ខេត្តកំពង់ចាមបង្កើន​ការ​គ្រប់គ្រង​ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួ និងអាងទឹក
  • ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
ខេត្តកំពង់ចាមបង្កើន​ការ​គ្រប់គ្រង​ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួ និងអាងទឹក

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ចេញសេចក្តីសម្រេច​ស្តីពីការ​បង្កើតគណៈ​កម្មាធិការ​គ្រប់គ្រង​អាងទន្លេ ស្ទឹង ព្រែក​ អូរ ប្រឡាយ បឹងបួ និងអាងទឹក​នៅក្នុងខេត្ត ដោយ​លោកដឹកនាំ​ដោយផ្ទាល់ រួមជាមួយ​លោកអភិបាលរងខេត្ត ហេង វណ្ណនី ដែលជាអនុប្រធាន និង​លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្ត ជាអនុប្រធាន​អចិន្ត្រៃយ៍។
TTN-Free-Banner-In-Article-PC


តាមសេចក្តី​សម្រេច​ដែលចុះហត្ថលេខា កាលពីថ្ងៃទី​៤ ខែមីនា គណៈកម្មការគ្រប់គ្រង​អាងទន្លេ ស្ទឹង ព្រែក​ អូរ ប្រឡាយ បឹងបួ និងអាងទឹក មានតួនាទី និងភារកិច្ចរៀបចំបទបញ្ជាផ្ទៃក្នុង និងផែនការសកម្មភាពសម្រាប់ការគ្រប់គ្រង ការអភិរក្ស ការបែងចែកទឹក ការស្តារឡើងវិញ និងការអភិវឌ្ឍ ទីតាំងទាំងនោះស្របតាមគោលនយោបាយជាតិលើវិស័យធនធានទឹក។

បញ្ជូន​រាល់ផែនការ​ទៅគណៈកម្មាធិការជាតិ​គ្រប់គ្រង​អាងទន្លេ សម្របសម្រួល​រាល់​សកម្ម​ភាព​របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្ត​ណែនាំអំពីវិធានការនានាដើម្បី​កាត់បន្ថយ​គ្រោះអាសន្ន​ ក៏ដូចជា​ទប់ស្កាត់​សកម្មភាព​នានាដែល​បំពុល​បរិស្ថានទឹក។ ទាំង​នេះ ជាភារកិច្ច​ដ៏ចាំបាច់​របស់គណៈកម្មការ។

ជាមួយគ្នានេះ ក្រៅពី​ពង្រឹងការណែនាំ​ និងជូនដំណឹងដល់ពលរដ្ឋ​រស់នៅតាមមាត់ទន្លេឱ្យទាន់ពេល​វេលា​អំពីគ្រោះថ្នាក់​បណ្តាលមក​ពីទឹក លោកអភិបាលខេត្ត អ៊ុន ចាន់ដា ក៏បាន​ចែង​អំពី​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ជន​ណាដែល​រំលោភបំពានទន្ទ្រាន​កាន់កាប់​ដីចំណីទន្លេ ដីចំណីស្ទឹង ដីចំណីព្រែក ដីចំណីអូរ ដីចំណីប្រឡាយ ដីចំណីបឹងបួ និងដីចំណី​អាងទឹកទាំងអស់​ក្នុងខេត្តផងដែរ។

គណៈកម្មការថ្នាក់ខេត្តនេះ មាន​សមាជិកដែល​ជា​សមាសភាព​ដឹកនាំក្នុងខេត្តទាំងមូល រួមមាន ស្នងការខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត, នាយករដ្ឋបាលខេត្ត, ប្រធានមន្ទីរសេដ្ឋកិច្ច, ប្រធានមន្ទីរកសិកម្ម, ប្រធានមន្ទីរ​បរិស្ថាន,​ប្រធានមន្ទីរសាធារណការ, ប្រធានមន្ទីរឧស្សាហកម្ម, ប្រធានមន្ទីររ៉ែ, ប្រធានមន្ទីរអភិវឌ្ឍន៍ជន​បទ, ប្រធានមន្ទីរទេសចណ៍, ប្រធានមន្ទីររៀបចំដែនដី, ប្រធានមន្ទីរផែនការ, នាយករងរដ្ឋបាលខេត្ត, បណ្តាអភិបាលក្រុង-ស្រុក និង​បណ្តាមេឃុំ-ចៅសង្កាត់។

ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា ក៏បាន​បង្កើតឱ្យមាន​លេខាធិការដ្ឋាន​មួយ​ដើម្បីធានាដល់កិច្ច​ដំណើរការ​គណៈកម្មការឱ្យមាន​ប្រសិទ្ធភាពផងដែរ។ លោក ហេង វណ្ណនី អភិបាលរងខេត្ត ទទួលបន្ទុកជា​ប្រធាន ដោយមាន​លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និង​លោក ជា សីលា នាយករងរដ្ឋបាលខេត្ត ជាអនុប្រធាន៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម