលដូចជើងទី១ឡើយ»។ 

បើទោះមិនសូវពេញចិត្តទម្រង់ប្រកួតរបស់កូនក្រុម ប៉ុន្តែគ្រូព្រះខ័នរាជស្វាយរៀង នៅតែមានការជឿជាក់ថាកូនក្រុមនឹងទទួលបានជ័យជម្នះនៅជើងទី២។



ដោយឡែក លោក Ono Hiroki គ្រូបង្វឹក ក្រុម Shan United បានទទួលស្គាល់ពីភាពខ្លាំងរបស់ព្រះខ័នរាជស្វាយរៀង ទាំងគុណភាពកីឡាករខ្មែរ និងបរទេស ជាពិសេសបច្ចេកទេសដឹកនាំរបស់លោក Jose Munoz។ គ្រូសញ្ជាតិជប៉ុន ក៏បានលើកឡើងពីបញ្ហាស្មៅវែងក្នុងទីលានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបង្កផលវិបានដល់កីឡាករខ្លួន។

«ស្មៅក្នុងទីលានពហុកីឡដ្ឋានជាតិមរតកតេជោ វែងពេក ធ្វើឱ្យកីឡាករ ប្រើកម្លាំងខ្លាំងនៅពេលបញ្ចូនបាល់»។ នេះជាការលើកឡើងរបស់លោក Ono Hiroki មុនបន្ថែមថា នៅជំនួបជើងទី២ ក្រុមរបស់ខ្លួនពិបាកនឹងយកឈ្នះក្រុមព្រះខ័នស្វាយរៀង។



ជំនួបជើងទី២ វគ្គ៨ក្រុម AFC Challenge League រវាង Shan United និង ព្រះខ័នស្វាយរៀង នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា។
លទ្ធផលគូផ្សេងទៀតនៅជំនួបជើងទី១៖

- Al-Arabi ១-០ Al-Seeb
- Tainan City ០-០ Madura United
- East Bengal ០-១ Arkadag៕

អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​